អង្គការវាយសម្លាប់ឪពុក និងប្អូននៅចំពោះមុខ

ខ្ញុំឆ្អែតចិត្តណាស់ និងខឹងកងឈ្លបដែលបានយកដើមសង្កែវាយសម្លាប់ឪពុក និងប្អូនរបស់ខ្ញុំពីរនាក់នៅចំពោះមុខ។ ដើម្បីបានរស់រានមានជីវិត ឪពុករបស់ខ្ញុំខិតខំធ្វើបង្គីរាល់ថ្ងៃ ហូបអាហារមិនបានគ្រប់គ្រាន់ និងមិនដែលហ៊ានត្អូញត្អែរ ឬប្រឆាំងតវ៉ាទាល់តែសោះពេញមួយរបបខ្មែរក្រហម ប៉ុន្តែនៅគ្រាចុងក្រោយគាត់នៅតែបាត់បង់ជីវិត ដោយសារការរៀបចំសែនព្រេនឲ្យកូនស្រី។
ម៉ក ស្រ៊ន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ស្រ៊ន ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវបន្តិចបន្តួច ហើយប្រសិនបើមានអ្នកត្អូញត្អែរ ឬប្រឆាំងអង្គការគឺត្រូវចាប់យកទៅសម្លាប់។ ដើម្បីបានរស់រានមានជីវិត ឪពុករបស់ស៊្រន ត្រូវចូលទៅក្នុងក្រុមសិប្បកម្ម ដើម្បីធ្វើបង្គី និងសម្ភារប្រើប្រាស់ដាក់ក្នុងសហករណ៍រួម ហើយស៊្រន ត្រូវខំធ្វើការងាររែកដីធ្ងន់ ដើម្បីជីកព្រែក លើកទំនប់ រហូតទាល់តែសម្រាលកូនរួច ទើបអាចធ្វើជាអ្នករែកអាហារឲ្យយុវជនកងចល័យមួយរយៈពេលខ្លី។
ប៉ុន្តែអ្វីដែលធ្វើឲ្យ ស៊្រន សោកស្ដាយជាទីបំផុត ចំពោះការអត់ទ្រាំរបស់គ្រួសារគាត់ ដើម្បីបានរស់រានមានជីវិត គឺនៅពេលចុងក្រោយបំផុត អង្គការបានសម្លាប់ប្អូនរបស់គាត់ និងឪពុក នៅចំពោះមុខគាត់តែម្ដង។ ការបាត់បង់នេះបានធ្វើឲ្យ ស្រ៊ន ចង់ចាំអស់មួយជីវិត។ ខាងក្រោមនេះគឺជាការឈឺចាប់ដែលដក់នៅជាប់ក្នុងចិត្តរបស់ស៊្រន់៖
នៅដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេលចលាចលនៅក្នុងភូមិ ហើយកម្មាភិបាលខ្មែរក្រហមបានរត់ភៀសខ្លួនចេញពីភូមិ មានអ្នកនៅក្នុងភូមិជាមួយគ្នាបានមកពិភាក្សាជាមួយឪពុកម្ដាយ និងស្រ៊ន ដើម្បីស្ដីដណ្ដឹងប្អូនស្រីរបស់គាត់។ នៅពេលជួបគ្នានោះ ស្រ៊ន បាននិយាយពាក្យស្លោកមួយឃ្លាថា ទូកទៅកំពង់នៅ និងបានឃាត់ឪពុកទាំងសងខាងកុំឲ្យរៀបចំសែនព្រេននៅពេលនេះ ព្រោះស្ថានភាពប្រទេសនៅមានសង្គ្រាម ហើយរបបខ្មែរក្រហមមិនទាន់ដួលរលំទាំងស្រុង។ ប៉ុន្តែដោយសារឪពុកទាំងសងខាងមិនជឿជាមួយសម្ដីរបស់ស្រ៊ន ទើបបានរៀបចំផ្កាស្លា និងសែនព្រេនឲ្យកូនទាំងពីរ។
នៅយប់នោះ មានកងឈ្លបពីរនាក់ស្ពាយកាំភ្លើងម្នាក់មួយដើមមកផ្ទះរបស់ស្រ៊ន ប៉ុន្តែមិនបាននិយាយអ្វីទាំងអស់គឺគ្រាន់តែញញឹមធម្មតាដាក់គ្រួសារគាត់ធម្មតា រួចត្រលប់ទៅវិញ។ បន្តិចក្រោយមក ឈ្លបទាំងពីរបាននាំប្រធានកងរបស់ខ្លួន និងសមាជិកក្រុមកងឈ្លបប្រមាណ ៥ ទៅ៦នាក់ ដែលកាន់ដើមដោះសង្កែគ្រប់ដៃ និងមានកាំភ្លើងមួយដើម មកហៅប្អូនរបស់ស្រ៊ន ទៅវាយសម្លាប់ម្ដងម្នាក់នៅលើថ្នល់។ មុនដំបូងកងឈ្លបបានហៅប្អូនថ្លៃដែលមានអាយុជាង២០ឆ្នាំ ដែលទើបតែសែនរួចទៅវាយសម្លាប់ បន្ទាប់មកបានហៅប្អូនស្រីបង្កើតរបស់ស្រ៊នដែលមានអាយុប្រមាណ២០ឆ្នាំទៅបន្តទៀត និងចុងក្រោយឪពុករបស់ស្រ៊ន ដែលមានអាយុជាង៦០ឆ្នាំ។ ក្នុងចំណោមកងឈ្លបទាំងអស់ ស៊្រន បានស្គាល់ឈ្មោះ៤នាក់គឺ យុន, យិន, ក្រឹម និងឆាញ និងមួយចំនួនទៀតគឺជាអ្នកភូមិក្បែរនោះ។
នៅពេលឃើញដូច្នេះ ស្រ៊ន និងប្អូនឈ្មោះស្រួយ មានការស្រឡាំងកាំង និងភាំងស្លុតស្មារតីមួយកន្លែងរហូតដល់ភ្លេចយំ ហើយអង្គការបានបន្តចាប់ប្ដីរបស់ស្រ៊ន ចងស្លាបសេករួចយកទៅដាក់កណ្ដាលថ្នល់ម្នាក់ទៀតដើម្បីសួរចម្លើយ ប៉ុន្តែដោយសារតែប្ដីរបស់ស្រ៊ន មិនបានដឹងរឿង ព្រោះគាត់ទើបតែមកពីអូសអួននៅស្លែង តាមការចាត់ទាំងរបស់អង្គការ ទើបបានរួចខ្លួន។ នៅពេលដែលចងប្ដី ស៊្រន និងប្អូនឈ្មោះ ស្រួយ បាននិយាយទៅកាន់កងឈ្លបឲ្យវាយសម្លាប់ខ្លួនបន្តទៀត ព្រមជាមួយការឱក្បាលឲ្យអង្គការវាយសម្លាប់បន្ត។ ប៉ុន្តែកងឈ្លបមិនបានវាយ ស្រ៊ន និងប្អូននោះទេ គឺគ្រាន់តែបញ្ជាឲ្យគាត់ធ្វើការជីករណ្ដៅ រួចអូសសាកសពចេញពីថ្នល់ទាំងអស់យកទៅកប់ ហើយប្រសិនបើឃើញសាកសពនៅពេញផ្លូវទៀតគឺត្រូវវាយសម្លាប់បន្តទៀត។
នៅពេលឮដូច្នេះ ស្រ៊ន បានរត់ទៅរកសាច់ញាតិមួយចំនួនឈ្មោះ តាឡុញ, តាយិន, ធំ(ឪពុកមារ)ហាយ និងធំស៊ន ដែលរស់នៅផ្ទះក្បែរនោះ រួចលើកដៃសំពះសុំឲ្យគាត់ទៅកាប់ឫស្សី៣ដើមយកទៅធ្វើចន្ទាសដាក់សាកសពទៅកប់នៅព្រៃខ្មោច។ នៅពេលលើកសាកសព ស្រ៊ន សង្ស័យថាប្អូនស្រីរបស់គាត់មិនទាន់ស្លាប់នោះទេ ប៉ុន្តែដោយសារខ្លាចកងឈ្លបនៅទីនោះទើបត្រូវកប់ប្អូនក្នុងពេលនោះ។ នៅពេលកប់រួច ស៊្រន និងស្រួយ បានទៅលួចយំនៅក្នុងផ្ទះមិនឲ្យអង្គការឃើញ។
ស៊្រន បានបន្តថា ក្នុងអំឡុងពេលនោះ អង្គការសម្លាប់អ្នកនៅក្នុងភូមិច្រើនណាស់ ប៉ុន្តែមានប្រជាជនមួយចំនួនបានដឹងខ្លួនជាមុន ទើបរត់គេចខ្លួនបាត់ ហើយអ្នកខ្លះទៀត ដែលមានសំណាង គឺមានត្រឹមរបួសធ្ងន់ និងអាចនៅរស់រានមានជីវិត។ មិនយូរប៉ុន្មាន ប្រជាជន និងកម្មាភិបាលខ្មែរក្រហមទាំងអស់បានរត់ចេញពីភូមិទៅទិសខាងលិច រហូតដល់ស្ថានការស្ងប់ស្ងាត់ទើបនាំគ្នារត់ត្រលប់ចូលភូមិវិញ។ ចំពោះកងឈ្លបមួយចំនួនដែលវាយសម្លាប់សមាជិកគ្រួសារស្រ៊ន ត្រូវបានប្រជាជនចាប់បាននៅខេត្តពោធិ៍សាត់ ហើយនាំគ្នាវាយសងសឹកនៅទីនោះ ដោយក្នុងចំណោមអ្នកវាយទាំងអស់មានប្អូនរបស់ស្រ៊នម្នាក់ដែរ។ នៅពេលផ្ដល់បទសម្ភាសន៍ ស្រ៊ន មិនបានបង្ហាញការខឹងសម្បារ ឬតូចចិត្តចំពោះបងប្អូនរបស់គាត់ដែលសំងំលាក់ខ្លួននៅលើផ្ទះក្បែរនោះ ហើយមិនចុះមកជួយគ្រួសារគាត់ដែរ ពីព្រោះស្រ៊ន ដឹងថាអ្នកទាំងអស់គ្នាសុទ្ធតែខ្លាចស្លាប់។
[1] កិច្ចសម្ភាសន៍ជាមួយ ម៉ក ស្រ៊ន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយស្រឿន ធារ៉ា នៅក្នុងគម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
អត្ថបទដោយ៖ ភា រស្មី

