ការតស៊ូរស់នៅឆ្លងកាត់របបខ្មែរក្រហម

(ក្រចេះ)៖ កុយ សុត អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអូរអណ្តូង ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយមក សុត បានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ស្ថានភាពសុខភាពសព្វថ្ងៃ សុត មានជំងឺលើសឈាម, ខ្សោយកម្លាំង និងមានអាការវិលមុខជាប្រចាំ។
នៅក្នុងរបបខ្មែរក្រហម សុត ត្រូវបានអង្គការបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរជាទីបំផុត។ ជារៀងរាល់ថ្ងៃ សុត ត្រូវចេញទៅធ្វើការតាំងពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាកគ្រប់គ្រាន់។ ការងារទាំងអស់នោះរួមមានការជីកប្រឡាយ, លើកទំនប់, កាប់ព្រៃ និងធ្វើស្រែចម្ការតាមការចាត់តាំងរបស់អង្គការ។ ទោះបីជាត្រូវធ្វើការធ្ងន់យ៉ាងណាក្តី ការហូបចុកពុំមានគ្រប់គ្រាន់សោះឡើយ។ របបអាហារមានត្រឹមតែបបររាវៗលាយជាមួយដើមចេក ទងត្រកួន មិនអាចបំពេញកម្លាំងពលកម្មបានទេ។ ការខ្វះខាតអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនេះបានធ្វើឱ្យ សុត ស្គាំងស្គម ធ្លាក់ខ្លួនឈឺជាទម្ងន់។ ពេលមានជំងឺ គ្មានថ្នាំសង្កូវព្យាបាលត្រឹមត្រូវទេ ប្រើតែថ្នាំឫសឈើគ្មានប្រសិទ្ធភាព។
ការស្វែងរកចំណីអាហារក្រៅហូបបន្ថែមត្រូវលួចលាក់បំផុត បើឈ្លបចាប់បានត្រូវប្រឈមមុខការដាក់ទោសកំហុសយ៉ាងធ្ងន់ធ្ងរបំផុត។ ជនរងគ្រោះជាច្រើនត្រូវស្លាប់បាត់បង់ជីវិតព្រោះភាពអត់ឃ្លាន ជំងឺ និងការធ្វើទារុណកម្ម។ ក្នុងកាលៈទេសៈនោះ សុត ប្រឹងប្រែងតស៊ូជំនះរាល់ឧបសគ្គទាំងអស់។ រាល់យប់ សុត សម្រាកមិនបានគ្រប់គ្រាន់ទេ ព្រោះត្រូវក្រោកពីព្រលឹមរៀបចំខ្លួនទៅកន្លែងការងារតាមការកំណត់របស់អង្គការ។ ក្នុងពេលនោះ សម្លៀកបំពាក់របស់ សុត គឺមានតែមួយកំប្លេប៉ុណ្ណោះ រហែកប្រឡាក់ភក់ជ្រាំ ហើយគ្មានសាប៊ូបោកគក់នោះទេ។
នៅក្នុងរបបខ្មែរក្រហម អង្គការបានបំបែកសមាជិកគ្រួសាររបស់ សុត ឱ្យទៅរស់នៅទីតាំងផ្សេងៗពីគ្នា។ ការព្រាត់ប្រាស់នេះនាំមកនូវក្តីនឹករឮកជាខ្លាំង។ ក្រោយមក សមាជិកគ្រួសាររបស់គាត់មួយចំនួន ត្រូវអង្គការយកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃ។ ការបាត់បង់មនុស្សជាទីស្រលាញ់គឺជាគំនាបផ្លូវចិត្តមិនអាចបំភ្លេចបាន។ សុត តែងតែរស់នៅក្នុងភាពភ័យខ្លាច តក់ស្លុត ព្រោះការកាប់សម្លាប់អាចកើតឡើងគ្រប់វិនាទី។ រាល់សកម្មភាពត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់អ្នកយាមកាម។ នៅក្នុងរបបនោះ គ្មាននរណាម្នាក់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬតវ៉ាប្រឆាំងការរៀបចំរបស់អង្គការឡើយ។ មនុស្សគ្រប់រូបត្រូវបិទមាត់ បិទភ្នែក ធ្វើតាមបញ្ជាដាច់ខាត ទោះបីជាមានការឈឺចាប់កម្រិតណាក្តី។
បន្ទាប់ពីរបបខ្មៅងងឹតនេះដួលរលំទៅ សុត បានវិលត្រឡប់មកជួបជុំសាច់ញាតិដែលនៅសេសសល់។ ការចាប់ផ្តើមជីវិតសាជាថ្មីជួបប្រទះការលំបាកជាច្រើន ព្រោះទ្រព្យសម្បត្តិផ្ទះសម្បែងត្រូវបំផ្លាញខ្ទេចខ្ទីអស់។ សុត ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ បទពិសោធន៍ដ៏ជូរចត់កាលពីអតីតកាលនៅតែដក់ជាប់ក្នុងជម្រៅចិត្ត សុត ជានិច្ច។ ស្លាកស្នាមសង្គ្រាមបានបន្សល់ទុកនូវជំងឺប្រចាំកាយរហូតមកដល់បច្ចុប្បន្ន។ របួសផ្លូវកាយអាចព្យាបាលជាសះស្បើយ ចំណែករបួសផ្លូវចិត្តទាមទារពេលវេលាយូរអង្វែង។ សុត តែងតែចងចាំព្រឹត្តិការណ៍ដ៏សាហាវយង់ឃ្នងនោះរហូតមកដល់ពេលបច្ចុប្បន្ន៕
សម្ភាសន៍ដោយ៖ ម៉ាប់ សុធា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

