ម៉ោងប្រាំល្ងាចចេញដំណើរ

(ភ្នំពេញ)៖ ជួង ថៃ អាយុ៦៥ឆ្នាំ មានស្វាមីឈ្មោះ ផេង អេងហោ។ ថៃ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ថៃ មានជំងឺក្រពះពោះវៀន ឈឺសន្លាក់ដៃជើង និងសម្រាន្តមិនលក់។ កាលពីឆ្នាំ១៩៧០ ថៃ ស្ថិតក្នុងវ័យកុមារកំពុងសិក្សាថ្នាក់បឋម និងរស់នៅជាមួយឪពុកម្ដាយ ហេតុនេះទើបមិនសូវចងចាំពីព្រឹត្តិការណ៍នៅក្នុងរបប លន់ នល់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមវាយកាន់កាប់ទីក្រុងភ្នំពេញ, ថៃ មានអាយុ១៥ឆ្នាំ។ ពេលនោះ ខ្មែរក្រហមបានជម្លៀស ថៃ និងគ្រួសារចេញពីភ្នំពេញទៅកាន់តំបន់ព្រែកតាឃ្លោកចំនួនមួយឆ្នាំ និងបន្តជម្លៀសទៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រហូតដល់តំបន់ដាច់ស្រយាលនៅភ្នំកូនខ្លែង។ ថ្វីត្បិតតែគ្រួសារត្រូវបានជម្លៀសទៅជុំគ្នាយ៉ាងណាក្តី ប៉ុន្តែជាក់ស្ដែងអង្គការបានបំបែកឱ្យធ្វើការ និងស្នាក់នៅទីតាំងផ្សេងៗគ្នា។ ថៃ ត្រូវធ្វើការក្នុងកងចល័ត ម្ដាយត្រូវធ្វើការងារកសិកម្មដូចជាស្ទូង និងច្រូតស្រូវ ចំណែកប្អូនរបស់គាត់ត្រូវរើសអាចម៍គោតាមវាលស្រែដើម្បីធ្វើជី។

ជារៀងរាល់ថ្ងៃ ថៃ ត្រូវក្រោកធ្វើការពីម៉ោង៣ទៀបភ្លឺរហូតដល់ម៉ោង៦ល្ងាចទើបបានត្រឡប់ទៅកន្លែងស្នាក់នៅវិញ។ ថៃ បានចែករំលែកថានៅក្នុងរបបខ្មែរក្រហម គ្មានស្នាក់នៅត្រឹមត្រូវឡើយ គ្មានកម្រាល គ្មានខ្នើយ មានត្រឹមបាវក្រចៅសម្រាប់ក្រាលដេកប៉ុណ្ណោះ។ របបនោះមានការខ្វះខាតអាហារយ៉ាងខ្លាំង ដោយក្នុងមួយថ្ងៃអាចហូបបបរបានត្រឹមតែ២វែក។ ពេលនោះ ឱ្យតែជួបអ្វីដែលអាចហូបបាន សូម្បីតែសំណល់ដើមចេក ឬដើមពោតដែលអង្គការកាប់ចោល ថៃ តែងយកមកលាក់ទុកជានិច្ច។ បន្ថែមពីលើនេះ ទឹកសម្រាប់ប្រើប្រាស់មានការខ្វះខាតខ្លាំង រយៈពេល២ទៅ៣ថ្ងៃទើប ថៃ បានងូតទឹកម្ដង។

ដោយសារការខ្វះអាហារ ខ្វះទឹក និងការធ្វើការងារលើសកម្លាំង ប្រជាជនជាច្រើនបានដួលស្លាប់នៅកន្លែងធ្វើការ។ គ្រួសាររបស់ ថៃ ចំនួន៤នាក់រួមមានឪពុកម្ដាយ និងបងប្អូន២នាក់បានស្លាប់ក្នុងសហករណ៍យ៉ាងអាណោចអាធ័ម ហើយសាកសពមិនត្រូវបានយកទៅកប់ឱ្យបានត្រឹមត្រូវទេ ដោយឈ្លបបានយកទៅបោះចោលក្នុងព្រៃ ដែលនេះជារឿងដ៏សែនឈឺចាប់បំផុតសម្រាប់ ថៃ។ ទន្ទឹមគ្នានេះ ថៃ បានបញ្ជាក់ថាអ្នកមានទោស ឬធ្លាប់មានតួនាទីធំក្នុងរបបខ្មែរក្រហម សុទ្ធតែត្រូវបញ្ជូនទៅកាន់គុកទួលស្លែង។

អង្គការបានរៀបចំឱ្យ ថៃ មានគ្រួសារដោយបង្ខំ។ នៅល្ងាចមួយ ឈ្លបបានមកប្រាប់ឱ្យ៖ «មិត្តថៃ! ងូតទឹកឱ្យស្អាតដើម្បីចេញដំណើរនៅម៉ោង៥ល្ងាច»។ ដោយនឹកឃើញដល់មិត្តភក្ដិដែលធ្លាប់ជួបហេតុការណ៍បែបនេះ ថៃ បានដឹងច្បាស់ថាអង្គការរៀបចំយកខ្លួនទៅរៀបការ ទើបសម្រេចចិត្តរត់គេចទៅសហករណ៍ថ្មី រហូតបានជួបឪពុកមា។ ថៃ បានប្ដូរឈ្មោះដើម្បីគេចពីការតាមរករបស់ឈ្លប ចំណែកឪពុកមាបានជួយលាក់បាំងដោយប្រាប់ឈ្លបថា ឪពុកម្ដាយរបស់ ថៃ បានស្លាប់អស់ហើយ ទើបអង្គការបញ្ជូនមករស់នៅជាមួយគាត់។

លុះដល់ចុងឆ្នាំ១៩៧៨ កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានសហការគ្នាវាយរំដោះប្រទេស។ ថៃ បានបន្តស្នាក់នៅជាមួយឪពុកមារហូតរបបខ្មែរក្រហមដួលរលំ ទើបសាច់ញាតិដែលនៅសេសសល់បានមកជួបជុំគ្នា រួចនាំគ្នាត្រឡប់មកភូមិកំណើតនៅភូមិចំពុះក្អែកវិញ៕

សម្ភាសន៍ដោយ៖ ជុន សុមុនីនាថ ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin