អតីតអ្នករែកដីក្នុងកងពិសេសតំបន់៥១

(តាកែវ)៖ ហ៊ិន វន្នី មានអាយុ៦៤ឆ្នាំ និងមានទីកន្លែងកំណើតនៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ វន្នី មានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ-ពោះវៀន តម្រង់នោម និងឈឺជង្គង់។
វន្នី បានសិក្សាដល់ថ្នាក់ទី១២ចាស់ ប៉ុន្តែមិនបានរៀនជាប់លាប់នោះទេ ព្រោះមានការធ្វើបាតុកម្មញឹកញាប់។ ពេលនោះ ស្ថានភាពស្រុកទេសមានភាពវឹកវរ វន្នី ត្រូវរត់គេចពីការទម្លាក់គ្រាប់បែក តាមម្តាយទៅជ្រកកោននៅវត្តត្នោត វត្តថ្មទ្រព្យ រួមជាមួយទីតាំងផ្សេងៗជាច្រើនទៀត។ ចំណែកឯផ្ទះសំបែងវិញត្រូវរងការខូចខាតអស់មួយចំនួន។
ឈានចូលដល់របបខ្មែរក្រហម ផ្ទះរបស់ វន្នី ត្រូវអង្គការយកធ្វើជារោងគោ។ វន្នី ត្រូវអង្គការជម្លៀសឱ្យទៅរស់នៅទីតាំងផ្សេង។ នៅក្នុងរបបនោះ អង្គការបានចាត់ទុក វន្នី ជាប្រជាជនមូលដ្ឋាន។ ការងារប្រចាំថ្ងៃមានការលំបាកខ្លាំង គាត់ត្រូវរែកដីនៅក្នុងកងពិសេសប្រចាំតំបន់៥១ បន្ទាប់មកត្រូវចូលកងកាប់ទន្រ្ទានខែត្រយកមកលាយជាមួយដីធ្វើជាជី រួចត្រូវរែកជីយកទៅដាក់ក្នុងស្រែ និងត្រូវរែកកណ្តាប់ស្ទូងថែមទៀត។ ក្រោយមក អង្គការបានចាត់តាំងឱ្យដើរជីកព្រែកពីតំបន់៥៥ ទៅតំបន់៥១។ ការរស់នៅក្នុងរបបនេះពោរពេញទៅក្តីវេទនា និងការបង្ខិតបង្ខំកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ។
ទាក់ទងនឹងការរៀបការនៅក្នុងរបបនេះវិញ អង្គការតែងតែរៀបចំជាលក្ខណៈសមូហភាព ផ្សំផ្គុំចាប់ពី៥ ទៅ ១០គូឡើងទៅ។ វន្នី បាននិយាយថា ពិធីរៀបការនោះមិនមានសាច់ញាតិបងប្អូនចូលរួមដឹងឮទេ អង្គការគឺជាអ្នករៀបចំគូស្រករទាំងអស់។ វន្នី បានរៀបការជាមួយគូស្រករសរុបចំនួន១៨គូផ្សេងទៀត នៅក្នុងផ្ទះមួយ។ ពិធីនោះមិនមានការរៀបចំអធិកអធមទេ គឺគ្រាន់តែឱ្យគូស្រករទាំងអស់អង្គុយជាជួរនៅលើកៅអី រួចក្រោកឈរឡើងប្តេជ្ញាចិត្តចំពោះមុខគណៈកង ទើបអង្គការអនុញ្ញាតឱ្យទៅកន្លែងសម្រាករៀងខ្លួន។ ពេលរៀបការនោះគ្មានភ្លើងអគ្គិសនីបំភ្លឺទេ គឺមានត្រឹមតែពន្លឺចង្កៀងប្រេងកាតព្រិលៗមើលមុខគ្នាមិនច្បាស់ឡើយ។ ក្រោយពេលរៀបការរួច វន្នី ត្រូវត្រឡប់ទៅធ្វើការនៅកងចល័តវិញ ចំណែកឯស្វាមីត្រូវបន្តទៅធ្វើការនៅរោងគោ។
ក្រោយមក វន្នី បានធ្លាក់ខ្លួនឈឺនិងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុករយៈពេល ២ខែ។ គាត់បានប្រាប់ថា ថ្នាំដែលគ្រូពេទ្យផ្តល់ឱ្យមានតែថ្នាំអាចម៍ទន្សាយ ពេលលេបទៅគ្មានធូរស្រាលអ្វីឡើយ។ ឃើញស្ថានភាពជំងឺមិនព្រមជាសះស្បើយ អង្គការមានបំណងបញ្ជូន វន្នី ទៅក្អែកទុំ ប៉ុន្តែសំណាងល្អម្តាយរបស់ វន្នី បានលួចយកថ្នាំបុរាណជាប្រភេទស្លឹកឈើផ្សេងៗយកមកឱ្យហូប ទើបជួយឱ្យធូរស្រាលឡើងវិញបាន។ សមាជិកគ្រួសាររបស់ វន្នី មិនមាននរណាបាត់បង់ជីវិតទេ។ ការសម្លាប់មនុស្ស និងការធ្វើទារុណកម្ម វន្នី មិនបានឃើញផ្ទាល់ភ្នែកឡើយ គ្រាន់តែដឹងថាពេលមានប្រជាជនមកពីទីក្រុងភ្នំពេញ អង្គការតែងតែហៅឈ្មោះយកទៅបាត់។ ជាក់ស្តែងបងប្អូនជីដូនមួយ និងសាច់ញាតិរបស់ វន្នី មួយគ្រួសារត្រូវអង្គការនាំខ្លួនទៅបាត់រហូត។
នៅក្នុងរបបខ្មែរក្រហម ការហូបចុកមានសភាពតឹងតែង និងខ្វះខាតជាទីបំផុត រាល់ថ្ងៃមានតែបបររាវៗហូបប៉ុណ្ណោះ ខ្ទះត្នោតមួយដាក់អង្ករតែ ៣ ទៅ ៤កំប៉ុង។ សម្លត្រកួន ព្រលឹត មានរសជាតិសាប មិនមានបង់អំបិលទេ។ ពេលចែករំលែកអាហារ អង្គការរៀបចំតុ និងកៅអីឱ្យប្រជាជនអង្គុយជាជួរៗ បន្ទាប់មកទើបដួសបបរ និងសម្លចែកឱ្យហូបតាមចំណែករៀងខ្លួន។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ វន្នី បានត្រឡប់ទៅភូមិកំណើតនិងរស់នៅជាមួយក្រុមគ្រួសារ ប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត៕
សម្ភាសន៍ដោយ៖ ម៉ា សារពេជ្ញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

