សុខ ចម្រើន៖ លួចរត់ទៅខេត្តកំពង់ស្ពឺ ដើម្បីបានរស់រានមានជីវិត

សុខ ចម្រើន អាយុ៥៦ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ចម្រើន បានរត់ភៀសខ្លួនទៅរស់នៅខេត្តកំពង់ស្ពឺ ជាមួយសាច់ញាតិ ដើម្បីបានរស់រានមានជីវិត។ នៅខេត្តកំពង់ស្ពឺ ចម្រើន បានចូលទៅក្នុងក្រុមយុវជនកងចល័ត ដើម្បីធ្វើការងាររែកដីដំបូក, ជីកប្រឡាយ, រែកសំណាប, រែកកណ្ដាប់ស្រូវ និងបោកស្រូវ។

ជាញឹកញាប់ ចម្រើន ត្រូវក្រោកទៅធ្វើការងារចាប់ពីម៉ោងប្រមាណ៤ ទៅ៥យប់មាន់រងាវ រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបសម្រាកហូបអាហារម្ដង។ លុះដល់ម៉ោងប្រមាណ១រសៀល ចម្រើន និងប្រជាជនផ្សេងទៀតត្រូវចេញទៅធ្វើការងារវិញ រហូតដល់ពេលល្ងាច ទើបអាចសម្រាកហូបអាហារម្ដងទៀត។ ប៉ុន្តែនៅពេលដែលមានការងារច្រើន អង្គការបានចាត់តាំងឲ្យគាត់ និងយុវជនផ្សេងទៀត ធ្វើការងារដល់ម៉ោងប្រមាណ១០ ទៅ១២យប់។

ចំពោះការហូបអាហារ នៅតំបន់ដែល ចម្រើន រស់នៅគឺអង្គការបានដាំបបរលាយជាមួយដំឡូងនៅក្នុងខ្ទះ រួចដួសចែកឲ្យប្រជាជនម្នាក់មួយវែក។ អាហារដែលអង្គការផ្ដល់ឲ្យនេះ ចម្រើន ហូបមិនបានគ្រប់គ្រាន់នោះទេ ប៉ុន្តែគាត់អាចទៅរកដំឡូងដុត ពីលោកតារបស់គាត់ដែលធ្វើការងារនៅក្នុងរោងចុងភៅយកមកហូបបន្ថែមឲ្យឆ្អែត។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួរលំ ចម្រើន បានត្រលប់ទៅរស់នៅភូមិស្វាយព្រៃ និងបានរៀបការជាមួយនារីម្នាក់។ ពេលរៀបការរួច ចម្រើន ប្រកបរបរធ្វើស្រែ និងចិញ្ចឹមសត្វបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់គ្រួសារ។ នៅក្នុងភូមិស្វាយព្រៃ ចម្រើន បានបាត់បង់ជីតាម្នាក់នៅក្នុងសម័យខ្មែរក្រហម ដោយសារតែគាត់ហូបអាហារមិនគ្រប់គ្រាន់ ហើយមានជំងឺគ្មានថ្នាំព្យាបាល។ ក្រោយមក ចម្រើន ធ្លាប់រៀបរាប់រឿងរ៉ាវរបស់ខ្លួននៅក្នុងសម័យខ្មែរក្រហម ប៉ុន្តែចៅរបស់គាត់មិនបានយកចិត្តទុកដាក់ និងជឿជាក់ជាមួយសម្ដីរបស់គាត់។

នៅពេលផ្ដល់បទសម្ភាសន៍ ចម្រើន មានជំងឺឈឺជើងខ្លាំង ព្រោះជើងរបស់គាត់ធ្លាប់ត្រូវគ្រាប់ នៅពេលដែលធ្វើជាទាហាន ក្រោយរបបខ្មែរក្រហមដួលរលំ។ ដើម្បីព្យាបាលជំងឺ ចម្រើន បានទិញថ្នាំយកមកលេបដើម្បីកាត់បន្តការឈឺចាប់ ព្រោះគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់វះកាត់ព្យាបាលជំងឺរលាក់ឆ្អឹងនេះ។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin