កងកុមាររបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ភឹម យ៉ែម អាយុ ៥៧ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យ៉ែម មានឪពុកឈ្មោះ ស្រី យន្ត និងម្តាយឈ្មោះ សុខ យឺយ ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព យ៉ែម រៀនសូត្របានត្រឹមថ្នាក់ទី២ ក្នុងរបបសង្គមរាស្ត្រនិយម។
យ៉ែម បានរៀបរាប់ថា នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច។ យ៉ែម ចាត់ទុកថារបបនេះជារបបដែលនាំមកនូវទុក្ខលំបាកវេទនាជាងរបបណាៗទាំងអស់។ នៅពេលនោះ អង្គការបានប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់ រួមមានមាស ប្រាក់ លុយកាក់ គោក្របី និងសម្ភារផ្សេងៗ ដាក់បញ្ចូលជាទ្រព្យសម្បត្តិរួមរបស់សហករណ៍។
ទោះបីជានៅមានវ័យកុមារក៏ដោយ យ៉ែម ត្រូវបានចាត់តាំងឱ្យធ្វើការងារធ្ងន់ៗ។ គាត់ត្រូវជីក និងលើកដីពីបាតត្រពាំង និងស្រះយកទៅដាក់ស្រែ។ ដោយសារខ្វះបង្គីសម្រាប់រែកដី កុមារម្នាក់ៗត្រូវលើកដីដោយដៃ។ ក្រុមការងាររបស់យ៉ែម មានសមាជិកចំនួន ១២ នាក់។ ក្រៅពីការងារលើកដី គាត់ក៏ត្រូវបានចាត់តាំងឱ្យទៅឃ្វាលគោ និងរើសអាចម៍គោសម្រាប់ធ្វើជីកសិកម្មផងដែរ។ ក្រោយមក អង្គការបានតម្រូវឱ្យ យ៉ែម បររទេះគោដឹកជញ្ជូនត្រីពីទន្លេ យកមកផ្គត់ផ្គង់នៅសហករណ៍។ យ៉ែម បានរំឭកថា ទោះបីជាត្រីមានច្រើនក៏ដោយ ប្រជាជនមិនទទួលបានត្រីសម្រាប់ហូបគ្រប់គ្រាន់នោះទេ។ ក្នុងមួយថ្ងៃ អ្នកទទួលខុសត្រូវរោងបាយអនុញ្ញាតឱ្យហូបអាហារតែពីរពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេលៗ ប្រជាជនម្នាក់ទទួលបានបាយត្រឹមតែមួយកូនចានប៉ុណ្ណោះ។ យ៉ែម បានបន្តថា ទោះបីជាហូបមិនឆ្អែតក៏ដោយ មនុស្សគ្រប់គ្នាត្រូវតែនិយាយថាខ្លួនឆ្អែត ព្រោះមិនហ៊ានតវ៉ា ឬបង្ហាញការមិនពេញចិត្តឡើយ។ នៅពេលល្ងាច ប្រជាជនត្រូវចូលរួមប្រជុំជាប្រចាំ។ អង្គការបានណែនាំឱ្យប្រជាជនខិតខំធ្វើស្រែ លើកដី និងរើសអាចម៍គោ ដើម្បីបំពេញផែនការផលិតកម្ម។ ចំណែកសមាជិកគ្រួសារវិញ ត្រូវបានបំបែកឱ្យរស់នៅ និងធ្វើការនៅកន្លែងផ្សេងៗគ្នា។ យ៉ែម កម្រមានឱកាសបានជួបម្តាយ ឪពុក និងបងប្អូនរបស់ខ្លួនណាស់។
នៅចុងរបបខ្មែរក្រហម ខណៈដែលស្ថានការណ៍នយោបាយ និងយោធាមានការប្រែប្រួលយ៉ាងឆាប់រហ័ស យ៉ែម បានរត់ភៀសខ្លួនទៅដល់តំបន់អ្នកលឿង។ នៅទីនោះ គាត់បានជួបកងកម្លាំងរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានប្រាប់ថាប្រទេសកម្ពុជាត្រូវបានរំដោះហើយ និងបានអំពាវនាវឱ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតវិញ។ ក្រោយពីទទួលដំណឹងនេះ យ៉ែម បានធ្វើដំណើរត្រឡប់មកជួបជុំឪពុកម្តាយ និងសមាជិកគ្រួសាររបស់ខ្លួនវិញ។ បន្ទាប់មក គាត់បានចាប់ផ្តើមប្រកបរបរកសិកម្ម និងរស់នៅក្នុងភូមិកំណើតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ភឹម យ៉ែម ប្រកបរបរកសិកម្ម និងរស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មិនមានជំងឺប្រចាំកាយធ្ងន់ធ្ងរណាមួយឡើយ៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

