កងកុមារឃ្វាលគោក្របីសម័យខ្មែរក្រហម

ខេត្តស្វាយរៀង៖ ឡឹក វណ្ណា មានអាយុ ៥៧ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិស្វាយប៉ោ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ វណ្ណា មានឪពុកឈ្មោះ ឡឹក ឃ្លោក និងម្តាយឈ្មោះ ភោគ សួន ហើយគាត់ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៣ នាក់។ កាលពីកុមារភាព វណ្ណា រៀនសូត្របានត្រឹមថ្នាក់ទី២ ក្នុងរបបសង្គមរាស្ត្រនិយម។
នៅក្នុងរបបខ្មែរក្រហម វណ្ណា មានអាយុប្រមាណ ៧ ឆ្នាំ។ ទោះបីជានៅជាវ័យកុមារក៏ដោយ គាត់ត្រូវបានឈ្លបបង្ខំឱ្យទៅរស់នៅក្នុងកងចល័តកុមារ និងត្រូវបំពេញការងារ ដូចជាឃ្វាលគោ ក្របី និងការងារស្រាលៗផ្សេងទៀត។ នៅពេលខ្លះដោយសារភាពស្រេកឃ្លាន វណ្ណា បានលួចបូតស្រូវពីវាលស្រែយកទៅបុកហូប។ វណ្ណា បានរៀបរាប់ថា ក្នុងរបបខ្មែរក្រហម គ្រួសារវណ្ណា ត្រូវបានជម្លៀសពីកន្លែងមួយទៅកន្លែងមួយ ហើយសមាជិកគ្រួសារទាំងអស់ត្រូវធ្វើការងារយ៉ាងលំបាកដោយគ្មានពេលសម្រាកគ្រប់គ្រាន់។ ការរស់នៅប្រចាំថ្ងៃពោរពេញទៅដោយការខ្វះខាតស្បៀងអាហារ និងការបង្ខំឱ្យធ្វើការងារតាមផែនការរបស់អង្គការ។
វណ្ណា បានរៀបរាប់តាមរយៈការចងចាំ និងការដំណាលប្រាប់របស់ចាស់ៗក្នុងភូមិថា ប្រជាជនមួយចំនួនត្រូវបានចាប់ចងបត់ដៃទៅក្រោយ និងបណ្តើរដោយមានកម្មាភិបាលខ្មែរក្រហមជិះកង់តាមពីក្រោយ។ ជនរងគ្រោះទាំងនោះត្រូវបានវាយដំ និងបង្ខំឱ្យដើរយ៉ាងលំបាក ទៅកាន់ទីតាំងដែលគាត់ជឿថាជាកន្លែងសម្លាប់។ ការឃើញហេតុការណ៍បែបនេះបានធ្វើឱ្យ វណ្ណា មានការភ័យខ្លាចយ៉ាងខ្លាំងព្រោះនៅពេលនោះគាត់គ្រាន់តែជាកុមារដែលមានភារកិច្ចឃ្វាលគោក្របីតែប៉ុណ្ណោះ។ តាមការចងចាំរបស់វណ្ណា ជនរងគ្រោះដែលត្រូវបានបណ្តើរយកទៅសម្លាប់បានឆ្លងកាត់ភូមិស្វាយប៉ោ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយត្រូវបាននាំទៅសម្លាប់នៅភូមិស្វាយទន្ទឹម។ ចំពោះការរឹតត្បិតផ្នែកសាសនា វណ្ណា បានចងចាំថាព្រះសង្ឃត្រូវបានបង្ខំឱ្យផ្សឹក ហើយវត្តអារាមត្រូវបានបោះបង់ចោល។ ប្រជាជនត្រូវបានហាមឃាត់មិនអាចធ្វើបុណ្យទាន ឬគោរពបូជាសាសនាឡើយ។ ក្នុងរបបខ្មែរក្រហម វណ្ណា មិនត្រូវបានអង្គការជម្លៀសទៅឆ្ងាយនោះឡើយ គ្រាន់តែអង្គការបង្ខំឱ្យទៅឃ្វាលគោ ក្របីនៅក្នុងស្រុករមាសហែក ប៉ុណ្ណោះ។
នៅពេលរបបខ្មែរក្រហមដួលរលំ វណ្ណា បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន វណ្ណា ជាកសិករ និងមានជំងឺប្រចាំកាយមួយចំនួនដូចជា៖ ឈឺសន្លាក់ដៃជើង ឈឺក្បាល និងឧស្សាហ៍ឈឺជង្គង់៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

