ម៉ី ភី៖ ត្រូវធ្វើការងារឆ្ងាយៗពីសហករណ៍

ម៉ី ភី មានអាយុ៦៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភី គឺជាប្រជាជនមូលដ្ឋាន ដូច្នេះគាត់បានជួបការលំបាកដូចខាងក្រោម។ ប៉ុន្តែបើប្រៀបធៀបជាមួយប្រជាជន១៧មេសា គឺខុសគ្នាខ្លាំងណាស់ ព្រោះអង្គការបានចាត់ឲ្យប្រជាជនថ្មីឲ្យធ្វើការងារធ្ងន់ៗ និងត្រូវយកទៅសម្លាប់ទាំងគ្រួសារ ក្នុងនោះក៏មានមិត្តរបស់ភីម្នាក់ដែលធ្វើការងារនៅភ្នំជីសូរជាមួយគ្នា។

បើទោះបីជាយ៉ាងណា ភី ត្រូវផ្លាសប្ដូរការងារពីសហករណ៍របស់ខ្លួន ទៅតាមតំបន់មួយចំនួនទៀតក្នុងខេត្តតាកែវ  និងស្រុក៥២ ខេត្តកំពង់ស្ពឺ។ មុនដំបូង ភី បានចូលធ្វើការងារក្នុងកងចល័ត នៅស្រែជ័យ និងអង្គតូ។ បន្ទាប់មក អង្គការបានបញ្ជូនគាត់ឲ្យទៅធ្វើការងារបុកស្រូវ និងដាំបាយនៅអង្គស្ដេច។ នៅអង្គស្ដេច ភី ទទួលបានអាហារហូបគ្រប់គ្រាន់ ព្រោះគាត់អាចលួចអង្ករ, ម្ហូប, ប្រហុក និងអំបិល ពីកាស៊ីនបាយ(រោងបាយ)មកបាន និងអាចឆ្លៀតយកទៅឲ្យម្ដាយធម៌នៅត្របែកព្រៃ ឬឪពុកម្ដាយបង្កើតនៅក្នុងសហករណ៍ជាញឹកញាប់។

ថ្ងៃមួយ ភី និងមិត្តម្នាក់ទៀត បានលួចយកអង្ករទៅឲ្យឪពុកម្ដាយនៅពេលយប់ ប៉ុន្តែចៃដន្យបានជួបជាមួយកងឈ្លបដែលប្រចាំការនៅស្នេហ៍រុង។ នៅពេលអង្គការសួននាំ ភី បានឆ្លើយកុហកភ្លាមថាមកពីកងនៅអង្គជឹម ហើយមិត្តរបស់គាត់បានឆ្លើយត្រង់ថាមកពីកងនៅអង្គស្ដេច។  ជាសំណាងល្អ កងឈ្លបបានឮតែសំឡេងរបស់ ភី ទើបសួរបន្ថែមថា អង្គជឹម អង្គហេវ មែនទេ? ភី បានឆ្លើយថាមែន ប៉ុន្តែការឆ្លើយនេះគឺស្មាននោះទេ។ មូលហេតុដែល ភី ឆ្លើយបែបនេះ ព្រោះគាត់ដឹងថានៅអង្គស្ដេចគឺជាកន្លែងធ្វើអង្ករ ហេតុនេះហើយក្រុមកងឈ្លបអាចឆែកឆេរសម្ភារដែលខ្លួនកាន់មក ហើយបើរកឃើញថាមានលួចលាក់អង្ករនោះនឹងមានរឿងដល់អ្នកទាំងពីរ។

មួយវិញទៀត នៅពេលដែលអង្គការ ចាត់តាំងឲ្យ ភី ចែកអង្ករឲ្យអ្នកដឹងសម្ភារចេញក្រៅសហករណ៍ គាត់តែងតែដាក់អង្ករឲ្យលើសចំនួនកំណត់។ ភី ហ៊ានធ្វើដូច្នេះ ព្រោះគាត់បានឃើញប្រជាជននៅខាងភូមិអង្គរាំង លួចធ្វើបែបនេះដែរ ដូច្នេះទើបគាត់លួចធ្វើតាម។ ក្រៅពីការលួចលាក់អាហារ ភី ធ្លាប់បានសុំការអនុញ្ញាតពីអង្គការ ទៅមើលម្ដាយដែលកំពុងមានជំងឺ។ នៅពេលដែលអង្គការយល់ព្រម ភី បានធ្វើមាន់៣ ដោយមាន់មួយយកទៅផ្ញើម្ដាយ ហើយមាន់មួយទៀតយកទៅឲ្យឪពុក និងមាន់ចុងក្រោយធ្វើទុកហូបខ្លួនឯងនៅក្នុងកង។ ពេលទៅដល់ផ្ទះ ភី មានការអាណិតដល់ម្ដាយឪពុករបស់គាត់យ៉ាងខ្លាំង ដែលធ្វើការងារមើលកុមារយ៉ាងហត់នឿយ ប៉ុន្តែជារៀងរាល់ថ្ងៃគាត់ទទួលបានរបបអាហារបន្តិចបន្តួចពីសហករណ៍។

ក្រោយមក អង្គការបានបញ្ជូន ភី ទៅស្រុក៥២ ម្ដុំភ្នំជាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការងារស្ទូងស្រូវ។ នៅទីនោះ ភី ត្រូវធ្វើការងារពេញមួយថ្ងៃ ហើយពេលខ្លះត្រូវបន្ថែមម៉ោងរហូតដល់ពេលយប់បន្តទៀត ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបររាវៗ។ ដើម្បីចម្អែតក្រពះ ភី និងអ្នកធ្វើការងារជាមួយគាត់បានដើររើសគ្រាប់អំពិល យកទៅលីងហូប ដែលជាហេតុនធ្វើឲ្យលាន់ឮសំឡេង ក្រេះក្រប់ៗ។ ផ្ទុយទៅវិញ នៅពេលដែលអង្គការផ្លាស់ប្ដូរទីកន្លែងស្នាក់របស់ក្រុមកងចល័តទៅនៅផ្ទះចុងភៅ កម្មាភិបាលនៅក្នុងសហករណ៍បានផ្ដល់អាហារឲ្យគាត់ហូបគ្រប់គ្រាន់ ហើយប្រសិនបើមិនទាន់ឆ្អែត យុវជនអាចសុំផ្លែឈើដែលដាំក្នុងផ្ទះប្រជាជនហូបបន្ថែមទៀត។

នៅពេលដែលបញ្ចប់ការងារនៅខេត្តកំពង់ស្ពឺ អង្គការបានបញ្ជូនក្រុមកងចល័ត និងភី ទៅធ្វើការងារនៅស្រុកអង្គរបូរី ខេត្តតាកែវវិញ។ នៅទីនោះ ភី បានចេញទៅធ្វើការងារបោចស្មៅក្នុងបឹង នៅម្ដុំដោះសង្កែ ព្រៃផ្គាំ និងទ្រង់ភូមិ។ នៅកន្លែងថ្មី ភី បានជួបកងកុមារតូចៗ មានអាយុប្រមាណ ៦ទៅ៧ឆ្នាំដែលធ្វើការងារបោចស្មៅជាមួយគ្នា។ នៅពេលឃើញដូច្នេះ ភី មានការអាណិតកុមារទាំងអស់នោះខ្លាំងណាស់ ជាពិសេសកុមារពីរនាក់ដែលជាបងប្អូនហ្នឹងគ្នា ដែលត្រូវបានប្រធានកងចាប់វាយធ្វើបាប និងប្រមូលយកអាហារទាំងអស់ដែលមាននៅជាប់ខ្លួន។ ភី មានការបារម្ភថា កុមារតូចៗទាំងអស់មិនអាចរកផ្លូវត្រលប់ទៅផ្ទះវិញដោយខ្លួនឯងនោះទេ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។

បន្ទាប់មក ដោយសារតែ ភី ធ្វើការងារធ្ងន់ៗ ហើយគ្មានអាហារហូបគ្រប់គ្រាន់យូរពេក​ ទើបធ្វើឲ្យរាងកាយគាត់ស្គមស្គាំងខ្លាំង និងចាប់ផ្ដើមក្ដៅខ្លួន។ នៅពេលដែលមានជំងឺ ភី បានទៅសម្រាកព្យាបាលនៅវត្តកំហែង ខាងជើងព្រៃផ្គាំ។ នៅក្នុងមន្ទីរពេទ្យ ភី ទទួលបានថ្នាំទឹកដាក់នៅក្នុងដបហូបរាល់ថ្ងៃ រហូតដល់កងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមកជិតដល់ ទើបគាត់រត់ភៀសខ្លួនទៅតាមភូមិសៃវ៉ា រួចបន្តធ្វើដំណើរទៅស្នាក់នៅជាមួយអ្នកស្គាល់គ្នានៅព្រៃអន្ទិត។

ភី ស្នាក់នៅជាមួយអ្នកស្គាល់បានរយៈពេលប្រមាណ៣ថ្ងៃ ក្រុមកងចល័តដែលគាត់ធ្លាប់ធ្វើការងារជាមួយ បានធ្វើដំណើរទៅដល់ដែរ។ ពេលឃើញដូច្នេះ ភី បានធ្វើការលាក់ខ្លួន ព្រោះគាត់មិនចង់ជម្លៀសទៅលើបន្តទៀត។ បន្ទាប់ពីក្រុមកងចល័តធ្វើដំណើរទៅមុខបន្តទៀត ភី បានត្រលប់មកផ្ទះវិញ ប៉ុន្តែមុនពេលចេញមក លោកយាយដែលភីស្នាក់នៅជាមួយបានផ្ដាំឲ្យគាត់ត្រលប់ទៅវិញប្រសិនបើ ភី មិនបានជួបជាមួយម្ដាយឪពុក។

ពេលមកដល់ភូមិ ភី បានដឹងថាពូឈ្មោះ ភិន, ពូម៉ុន, តាភឹម, ពូពៅ បានបាត់ដំណឹងតាំងពីអង្គការបញ្ជូនឲ្យទៅធ្វើការងារ និងបងជីដូនមួយឈ្មោះ អៀង ត្រូវបានអង្គការចាប់យកទៅចងឆ្កាងលើដើមឈើរួចសម្លាប់។ ​ភី បានបន្តថា ខ្លួនមានការឈឺចាប់ចំពោះការបាត់បង់សាច់ញាតិនៅក្នុងរបបខ្មែរក្រហម ដូច្នេះនៅពេលដែលមានតុលាការកាត់ទោសមេដឹកនាំក្នុងរបបខ្មែរក្រហម បានធ្វើឲ្យគាត់ពេញចិត្ត ព្រោះការកាត់ទោសបានផ្ដល់យុត្តិធម៌ជូនសាច់ញាតិគាត់។

នៅពេលផ្ដល់បទសម្ភាសន៍ ភី មានជំងឺឫសដូងបាត, លើសសម្ពាធឈាម, ខ្វះជាតិស្ករ, ខ្សោយបេះដូង, ថបៗញ័រទ្រូង, ពិបាកដកដង្ហើម, សម្រាន្តមិនសូវលក់, ក្ដៅក្បាល និងហូរទឹកភ្នែក។ ដើម្បីព្យាបាលជំងឺ ភី ត្រូវទិញថ្នាំពីពេទ្យលេបរាល់ថ្ងៃ រួមជាមួយការហូបថ្នាំខ្មែរ ទើបធ្វើឲ្យជំងឺរបស់គាត់បានធូរស្រាលជាងមុន។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin