ថោង ម៉ៅ៖ ខ្ញុំត្រូវអូសសាកសពឲ្យបាន៣០ ដើម្បីទទួលបានរបបអាហារ

(ខេត្តស្វាយរៀង) ថោង ម៉ៅ មានអាយុ ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នឹង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងសព្វថ្ងៃរស់នៅ​ភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ម៉ៅ មានឪពុកឈ្មោះ តន់ សាម៉ន, ម្តាយឈ្មោះ អន សាវ៉ៃ និង ម៉ៅ ជាកូនទី៣ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ​៥នាក់ (ស្រី៤នាក់)។ កាលពីកុមារភាព ម៉ៅ មិនបានរៀនសូត្រ​​ទេ​ដោយសារគ្រួសារមានជីវភាពខ្វះខាត និងប្រទេសមានសង្រ្គាម​។

នៅក្នុងរបបខ្មែរក្រហម ម៉ៅ មានអាយុប្រមាណជា១០ឆ្នាំ ត្រូវរស់នៅភូមិថ្នឹង ក្នុងកងកុមារ។ ការងាររបស់ម៉ៅ ត្រូវឃ្វាលគោក្របី និងដើររើសអាចម៍គោក្របី នៅ​ក្នុងក្រោល។ ប្រធានកងកុមារបានកំណត់ឲ្យ ម៉ៅ និងកុមារម្នាក់ៗត្រូវរើសអាចម៍គោក្របីឲ្យបាន ១ថ្ងៃ ១៤ល្អី។ ប្រសិនបើម៉ៅ និងកុមារណាមិនអាចបំពេញតាមផែនការបាន ត្រូវបង្អត់អាហារពេលថ្ងៃ ហើយនៅពេលថ្ងៃមិនគ្រប់តាមផែនការ ត្រូវបង្អត់អាហារនៅពេលល្ងាច និងបន្ថែមទណ្ឌកម្មផ្សេងទៀត។ ក្រោយមក ម៉ៅ ដល់អាយុចូលធ្វើការងារក្នុងកងចល័តនារី និងត្រូវបានជម្លៀសពីភូមិថ្នឹង ទៅភូមិថ្កូវ​ និងបន្តទៅភូមិជ្រលង ស្ពានកំពង់ត្របែក ដែលស្ថិតជិតកំពង់ចម្លងអ្នកលឿង។ នៅស្ពានកំពង់ត្របែក ម៉ៅ និងកងចល័តនារី ត្រូវអង្គការតម្រូវឲ្យចំាអូស​សាកសពចេញពីទន្លេ ដែលហូរអណ្តែតមកពីតំបន់ភាគខាងលើ។ ក្នុង១ថ្ងៃ ម៉ៅ និងកងចល័តម្នាក់ត្រូវអង្គការកំណត់ឲ្យអូសសាកសពចេញពីទឹកឲ្យបាន៣០។ ម៉ៅ និយាយថា «ប្រជាជនផ្សេងពេលឃើញសាកសពនាំគ្នារត់ចេញ ប៉ុន្តែផ្ទុយទៅវិញខ្ញុំ និងកងចល័តសម័យខ្មែរក្រហមនៅស្ពានកំពង់ត្របែកត្រូវដណើ្តមគ្នាអូសទាញ​សាកសពទាំងនោះចេញពីទឹក ព្រោះខ្លាចមិនគ្រប់ចំនួន៣០ សាកសព ដែលអង្គការបានកំណត់នឹងត្រូវទទួលទារុណកម្ម និងបង្អត់អាហារ។ ខ្ញុំលែងខ្លាចខ្មោចរហូតដល់សព្វថ្ងៃ។ សាកសពដែលខ្ញុំអូសចេញពីទឹកភាគច្រើនមានសភាពហើមស្អុយរលួយ និង​មិនអាចចំណាំមុខមាត់បាន ហើយសាកសពត្រូវបានចងខ្សែជាប់គ្នាខ្លះមានរហូតដល់បីសាកសព»។ នៅពេល ម៉ៅ អូសសាកសពបាន សាកសព​ទាំងនោះត្រូវបានបុរសចំណាស់៣នាក់ នាំយក​ទៅកប់ក្នុងរណ្តៅដែលបានជីករួចជាស្រេចនៅមាត់ទន្លេ។ ម៉ៅ បន្តរស់នៅតំបន់ស្ពានកំពង់ត្របែក តំបន់អ្នកលឿងរហូតដល់ដល់របបខ្មែរក្រហមដួលរលំ។ ម៉ៅ ជាកសិកររស់នៅភូមិអង្គប្រស្រែ ហើយបច្ចុប្បន្នមានជំងឺប្រចាំកាយដូចជាចុកដើមទ្រូង ឈឺសន្លាក់ជង្គង់ និងជំងឺស្រវាំងភ្នែក៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin