ខ្មែរក្រហមប្រើខ្ញុំឱ្យជីករណ្តៅទុកដាក់សាកសព

(ខេត្តស្វាយរៀង) ទេព សាវ៉ាត មានអាយុ ៦៥ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សាវ៉ាត ជាកូនទី៣ ក្នុងគ្រួសារដែលមានសមាជិកចំនួន ៧នាក់។
កាលពីកុមារភាព សាវ៉ាត រៀនសូត្របានត្រឹមថ្នាក់ទី១១ សង្គមចាស់។ រឿងរ៉ាវដែលសាវ៉ាតចងចាំមិនអាចបំភ្លេចបាននៅក្នុងរបបខ្មែរក្រហម គឺការដែលអង្គការបង្កទុក្ខលំបាកគ្រប់បែបយ៉ាងដល់ប្រជាជន រួមទាំងការបង្ខំឱ្យធ្វើការងារហួសកម្លាំង និងមិនផ្តល់អាហារឱ្យបរិភោគគ្រប់គ្រាន់ ជាពិសេសអង្គការបាននាំប្រជាជនទៅសម្លាប់ដោយគ្មានកំហុស។ ពេលខ្មែរក្រហមចូលគ្រប់គ្រងប្រទេស សាវ៉ាត ត្រូវបានអង្គការឱ្យរស់នៅក្នុងកងចល័តនារីក្នុងភូមិអង្គប្រស្រែ ដោយបែកពីឪពុកម្តាយ។ សាវ៉ាត និយាយថា «ខ្ញុំធ្លាប់ឃើញសាកសពច្រើនណាស់ ស្ទើររាល់ថ្ងៃនៅតាមផ្លូវទៅធ្វើការ។ សាកសពខ្លះត្រូវបានគេសម្លាប់ថ្មីៗទុកចោល និងខ្លះទៀតកប់មិនត្រឹមត្រូវ»។ «កាលជំនាន់នោះ ខ្ញុំត្រូវរែកដីចេញពីរណ្តៅជ្រៅ ដើម្បីជីកធ្វើប្រឡាយ»។ សាវ៉ាត បន្តថា ទំនប់ដែលគាត់ជីកមានកម្ពស់ប្រហែលចុងត្នោត ហើយរបបអាហារវិញ គាត់ទទួលបានតែបបររាវ ១វែក ក្នុងម្នាក់សម្រាប់អាហារមួយពេល។
លើសពីនេះទៅទៀត សាវ៉ាត មានឈ្មោះក្នុងបញ្ជីរបស់អង្គការត្រូវនាំទៅសម្លាប់ ប៉ុន្តែដោយសារសំណាងល្អ ឈ្លបដែលនាំគាត់ទៅសម្លាប់នោះមានចិត្តមេត្តា ទើបគាត់អាចរស់រានមានជីវិតមកដល់សព្វថ្ងៃ។ ចំណែកឯនៅកងជីកប្រឡាយរបស់សាវ៉ាត តែងតែមានឈ្លបមកប្រមូលយុវជន-យុវនារីម្តង ៥ ទៅ ៦ នាក់ ដើម្បីយកទៅសម្លាប់។ សាវ៉ាត ឃើញបែបនេះក៏គិតក្នុងចិត្តថា បើបន្តរស់នៅបែបនេះ នឹងត្រូវគេសម្លាប់នៅថ្ងៃណាមួយជាក់ជាមិនខាន។ ថ្ងៃមួយ ឈ្លបបានប្រើសាវ៉ាត និងកងចល័តក្រុម «ក» ឱ្យជីករណ្តៅយ៉ាងច្រើន ដោយប្រាប់ថា ជីកអន្លង់សម្រាប់ធ្វើជាអណ្តូង។ សាវ៉ាត មានចម្ងល់ថា បើជីកអណ្តូងដើម្បីយកទឹកមកប្រើប្រាស់ ហេតុអ្វីក៏ជីកច្រើនម្ល៉េះ? ប៉ុន្តែគាត់មិនហ៊ានសួរនាំមេកងឡើយ។ រណ្តៅដែលសាវ៉ាត និងកងចល័តក្រុម «ក» ជីកមានចំនួនប្រហែល ៣០រណ្តៅ មានទំហំ ៤ម៉ែត្របួនជ្រុង និងមានជម្រៅ ៣ម៉ែត្រ។ ក្រោយមក សាវ៉ាត បានដឹងថា រណ្តៅដែលគាត់ និងកងចល័តក្រុម «ក» ជីកនោះ គឺត្រូវបានប្រើប្រាស់សម្រាប់កប់សាកសពដែលឈ្លបសម្លាប់។ ចំពោះជំនឿសាសនាវិញ ត្រូវបានខ្មែរក្រហមលុបបំបាត់តាមរយៈការយកបរិវេណវត្តធ្វើជាកន្លែងចិញ្ចឹមសត្វពាហនៈ បំផ្លាញព្រះពុទ្ធប្បដិមា និងផ្សឹកព្រះសង្ឃបង្ខំឱ្យទៅធ្វើការងារដូចប្រជាជនធម្មតា។ នៅពេលរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ សាវ៉ាត មានឱកាសត្រឡប់មករស់នៅជួបជុំជាមួយគ្រួសារវិញ។
បច្ចុប្បន្ន សាវ៉ាត ប្រកបរបរជាកសិករ នៅឃុំអង្គប្រស្រែ និងមានជំងឺប្រចាំកាយដូចជា៖ ជំងឺតម្រងនោម, ជំងឺលើសជាតិស្ករ, ជំងឺលើសសម្ពាធឈាម ព្រមទាំងជំងឺឈឺចង្កេះ និងឈឺជង្គង់៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

