ឆាយ ធី៖ ធ្វើការងារក្នុងឡូនេសាទស្រុក

នៅក្នុងឡូនេសាទស្រុក ខ្ញុំត្រូវធ្វើការងារដូចជា៖ ធ្វើសម្ភារនេសាទ, ជីកអាងចិញ្ចឹមត្រី, កាប់ព្រៃដាំដំណាំ, និងនេសាទសត្វគ្រប់ប្រភេទនៅក្នុងទន្លេ។ នៅពេលដែលហត់នឿយខ្លាំង ខ្ញុំបន់ឲ្យតែពេលយប់ឆាប់មកដល់ប៉ុណ្ណោះ ដើម្បីបានសម្រាក។ ចំពោះការហូបអាហារវិញ ខ្ញុំត្រូវហូបបបររាវៗលាយជាមួយបន្លែបន្តិចបន្តួច ប៉ុន្តែអាចរកត្រី ឬបង្កង ដែលសម្បូរនៅទីកន្លែងនោះយកទៅចម្អិនហូបរួមបានខ្លះ។

ឆាយ ធី[1] អាយុ៦៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធី ស្ថិតនៅក្នុងអង្គភាពឡូនេសាទស្រុក ដែលនៅក្នុងអង្គភាពមានសមាជិកប្រមាណ៥០ទៅ៦០នាក់ ដោយក្នុងនោះមានប្រធានឡូ ប្រធានក្រុម និងសមាជិក ហើយក្នុងមួយក្រុមៗមាន បុរស, ស្រ្ដី, យុវជន និងយុវនារី សម្រាប់ធ្វើការងារនៅក្នុងផ្នែកផ្សេងគ្នា។

នៅក្នុងឡូនេសាទ ធី និងអ្នកឯទៀតត្រូវធ្វើការងាររាល់ថ្ងៃ ទៅតាមពេលវេលា និងអង្គការចាប់តាំង។ ចំពោះ ធី ការងាររបស់គាត់គឺ កាប់សម្រាស់, ធ្វើព្រួល, រែងព្រួល, ធ្វើសម្ភារនេសាទ, ដាក់លប, និងរកត្រី នៅរដូវទឹកឡើង។ មួយវិញទៀត ធី ត្រូវធ្វើការងារជីកស្រះ ដើម្បីចិញ្ចឹមត្រីបន្ថែមទៀតចាប់ពីម៉ោងប្រមាណ៦ រហូតដល់ម៉ោងប្រមាណ១០យប់។ ចំណែកកូនត្រីដែលអង្គការដាក់ឲ្យចិញ្ចឹម ធី ត្រូវយកត្រកួន និងគ្រាប់ពោតមកបបរ រួចលុញជាដុំៗបោះឲ្យត្រីស៊ី។ នៅក្នុងការចិញ្ចឹមត្រី ក្នុងមួយអង្គការចាត់តាំងមនុស្សចំនួន ២ ទៅ៣នាក់ដើម្បីមើលថែស្រះមួយ។ ក្រៅពីការចិញ្ចឹមត្រី និងនេសាទ អង្គការបានចាត់តាំងធី និងមិត្តនៅក្នុងក្រុម ឲ្យទៅកាប់ព្រៃចេញ រួចយកដីទៅដាំដំណាំផ្សេងៗ។ នៅពេលដែលហត់នឿយខ្លាំង ធី បានទង្ទឹងរងចាំពេលវេលាឲ្យដល់ពេលយប់ឆាប់ៗ ដើម្បីបានសម្រាក។

ធី បានឲ្យដឹងថា ខ្លួនធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់ប៉ុន្មានទេ ព្រោះអង្គការបានធ្វើការបបរមួយខ្ទះដាក់អង្ករត្រឹមតែ៣កំប៉ុងប៉ុណ្ណោះ សម្រាប់លាយជាមួយបន្លែ។ លើសពីនេះទៅទៀត នៅពេលដែលដាច់ស្បៀងខ្លាំង អង្គការបានឲ្យអ្នកធ្វើការងារនៅក្នុងកងហូបពោតជំនួសបាយ ជាមួយសម្លបន្លែ ព្រលឹត, ល្ហុង, ខ្នុរ ឬគល់ចេក។ ទោះបីជាយ៉ាងណា នៅក្នុងឡូនេសាទ សម្បូរត្រីណាស់ ប៉ុន្តែ ធី និងអ្នកដទៃទៀតមិនអាចយកទៅចម្អិនហូបឯកជនបានទេ ហើយប្រសិនបើមានអ្នកធ្វើខុស អង្គការនឹងចាប់យកទៅកសាង ទិតៀន និងអប់រំណែនាំបន្ថែម។

ធី បានបន្តថា នៅពេលយកសម្រាស់ចេញពីឡូ គាត់កៀរបានត្រីប្រមាណ ៣ ទៅ៤តោនក្នុងមួយឡូ ប៉ុន្តែត្រីដែលប្រមូលបាន គាត់មិនបានដឹងច្បាស់ថាបញ្ជូនទៅខាងណានោះទេ។ ប៉ុន្តែបើតាមការយល់ឃើញរបស់ធី ត្រីទាំងអស់នោះប្រហែលជាដឹកទៅតាម មន្ទីរស្រុក, មន្ទីរតំបន់, ខាងកងទ័ព និងខាងសហករណ៍។ ចំពោះកបង្កង ធី រកបានពីឡូ ជាច្រើនរយក្បាល និងយកទៅស្ងោរក្នុងខ្ទះប្រមាណជាង១០ ប៉ុន្តែនៅពេលដែលឆ្អិនរួច ធី និងមិត្តនៅក្នុងក្រុមត្រូវសែងដាក់ចូលឡានចិនទាំងអស់ រួចដឹកចេញទៅ។ ចំពោះអ្នកដែលស្ងោរបង្កង គឺបានហូបមួយចំនួន ប៉ុន្តែមិនអាចលួចខ្ចប់យកទៅផ្ញើម្ដាយឪពុកក្នុងសហករណ៍ នៅពេលត្រលប់មកលេងផ្ទះម្ដងម្កាលៗនោះទេ ព្រោះប្រសិនបើអង្គការចាប់បានគឺត្រូវមានទោស។

ក្រៅពីការធ្វើការងារធ្ងន់ និងខ្វះខាតអាហារអាហារហូបចុក សម្លៀកបំពាក់ក៏ជាបញ្ហាមួយទៀតសម្រាប់ធី ព្រោះគាត់មានខោអាវប៉ាដឹបពណ៌ខ្មៅ តែពីរសម្រាប់ប៉ុណ្ណោះ។ នៅពេលដែលដាច់រហែក ធី ត្រូវធ្វើការដេរដោយខ្លួនឯង ឬអាចស្នើសុំមិត្តនារីឲ្យជួយដេរបាន។ ប៉ុន្តែនៅពេលដែលមានអង្គមេទិញ ឬសន្និបាតម្ដងៗ ធី បានបេះត្រួយស្លឹកស្រស់ យកទៅស្ងោរ រួចយកខោអាចទៅជ្រកល់ជាន់ផុក រហូតដល់មានពណ៌ខ្មៅភ្លឺថ្លា ទើបយកទៅហាលឲ្យស្ងួត ដើម្បីពាក់ចូលរួមកម្មវិធី។ ចំណែកក្រមា ធី បានឲ្យដឹងថា ជួនមាន ជួនអត់ ដូច្នេះគាត់ត្រូវប្រើក្រណាត់ខ្មៅសម្រាប់យកទៅបង់ក។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ធី បានរត់ត្រលប់មកជួបម្ដាយឪពុកទាំងសប្បាយចិត្ត។ ពេលទៅដល់ផ្ទះ ធី បានជួបជុំក្រុមគ្រួសារវិញ ព្រោះពេលនោះម្ដាយឪពុក​ និងបងប្អូនរបស់គាត់បានវិលត្រលប់មកពីភៀសខ្លួនដូចគ្នា។ នៅពេលជួបជុំគ្នា គ្រួសាររបស់ធី និងប្រជាជន បានទៅយកស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនពីសហករណ៍ និងចុះទៅប្រមូលផលស្រូវក្នុងស្រែ ដើម្បីយកទៅដាំបាយហូបតាមផ្ទះរៀងៗខ្លួន និងទុកសម្រាប់ធ្វើស្រែបន្តទៀត។

ក្រោយមក ធី បានដឹងថាមានតុលាការកាត់ទោះមេដឹកនាំខ្មែរក្រហម។ ធី ពេញចិត្តចំពោះការកាត់ទោសនេះណាស់ ព្រោះគាត់គឺជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ផ្ទាល់ ហើយគាត់នៅតែមានអារម្មណ៍ឈឺចាប់ចំពោះរបបប្រល័យពូជសាសន៍នេះ។ មួយវិញទៀត ធី គាំទ្រឲ្យមានការរក្សាទុកឯកសារ​ និងការបង្រៀនអំពីរបបខ្មែរក្រហម ព្រោះគាត់យល់ថាការសិក្សាគឺអាចជួយឲ្យក្មេងៗបានដឹង និងការពារកុំឲ្យរបបខ្មៅងងឹតនេះត្រលប់មកវិញម្ដងទៀត។

នៅពេលផ្ដល់បទសម្ភាសន៍ ធី ធ្លាប់មានអាការរោយក ឈឺក្បាល វិលមុខបន្តិចបន្តួច ព្រោះសម្ពាធឈាមរបស់គាត់ឡើងខ្ពស់ ប៉ុន្តែនៅពេលដែលគាត់ទិញថ្នាំលើសឈាមលេខ១០ពីពេទ្យឯកជនយកមកលេបជាប្រចាំ ទើបជំងឺរបស់គាត់បានជាសះស្បើយ។ មួយរយៈចុងក្រោយនេះ ធី មិនបានលេបថ្នាំបន្តទៀតទេ ព្រោះសម្ពាធឈាមរបស់គាត់ធម្មតាវិញ ប៉ុន្តែគាត់នៅតែមានការប្រុងប្រយ័ត្នជាប្រចាំ។ ក្រៅពីនេះ ធី មានអាការចុកដៃជើង និងធ្វើការងារធ្ងន់មិនកើត ប៉ុន្តែនៅពេលដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ជំងឺរបស់គាត់ប្រែជាសះស្បើយទាំងស្រុង។

[1] ជួបសម្ភាសន៍ជាមួយ ឆាយ ធី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដោយ គ្រី ភាព, នៅក្នុងគម្រោង ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin