ការបង្ខិតបង្ខំស្ទើរតែយកជីវិតទៅប្តូរ

(កំពង់ចាម)៖ ហម ហឿន អាយុ៧៩ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជីវិតក្នុងវ័យកុមាររបស់ ហឿន មិនទទួលបានការរៀនសូត្រពេញលេញឡើយ ដោយសារស្ថានភាពជីវភាពគ្រួសារមានការខ្វះខាតខ្លាំង។ ឪពុកឈ្មោះ ហម ម្តាយឈ្មោះ ណយ និងមានបងប្អូនចំនួន៦នាក់។ បច្ចុប្បន្ន ហឿន រស់នៅជាមួយភរិយារបស់គាត់ឈ្មោះ កេត ឡាង។
នៅក្នុងអំឡុងពេលនៃការផ្ទុះសង្គ្រាមរវាងទាហាន និងខ្មែរក្រហម ហឿន បានភៀសខ្លួនទៅកាន់តំបន់កៀនជ្រៃ ហើយក្រោយមកត្រូវបានគេជម្លៀសទៅរស់នៅតំបន់អូរដារ ឬហៅថាទួលក្របី។ នៅទីនោះ ហឿន ត្រូវបានចាត់តាំងឱ្យធ្វើជាឈ្លបយាមកាម និងធ្វើការងារផ្សេងទៀតតាមការបញ្ជារបស់អង្គការ។
ការងារប្រចាំថ្ងៃរបស់ ហឿន គឺឡើងត្នោត។ អង្គការបានកំណត់ទិន្នផលយ៉ាងតឹងរ៉ឹងបំផុត គឺត្រូវរកទឹកត្នោតឱ្យបាន១០០គីឡូក្រាមក្នុងមួយដើម។ ហឿន បាននិយាយថា៖ «ការកំណត់នេះគឺជាការបង្ខិតបង្ខំដែលស្ទើរតែយកជីវិតទៅប្តូរ ប៉ុន្តែនៅពេលមានការតវ៉ាពីសំណាក់ប្រធានក្រុម ទើបសកម្មភាពបង្ខំទាំងនោះមានការថយចុះខ្លះ»។
របបអាហារក្នុងរបបខ្មែរក្រហមមានភាពខ្វះខាតខ្លាំង។ ហឿន និងប្រជាជនដទៃទៀតត្រូវហូបបបររាវមានអង្ករតិចតួចបំផុតនៅក្នុងខ្ទះធំមួយសម្រាប់មនុស្សចំនួន១០០នាក់។ ជារឿយៗគាត់ត្រូវបេះត្រកួនមកស្ងោរជ្រលក់ជាមួយទឹកប្រហុកដែលលាយទឹកបន្ថែមឱ្យបានច្រើនដើម្បីចែកគ្នាហូប។ ក្រៅពីនោះ ហឿន ត្រូវលួចចាប់ក្តាម ខ្យង និងដំឡូងបន្ថែមដោយលួចលាក់ យកមកស្ងោរហូបនៅពេលយប់។ ក្នុងរបបនោះ យុវជន-យុវនារីដែលមានអាយុចន្លោះពី១៥ឆ្នាំឡើងទៅ ត្រូវបានបំបែកចេញពីគ្រួសារឱ្យទៅរស់នៅក្នុងកងចល័ត ដើម្បីធ្វើការងារធ្ងន់ៗដូចជាការលើកទំនប់ ជីកប្រឡាយ និងរែកដីលើសពី១២ម៉ោងក្នុងមួយថ្ងៃ។
ហឿន បានឃើញផ្ទាល់នឹងភ្នែកនូវការធ្វើទារុណកម្ម និងការសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។ មនុស្សត្រូវបានឈ្លបចាប់ចងស្លាបសេកដូចសត្វធាតុ ក្មេងតូចៗត្រូវបោកនឹងគល់ឈើ ចំណែកជនជាតិចាមត្រូវបានសម្លាប់សាកសពឡើងគរ រួចទម្លាក់ចូលក្នុងអណ្តូងទឹក។ ហឿន បាននិយាយថា នៅក្នុងរបបខ្មែរក្រហមអ្នកមានចំណេះដឹងដូចជា គ្រូបង្រៀន និងសាស្ត្រាចារ្យ ត្រូវបានចាប់យកទៅសម្លាប់ចោលទាំងអស់ ហើយជំនួសមកវិញដោយអ្នកមិនចេះអក្សរឱ្យធ្វើជាប្រធានក្រុម។ បងប្រុសរបស់ហឿន ត្រូវបានចាប់យកទៅសម្លាប់ចោលដោយមិនបានដឹងពីមូលហេតុ។
ហឿន រំលឹកថានៅក្នុងរបបខ្មែរក្រហម គ្មានសម្លៀកបំពាក់សមរម្យសម្រាប់ស្លៀកពាក់នោះទេ ក្នុងប្រជាជនម្នាក់មានសម្លៀកបំពាក់ចំនួនពីរសម្រាប់ប៉ុណ្ណោះ។ នៅក្នុងរបបនោះ វត្តអារាមត្រូវបិទទ្វារ ហើយព្រះសង្ឃត្រូវបង្ខំឱ្យសឹកមកធ្វើស្រែចម្ការដូចប្រជាជនទូទៅ។
បច្ចុប្បន្ន ហម ហឿន មិនមានជំងឺអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែការបាត់បង់សមាជិកគ្រួសារនៅតែជាស្នាមរបួសក្នុងចិត្តរហូតមកដល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ៖ ទូច ស្រីណាត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

