នុន ហឿន៖ ប្រធានកងសេនាជនភូមិ ឬហៅថាកងឈ្លប

នុន ហឿន អាយុ៧៩ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង​ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ហឿន មិនបានជម្លៀសទៅឆ្ងាយនោះទេ ដោយអង្គការបានបំបែកឲ្យធ្វើការងារផ្សេងគ្នានៅពេលថ្ងៃ និងត្រលប់មកស្នាក់នៅក្នុងផ្ទះវិញនៅពេលយប់។​ នៅក្នុងសហករណ៍ ហឿន មានតួនាទីជាប្រធានកងសេនាជន គ្រប់គ្រងកុមារកងឈ្លប ហើយប្រពន្ធរបស់គាត់ធ្វើការងារក្នុងកងបុកស្រូវយកអង្ករដាក់ក្នុងសហករណ៍។ ចំណែកកូនៗរបស់ហឿន ចំនួន៤នាក់ ដែលនៅតូចៗ គឺត្រូវចេញទៅធ្វើការងារក្នុងកងកុមារតែម្នាក់ប៉ុណ្ណោះ ហើយកូនតូចៗផ្សេងៗទៀតរស់នៅក្នុងមណ្ឌល និងរងចាំម្ដាយឪពុកចេញពីធ្វើការងារទៅយកមកផ្ទះវិញ។

ហឿន បានបន្តថា គ្រួសាររបស់គាត់មិនមានបាត់បង់ជីវិត ឬជួបប្រទះនូវការអត់ឃ្លាននោះទេ ព្រោះប្រពន្ធគាត់អាចលួចអង្កររួម យកទៅដាំបាយឲ្យកូនៗហូបនៅពេលយប់ ហើយប្រធានសហករណ៍ក៏មិនហ៊ានចាប់ ឬសួរនាំច្រើនដែរ។ ចំពោះ ហឿន អាចឈ្លៀតពេលគាត់ដើរយាមក្នុងភូមិ ឬចាំយកការណ៍តាមក្រោមផ្ទះរបស់ប្រជាជន ទៅលួចគាស់ដំឡូងយកទៅដុត ឬលួចអាហារពីរោងបាយពេលយប់។ នៅពេលថ្ងៃ ហឿន និងកុមារកងឈ្លប អាចទៅយកបបរនៅក្នុងរោងបាយហូបឲ្យឆ្អែត ទើបចេញទៅធ្វើការងាររៀងៗខ្លួន ដោយហឿន ធ្វើការងារឡើងកាប់ស្លឹកត្នោត, ភ្ជួរស្រែ និងមើលគោរួមជាច្រើននៅក្នុងឃុំ។

ហឿន បានឲ្យដឹងថា ការរៀបការនៅក្នុងសហករណ៍គឺធ្វើឡើងដោយការស្ម័គ្រចិត្តរបស់យុវជន និងយុវនារី។ ក្នុងអំឡុងពេលរៀបការ យុវជន ត្រូវដើរទៅចាប់ដៃជាមួយនារីដែលខ្លួនពេញចិត្តម្ដងម្នាក់ៗរហូតដល់អស់ ទើបអាចទៅរស់នៅជាមួយគ្នា។ នៅពេលយប់ឡើង ហឿន និងកុមារកងឈ្លប បានទៅសំងំយកការណ៍ក្រោមផ្ទះ ដើម្បីចង់ដឹងថាប្ដីប្រពន្ធថ្មីរស់នៅចុះសម្រុងគ្នាឬទេ។ នៅថ្ងៃបន្ទាប់ ប្ដីប្រពន្ធថ្មី ត្រូវបំបែកគ្នាទៅធ្វើការងាររៀងខ្លួនវិញក្នុងសហករណ៍ និងបានត្រលប់មកសម្រាកជាមួយគ្នានៅពេលយប់។

នៅពេលផ្ដល់បទសម្ភាស ហឿន មានជំងឺសួត និងក្អកជាប្រចាំ។ ដើម្បីព្យាបាលជំងឺ ហឿន បានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព និងពេទ្យឯកជន ព្រមទាំងបានទិញថ្នាំមួយចំនួនដើម្បីលេប។ ប៉ុន្តែការពិនិត្យសុខភាពនេះ មិនបានធ្វើឡើងញឹកញាប់នោះទេ ព្រោះគាត់មិនចង់ឲ្យគ្រូពេទ្យធ្វើការរុកច្រមុះដើម្បីស្វែងរកជំងឺកូវីដ-១៩។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin