អួន សន៖ អង្គការភ្នែកម្នាស់

អួន សន អាយុ៧៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ កាលពីក្មេង សន មានបងប្អូន២នាក់ ក្នុងនោះមានប្រុសម្នាក់។ បន្ទាប់ពីរៀបការរួច សន​ មានកូនចំនួន១១នាក់ និងបាត់បង់ជីវិតចំនួន២នាក់នៅក្នុងសម័យខ្មែរក្រហម។

នៅក្នុងឆ្នាំ១៩៧៥ អង្កការបានបង្កើតជាសហករណ៍ ប្រមូលទ្រព្យសម្បត្តិប្រជាជនទាំងអស់ធ្វើជារបស់រួម និងបែងចែកសមាជិកគ្រួសារឲ្យទៅធ្វើការងារផ្សេងគ្នា។ ចំពោះគ្រួសារសន អង្គការបានយកផ្ទះរបស់គាត់ឲ្យប្រជាជនថ្មីស្នាក់នៅជាច្រើនគ្រួសារ​ ហើយកូនៗរបស់គាត់ ដែលមានអាយុច្រើនល្មម ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារក្នុងកងចល័ត និងអាចត្រលប់មកលេងម្ដាយម្ដងម្កាល។

នៅពេលដែលបាត់បង់ផ្ទះ សន បានសង់ខ្ទមតូចមួយសម្រាប់រស់នៅ និងមិនបានបង្ហាញការស្ដាយស្រណោះ ឬប្រតវ៉ាប្រឆាំងនោះទេ គឺមានតែខំប្រឹងធ្វើស្រែ ដក ស្ទូង បុកស្រូវ និងរែកដីដំបូកតាមការកំណត់របស់អង្គការ។ ក្រោយមក អង្គការបានជម្លៀសប្រជាជនថ្មីចេញពីសហករណ៍ទាំងអស់ ហើយផ្ទះរបស់គាត់ ត្រូវធ្វើជាកន្លែងចុងភៅ និងកន្លែងផ្ទុកស្រូវបន្តទៀតមុនពេលបញ្ជូនតាមរថភ្លើងចេញទៅ។

សន បានឲ្យដឹងថា នៅក្នុងភូមិមហារាជ ធ្វើស្រូវបានទិន្នផលច្រើនណាស់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានភាគច្រើនគឺបបររាវៗ ហូបជាមួយសម្លម្ជូរព្រលឹត ឬត្រកួន។ ប៉ុន្តេនៅពេលដែលមានអង្ករដំណើម អង្គការបានធ្វើការដាំបបរស្ករចែកឲ្យប្រជាជនហូបយូរម្ដង។ នៅពេលដែលឃ្លានខ្លាំង សន មិនហ៊ានលួចអាហារហូបបន្ថែមនោះទេ បើទោះបីជាប្ដីរបស់គាត់ធ្វើការងារនៅក្នុងរោងចុងភៅ។ ថ្ងៃមួយកូនស្រីត្រលប់មកលេងផ្ទះ សន យករបបអាហាររបស់ខ្លួនទៅឲ្យកូន រួចប្រាប់ឲ្យកូនត្រលប់ទៅកងចល័តនៅភ្នំជីសូរវិញ ដើម្បីកុំឲ្យខាតការងារ។ សន បានឲ្យដឹងថា ប្រសិនបើខ្លួនហ៊ានលួចអាហារ ឬរហេតរហូត គឺប្រហែលស្លាប់បាត់ទៅហើយ  ព្រោះគាត់ដឹងថាអង្គការភ្នែកម្នាស់មានអ្នកតាមដានជាប្រចាំ។

នៅពេលផ្ដល់បទសម្ភាសន៍ សន  មានជំងឺសួត, លើសឈាម និងពេលខ្លះឈឺសន្លាក់ជើងម្ដងម្កាល។ សន គិតថាការឈឺសន្លាក់របស់គាត់គឺកើតឡើងដោយសារតែការខំប្រឹងធ្វើការងារឲ្យគ្រប់តាមផែនការណ៍ដែលអង្គការកំណត់ឲ្យក្នុងសម័យខ្មែរក្រហម។ ដើម្បីព្យាបាលជំងឺ សន បានទៅពិនិត្យសុខភាពនៅពេទ្យឯកជន និងបានទិញថ្នាំពេទ្យ​យកមកលេបជាញឹកញាប់។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin