យោធាមកពីភូមិភាគបូព៌ាត្រូវទទួលរងការធ្វើទារុណកម្មខ្លាំង

(ព្រៃវែង)៖ យុង អុល មានអាយុ៧៦ឆ្នាំ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦០ មានទីកន្លែងកំណើតនៅភូមិអំពិល ឃុំខ្មាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បច្ចុប្បន្ន អុល មានទីលំនៅនៅភូមិប្រស្រែក្រោយ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

នៅក្នុងរបបសង្គមរាស្ត្រនិយម ឪពុករបស់ អុល គឺជាមេឃុំខ្មាស។ ដោយសាររបបនោះប្រកាន់វណ្ណៈសក្តិភូមិ គ្រួសាររបស់ អុល មិនសូវបានធ្វើការងារស្រែចម្ការដូចអ្នកដទៃទេ។ ក្នុងអំឡុងពេលដែលមានការទម្លាក់គ្រាប់បែក ប្រជាជននាំគ្នាជីករណ្តៅត្រង់សេដើម្បីគេចពីគ្រាប់បែក ប៉ុន្តែនៅភូមិរបស់អុល មិនសូវរងការខូចខាតខ្លាំងនោះទេ ដោយសារគ្រាប់បែកភាគច្រើនធ្លាក់នៅតំបន់ទន្លេខាងព្រែកប្រសព្វ។

នៅចុងឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមបានចូលគ្រប់គ្រងដល់តំបន់ដែល​ អុល រស់នៅ។ នៅពេលនោះ ដោយសាររងការរើសអើងវណ្ណៈពីប្រជាជនក្នុងភូមិ អុល បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ជូន អុល ទៅហ្វឹកហាត់នៅព្រែកតាម៉ាក់ កោះចារាម និងត្រែងតាឯក។ ការហ្វឹកហាត់មានភាពលំបាកខ្លាំង ដោយតម្រូវឱ្យលូនក្រាប ហើយមិត្តរួមក្រុមចំនួន១២នាក់ បានស្លាប់បាត់បង់ជីវិតអស់សល់ត្រឹមតែ អុល ម្នាក់ឯងប៉ុណ្ណោះ។ នៅពេលខ្មែរក្រហមវាយយករាជធានីភ្នំពេញបាន អុល ត្រូវផ្លាស់ប្ដូរទៅរស់នៅខេត្តកំពង់សោមជាមួយកងពល១៦៤។ នៅទីនោះ អុល បានរងរបួសត្រូវគ្រាប់កាំភ្លើងបណ្តាលឱ្យខូចដៃ។ ក្នុងនាមជាទាហានជួរមុខ អុល មិនបានដឹងពីសុខទុក្ខរបស់ឪពុកម្តាយ ឬស្ថានភាពប្រជាជននៅក្នុងសមរភូមិក្រោយឡើយ។

ក្រោយព្រឹត្តិការណ៍បែកពី សោ ភឹម ខ្មែរក្រហមបានបញ្ជូន អុល ទៅកោះរុងសន្លឹមដើម្បីរែកដីទប់ទំនប់សមុទ្រ និងរែកទឹក។ បន្ទាប់មក ខ្មែរក្រហមបានបញ្ជូន អុល បន្តទៅស្ទឹងហាវដើម្បីរែកថ្មទប់ទំនប់។ ដោយសារ អុល មកពីភូមិភាគបូព៌ា អង្គការបានធ្វើទារុណកម្ម បង្ខំឱ្យរែកដីនិងថ្មធំៗ ព្រមទាំងមិនផ្តល់អាហារឱ្យហូបគ្រប់គ្រាន់ឡើយ ដោយកំណត់ត្រឹមបាយមួយចានសម្រាប់មនុស្សម្នាក់។ លើសពីនេះ ខ្មែរក្រហមបានបញ្ជូន អុល ឱ្យទៅធ្វើម្ហូបសម្រាប់អ្នកធ្វើការនៅលើកប៉ាល់ចម្បាំង។ នៅឆ្នាំ១៩៧៥ អុល បានរត់ទៅតំបន់កោះកុង និងស្រែអំបិល ដើម្បីរៀបចំកម្លាំងវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ពេលបាក់ទ័ព អុល រត់គេចពីខេត្តកោះកុង ទៅខេត្តកំពង់សោម រហូតឆ្លងដែនទៅដល់ប្រទេសថៃ។ អុល បានឃើញទាហានថៃធ្វើបាបប្រជាជនខ្មែរយ៉ាងខ្លាំង ជាពិសេសក្មេងស្រី ហើយដោយសារទ្រាំមើលមិនបាន អុល បានរត់ចេញពីទីនោះ។

អុល បានចាញ់បោកការឃោសនារបស់អង្គការនៅតំបន់ឡែមម្តងទៀត ដែលសន្យាថាមិនឱ្យខ្វះខាតអាហារទើបត្រឡប់ទៅវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម។ ពេលនោះ អុល កាន់កង៥០ ប៉ុន្តែដោយសារភាពលំបាកខ្វះខាតអាហារ មានត្រឹមតែចេកនិងត្រីងៀត គាត់បានរត់ត្រឡប់ទៅប្រទេសថៃវិញ។ អុល បានទៅស្នាក់នៅវត្តបឹងឆ្នាំង មុនពេលអង្គការសិទ្ធិមនុស្សប្រកាសផ្លាស់ប្តូរប្រជាជនឱ្យទៅរស់នៅក្នុងជំរំជនភៀសខ្លួន។

នៅឆ្នាំ១៩៩៣ ជំរំជនភៀសខ្លួនត្រូវបានបិទ។ បន្ទាប់ពីទទួលបានដំណឹងថាឪពុកម្តាយនៅមានជីវិត អុល បានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញនៅខែវិច្ឆិកា ឆ្នាំដដែល។ ពេលមកដល់ស្រុកកំណើត អុល បានជួបម្តាយកំពុងធ្វើបុណ្យកឋិន ដោយដំបូងស្មានថាគេធ្វើបុណ្យសពឪពុកម្តាយទៅហើយ។ ឪពុករបស់ អុល បានស្លាប់តាំងពីសម័យខ្មែរក្រហមមកម្ល៉េះដោយសារជំងឺ៕

សម្ភាសន៍ដោយ៖ ឆៃ កន្និកា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin