កងចល័តភូមិក្រៅ

(ខេត្តស្វាយរៀង) តី សាគុន មានអាយុ ៦៤ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សាគុន មានឪពុកឈ្មោះ តី សុន (ស្លាប់) និងម្តាយឈ្មោះ ជុំ គង់ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៩នាក់ រួមមាន៖ ស៊ាង សាគន់, ស៊ាង សុខា (ស្លាប់), ស៊ាង សុម៉ាលី, ស៊ាង ថាវុធ, ស៊ាង ថាវង់, ស៊ាង ថាវី, ស៊ាង វុទ្ធី, ស៊ាង វណ្ណថន និង ស៊ាង ថុន។ កាលពីកុមារភាព សាគុន រៀនសូត្របានតិចតួចក៏ឈប់រៀន និងបាននៅជួយធ្វើការងារស្រែចម្ការឪពុកម្តាយ។

នៅក្នុងរបប លន់ នល់ សាគុន បានឃើញមានការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងនៅក្នុងភូមិ ដែលបណ្តាលឱ្យការរស់នៅជួបប្រទះទុក្ខលំបាក​។ គាត់ និងគ្រួសារត្រូវរត់គេចពីភូមិមួយទៅភូមិមួយទៀត ដើម្បីសុវត្ថិភាព ហើយគ្រួសារពុំអាចប្រកបរបររកស៊ី និងធ្វើស្រែចម្ការបានពេញលេញដូចក្នុងរបបសង្គមរាស្ត្រនិយមនោះទេ។

ក្រោយមក នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានទទួលជ័យជម្នះលើរបប លន់ នល់ និងគ្រប់គ្រងប្រទេសទាំងស្រុង។ កាលនោះ សាគុន និងគ្រួសារកំពុងរស់នៅភូមិក្រៅ ដែលជាស្រុកកំណើតរបស់ខ្លួន។ គាត់ត្រូវបានអង្គការចាត់តាំងឱ្យទៅរស់នៅក្នុងកងកុមារ ដាច់ឆ្ងាយពីឪពុកម្តាយ ហើយត្រូវទៅឃ្វាលគោក្របីតាមការចាត់តាំងរបស់ប្រធានកងកុមារ។

ក្រោយមក នៅពេលមានអាយុគ្រប់គ្រាន់ សាគុន ត្រូវបានបញ្ចូលទៅក្នុងកងចល័តនារី ដែលជាកម្លាំងស្រួចរបស់សហករណ៍។ គាត់ត្រូវចេញទៅជីក​​ដីលើកទំនប់ និងជីកប្រឡាយនៅឆ្ងាយពីភូមិ ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ពេលល្ងាច ទើបអាចត្រឡប់មកសម្រាកជុំគ្នាជាមួយសមាជិកកងចល័តនារីវិញ។ នៅរដូវវស្សា សាគុន ត្រូវចេញទៅស្ទូង និងច្រូតស្រូវ ព្រមទាំងប្រមូលទិន្នផលស្រូវ ដើម្បីរក្សាទុកក្នុងឃ្លាំងរួមរបស់សហករណ៍។

សាគុន និយាយថា របបខ្មែរក្រហមជារបបមួយធ្វើបាបប្រជាជនយ៉ាងខ្លាំង។ ក្រៅពីត្រូវធ្វើការងារធ្ងន់ធ្ងរដោយគ្មានពេលសម្រាកគ្រប់គ្រាន់ហើយ ប្រជាជនក៏មិនទទួលបានអាហារហូបចុកគ្រប់គ្រាន់ទៀតផង។ ក្នុងមួយថ្ងៃ សាគុន ដូចប្រជាជនដទៃទៀតដែរ គឺទទួលបានតែបបរ ២វែក សម្រាប់អាហារ ២ពេលប៉ុណ្ណោះ។ គាត់មានអារម្មណ៍ស្រេកឃ្លានយ៉ាងខ្លាំង ប៉ុន្តែមិនហ៊ាននិយាយទេ ព្រោះខ្លាចអង្គការចោទប្រកាន់ ឬនាំយកទៅសម្លាប់ចោល។

ក្រោយពីរបបខ្មែរក្រហមដួលរលំ សាគុន បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ សព្វថ្ងៃ សាគុន រស់នៅក្រោមការផ្គត់ផ្គង់របស់កូនៗ និងមើលថែចៅៗនៅផ្ទះ ព្រមទាំងមានជំងឺក្រពះពោះវៀន និងជំងឺសន្លាក់៕

អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin