កោរសក់ និងបង្ខំឱ្យធ្វើការដោយមិនពាក់អាវ

(កំពង់ធំ)៖ វាំង មុត អាយុ៨០ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ បច្ចុប្បន្ន មុត មានជំងឺក្រពះពោះវៀន ពិបាកបរិភោគអាហារចេះតែរាករូស និងឈឺបំពង់ក។

មុត បានរៀបការមុនសម័យខ្មែរក្រហម ដោយមានពិធីមង្គលការរយៈពេលបីថ្ងៃពេញ តាមប្រពៃណីធម្មតា។ បន្ទាប់ពីរៀបការបានបីឆ្នាំ ស្វាមីរបស់គាត់បានទទួលមរណភាព។ មុត មានកូនពីរនាក់។

នៅឆ្នាំ១៩៧០ ស្ថានភាពលំបាកបានចាប់ផ្តើមឡើង អំឡុងពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ នៅពេលនោះខ្មែរក្រហមចាប់ផ្ដើមមានឥទ្ធិពលបានចូលកាន់កាប់ ព្រមទាំងប្រមូលយកទ្រព្យសម្បត្តិ ស្រូវអង្ករ និងសម្ភារប្រើប្រាស់របស់ប្រជាជនស្ទើរតែទាំងអស់។ ខ្មែរក្រហមបានប្រមូលយកស្រូវជាច្រើនពីអ្នកភូមិ ហើយទុកឱ្យប្រជាជនត្រឹមតែមួយតៅសម្រាប់ម្នាក់ប៉ុណ្ណោះ។ នៅភូមិរបស់ មុត មានការទម្លាក់គ្រាប់បែកនៅតំបន់អូរស្វាយ និងនៅតាមដងស្ទឹងមួយចំនួន។

នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងកាន់អំណាច មុត មានអាយុ២៨ឆ្នាំ និងជាប្រជាជនមូលដ្ឋាន។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅទីក្រុង និងទីប្រជុំជនឱ្យមកធ្វើស្រែចម្ការនៅតំបន់ជនបទ។ ប្រជាជនត្រូវបានបង្ខំឱ្យធ្វើការងារ ដូចជាកាប់ដី រែកដីនៅបាតបឹង លើកទំនប់ និងស្ទូងស្រូវ។ ចំណែក មុត មានភារកិច្ចដាំចេក ដាំដំឡូង និងដាំដំណាំផ្សេងៗ។ ជារៀងរាល់ព្រឹក គាត់ត្រូវកាន់ចប និងបង្គីចេញទៅធ្វើការ។ ប្រជាជនធ្វើពលកម្មត្រូវបានប្រើហួសកម្លាំង ហើយបើមាននរណាម្នាក់ឈឺ ឬដួលសន្លប់ ក៏គ្មានអ្នកមើលថែទាំឡើយ។ សូម្បីតែអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យមិនទទួលបានបបរគ្រប់គ្រាន់ដែរ ហើយរបបអាហារត្រូវបានកាត់បន្ថយមកនៅត្រឹមអង្ករកន្លះកំប៉ុងក្នុងមួយថ្ងៃ។

មុត បានឃើញខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់មនុស្សនៅតំបន់ព្រៃ។ អ្នកដែលលួចយកចំណីអាហារត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដូចជាការធ្វើទារុណកម្ម កោរសក់ និងបង្ខំឱ្យធ្វើការដោយមិនពាក់អាវ។ មុត ក៏បានរៀបរាប់ពីករណីរបស់ សែម ដែលបានលួចបេះល្ហុងឱ្យអ្នកជម្លៀសដោយក្តីអាណិត ប៉ុន្តែនៅពេលខ្មែរក្រហមចាប់បាន សែម ត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

អ្នកភូមិរបស់មុត ចំនួនបីនាក់ រួមមាន ធុង ឡាយ និង ស៊ាង ត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម។ នៅសម័យនោះ អ្នកចេះដឹងមិនត្រូវបានទុកជីវិតឡើយ ពោលគឺត្រូវបានយកទៅសម្លាប់ចោលស្ទើរតែទាំងអស់។ មុត ក៏ធ្លាប់បានឃើញខ្មែរក្រហមផ្សឹកព្រះសង្ឃ ហើយទីធ្លាវត្តអារាមត្រូវបានកែច្នៃជាកន្លែងផលិតជីលាមក។ មុត ត្រូវបានបញ្ជាឱ្យយកជីទាំងនោះទៅដាក់នៅស្រែបឹងប្រា។ បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ មុត រស់នៅជាមួយនឹងកូនរបស់គាត់ និងប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត៕

សម្ភាសន៍ដោយ៖ ហួន ធាវី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin