ស្អប់នរណា សម្លាប់អ្នកនោះ

(កណ្ដាល)៖ រ៉ិត អប់ អាយុ៦៦ឆ្នាំ រស់នៅភូមិក្ដីកណ្ដាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ បច្ចុប្បន្នអប់មានបញ្ហាសន្លាក់ដៃ-ជើង។ អប់ បានចែករំលែកសាច់រឿងរ៉ាវដែលគាត់ធ្លាប់បានឆ្លងកាត់តាំងពីរបប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់មកកាន់អ្នកស្ម័គ្រចិត្តដូចខាងក្រោម៖

នៅឆ្នាំ១៩៧០ មានព្រឹត្តការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ រួមជាមួយគ្នានោះមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពសត្រូវ។ ភាពអសន្តិសុខនៅក្នុងប្រទេសកាន់តែខ្លាំងក្លា ប្រជាជនជាច្រើនគ្រួសារបានភៀសខ្លួនចេញពីផ្ទះ ហើយប្រជាជនមួយចំនួនបាននាំសមាជិកគ្រួសារចូលពួននៅក្នុងរណ្ដៅត្រង់សេ។ ការទម្លាក់គ្រាប់បែកបានបណ្ដាលឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្សេងៗស្ទើរតែទាំងស្រុង។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមវាយដណ្ដើមបានទីក្រុងភ្នំពេញពីទាហាន លន់ នល់។ ខ្មែរក្រហម បានជម្លៀស អប់ និងគ្រួសារ ព្រមទាំងប្រជាជននៅក្នុងភូមិរបស់គាត់ ទៅខេត្តបាត់ដំបង។ អប់ ព្រមទាំងអ្នកដែលត្រូវជម្លៀស ចាប់ផ្ដើមចេញដំណើរពីទីក្រុងភ្នំពេញតាមរយៈកាណូតទៅដល់អូរស្មាច់ ហើយជិះរថភ្លើងបន្តទៅដល់ខេត្តបាត់ដំបង។ បន្ទាប់ពីចុះពីរថភ្លើង អប់ ត្រូវជិះរទេះគោរហូតដល់កំពីងពួយ។

នៅក្នុងរបបខ្មែរក្រហម អប់ បានស្នាក់នៅ និងធ្វើការងារនៅសហករណ៍ក្នុងខេត្តបាត់ដំបង។ នៅពេលនោះខ្មែរក្រហម បានចាត់តាំងឱ្យ អប់ លើកទំនប់ និងដកស្ទូង។ អប់ បានធ្វើការងារតាមអ្វីដែលអង្គការបញ្ជា គាត់មិនហ៊ានតវ៉ាប្រឆាំងឡើយ។ គាត់ខិតខំធ្វើការណាស់ ព្រោះខ្លាចអង្គការចាប់យកទៅសម្លាប់ចោល។

នៅក្នុងរបបខ្មែរក្រហម អប់ មានអាយុ១៦ឆ្នាំ ពេលនោះគាត់ធ្វើការងារនៅក្នុងកងចល័ត។ អប់ មិនបានរស់នៅជុំជាមួយគ្រួសាររបស់គាត់ឡើយ។ អប់ ត្រូវបានចាត់តាំងឱ្យទៅស្នាក់នៅរួម និងបរិភោគរួមក្នុងសហករណ៍ជាមួយនឹងកុមារដទៃទៀត។ អប់ បាននិយាយថានៅក្នុងរបបខ្មែរក្រហម គ្មានពេលវេលាសម្រាកបានគ្រប់គ្រាន់ឡើយ សូម្បីតែថ្ងៃបុណ្យទាន។ នៅពេលដែលគាត់ធ្វើការងារនៅក្នុងកងចល័ត រយៈពេលមួយខែទើបគាត់អាចទៅសួរសុខទុក្ខគ្រួសារម្ដង។ ការអនុញ្ញាតឱ្យទៅសួរសុខទុក្ខសមាជិកគ្រួសារ គឺមានរយៈពេលត្រឹមតែមួយថ្ងៃ ឬមួយយប់ប៉ុណ្ណោះ។

អប់ បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម គាត់មិនបានរៀនអក្សរជ្រៅជ្រះឡើយ, គាត់ចេះអក្សរត្រឹមតែ៥តួប៉ុណ្ណោះ ហើយក្រៅពីនោះគឺបណ្ដុះបណ្ដាលឱ្យកុមារគោរពដឹងគុណព្រោះអង្គការជាឪពុកម្ដាយ និងយល់ដឹងពីមាគ៌ានយោបាយរបស់អង្គការ។

នៅក្នុងរបបខ្មែរក្រហម មិត្តភក្ដិម្នាក់របស់ អប់ ឈ្មោះ ស្រស់ ត្រូវបានឈ្លបចាប់យកទៅសម្លាប់ចោល ដោយចោទប្រកាប់ថាជាកូនកាត់វៀតណាម។ អប់ បានលើកឡើងថា៖ «ការសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម គ្មានការរកខុសត្រូវឡើយ ស្អប់នរណាសម្លាប់អ្នកនោះ, សង្ស័យនរណាសម្លាប់អ្នកនោះ។ មិនខ្វល់ទេថាអ្នកនោះជាមនុស្សស្មោះត្រង់ឡើយ»។

អប់ ត្រូវបានអង្គការរៀបចំឱ្យមានគ្រួសារនៅក្នុងរបបខ្មែរក្រហម តាមការស្នើសុំរបស់យុវជនដែលត្រូវប្ដីរបស់គាត់។ ក្រោយពីមានការស្នើសុំនោះ អប់ មិនបានប្រកែកនឹងការស្នើសុំឡើយ ព្រោះគាត់គិតថាប្រសិនជាគាត់ប្រកែកអាននឹងមិនជីវិតរស់បន្ត។ អប់ និងប្ដីរបស់គាត់ ព្រមទាំងយុវជន-យុវនារី មួយចំនួនទៀតបានរៀបការក្នុងថ្ងៃតែមួយ។ បន្ទាប់រៀបការរួច ខ្មែរក្រហមបានអនុញ្ញាតឱ្យ អប់ ទៅសួរសុខទុក្ខសមាជិកគ្រួសារចំនួន៣ថ្ងៃ។ បន្ទាប់ពីរបបខ្មែរក្រហម ត្រូវបានផ្ដួលរំលំ អប់ និងគ្រួសារបានវិលត្រឡប់មករស់នៅក្នុងស្រុកកំណើតរបស់គាត់វិញ៕

សម្ភាសន៍ដោយ៖ ឡាំ សុជាតា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin