យកដំឡូងមកហូបបំបាត់ការស្រេកឃ្លាន

(ព្រះវិហារ)៖ គុយ សាខុំ អាយុ៦២ឆ្នាំ រស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ បច្ចុប្បន្នគាត់មានបញ្ហាសន្លាក់ដៃជើង និងជំងឺក្រពះ-ពោះវៀន។

មុនពេលប្រទេសជួបវិបត្តិសង្គ្រាម សាខុំ រស់នៅជាមួយឪពុកម្តាយ បងប្អូន និងមានមុខរបរជាអ្នកធ្វើស្រែចម្ការ។ ការរស់នៅនៅពេលនោះមានភាពសាមញ្ញ ស្ងប់ស្ងាត់ និងពឹងផ្អែកលើការងារកសិកម្ម។ ប៉ុន្តែនៅឆ្នាំ១៩៧០ ពេលស្ថានភាពនយោបាយបានប្រែប្រួល។ ប្រជាជនក្នុងភូមិជាច្រើននាំគ្នារត់គេចពីការបាញ់ប្រហារ ហើយមួយចំនួនទៀតបានលាក់ខ្លួននៅក្នុងព្រៃ ដើម្បីរក្សាជីវិតឱ្យផុតពីគ្រោះថ្នាក់។ សាខុំ នៅវ័យក្មេងបានឃើញការរត់គេច ការបែកបាក់ និងភាពចលាចលដែលកើតមាននៅជុំវិញខ្លួន។ រឿងទាំងនេះបានធ្វើឱ្យ សាខុំ ចាប់ផ្តើមស្គាល់អារម្មណ៍ភ័យខ្លាចតាំងពីក្មេង។

នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងតំបន់រស់នៅរបស់ សាខុំ ការរស់នៅរបស់ប្រជាជនត្រូវបានផ្លាស់ប្ដូរទាំងស្រុង។ មនុស្សគ្រប់គ្នាត្រូវបោះបង់របៀបរស់នៅចាស់ ហើយត្រូវធ្វើតាមបញ្ជារបស់អង្គការ។ ទ្រព្យសម្បត្តិ ស្រូវអង្ករ និងសម្ភារប្រើប្រាស់ផ្សេងៗត្រូវបានប្រមូលដាក់ជារបស់រួម។ គ្រួសារច្រើនត្រូវបានបំបែកចេញពីគ្នា ហើយមនុស្សម្នាក់ៗត្រូវបានចាត់តាំងឱ្យទៅធ្វើការតាមក្រុម។ សាខុំ ត្រូវបានបំបែកចេញពីឪពុកម្តាយ និងបងប្អូន ហើយត្រូវចាត់តាំងឱ្យទៅនៅក្នុងកងកុមារ។

នៅក្នុងកងកុមារ សាខុំ ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់អង្គការ។ ពេលព្រឹកត្រូវរៀន ពេលល្ងាចឬពេលយប់ត្រូវធ្វើការងារដោយមិនបានសម្រាកគ្រប់គ្រាន់។ ការងារដែលត្រូវធ្វើរួមមានច្រូតស្រូវ លើកទំនប់ ជីកប្រឡាយ និងការងារមួយផ្សេងទៀត។ សាខុំ មានអាយុតិច ប៉ុន្តែត្រូវធ្វើការដូចមនុស្សពេញវ័យ។ សាខុំ បាននិយាយថា អាហារដែលទទួលបាននៅក្នុងរបបខ្មែរក្រហមមានតែបន្តិចបន្តួចប៉ុណ្ណោះ មិនអាចបំពេញភាពស្រេកឃ្លានបានទេ។ ពេលឃ្លានខ្លាំង សាខុំ បានយកដំឡូងមកហូប ដើម្បីបំបាត់ការស្រេកឃ្លាន ប៉ុន្តែគាត់ត្រូវទទួលរងទណ្ឌកម្មព្រោះអង្គការតាមទាន់។

ក្រោយមក សាខុំ ត្រូវបានផ្លាស់ទៅតំបន់ផ្សេង ហើយបន្តធ្វើការនៅក្នុងកងយុវជន។ ទោះទៅដល់ទីណា ការងារលំបាក និងភាពអត់ឃ្លាននៅតែមានជាប់ជានិច្ច។ សាខុំ បាននិយាយថា មនុស្សជាច្រើនដែលរស់នៅក្នុងសហករណ៍បានធ្លាក់ខ្លួនឈឺ និងស្លាប់ដោយសារកង្វះអាហារ ឬការធ្វើការហួសកម្លាំង។ សាខុំ បានឃើញទិដ្ឋភាពទាំងនេះដោយផ្ទាល់ ហើយវាបានក្លាយជាការចងចាំមួយដែលមិនអាចភ្លេចបាន។ មានពេលមួយ សាខុំ ត្រូវបានអង្គការចាត់តាំងឱ្យទៅជួយការងារនៅក្នុងមន្ទីរពេទ្យ។ ការងារនេះផ្តល់ឱកាសឱ្យ សាខុំ បានរៀនចាក់ថ្នាំ រៀនព្យាបាលជំងឺ និងរៀនផលិតថ្នាំពីឫសឈើ សំបកឈើ និងស្លឹករុក្ខជាតិ។

សាខុំ បានប្រឹងរៀននិងអនុវត្តន៍ការងារនេះ ដោយសារតែវាជាមធ្យោបាយមួយដែលអាចជួយឱ្យខ្លួនមានឱកាសរស់បន្ត។ ការធ្វើការងារនៅក្នុងមន្ទីរពេទ្យ សាខុំ ទទួលបានអាហារល្អជាងមុនបន្តិច និងមិនសូវត្រូវធ្វើការងារធ្ងន់ដូចពេលមុន។ ទោះជាយ៉ាងណា ជីវិតនៅក្នុងរបបនោះនៅតែពោរពេញដោយការភ័យខ្លាច ព្រោះមនុស្សមិនដឹងថាពេលណាខ្លួនអាចត្រូវចាប់ខ្លួន ឬបាត់បង់ជីវិត។ មនុស្សរស់នៅដោយការភ័យ និងគ្មានអ្នកណាហ៊ាននិយាយអ្វីតាមចិត្តឡើយ។

នៅពេលដែលរបបខ្មែរក្រហមដួលរលំ សាខុំ បានរួចផុតពីការគ្រប់គ្រង និងបានវិលត្រឡប់មកស្រុកកំណើតវិញ។ ការវិលត្រឡប់មកជួបគ្រួសារវិញគឺជារឿងសំខាន់ក្នុងជីវិតរបស់ សាខុំ ព្រោះក្រោយពីបែកគ្នាយូរ ទើបមានឱកាសបានជួបជុំគ្នាម្តងទៀត៕

សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin