ខ្មែរក្រហមបង្ខំព្រះសង្ឃឱ្យលាចាកសិក្ខាបទ

(ខេត្តស្វាយរៀង) ទេព វន មានអាយុ ៦៣ ឆ្នាំ និងមានស្រុកកំណើតនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់គាត់ឈ្មោះ ទេព និងម្តាយឈ្មោះ អ៊ូ ផាប់។ គាត់គឺជាកូនពៅ ក្នុងគ្រួសារដែលមានបងប្អូនសរុបចំនួន ៨ នាក់។ កាលពីកុមារភាព គាត់បានរៀនសូត្រត្រឹមថ្នាក់ទី៣ ក្នុងសម័យសង្គមរាស្ត្រនិយម។
រឿងរ៉ាវដែល វន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការបង្ខំឱ្យគាត់លាចាកសិក្ខាបទពីព្រះសង្ឃ។ នៅពេលនោះគាត់ជាកូនសិស្សវត្ត និងស្នាក់នៅក្នុងវត្ត ដើម្បីបម្រើព្រះសង្ឃ។ វន បានឃើញព្រះសង្ឃជាច្រើនអង្គត្រូវបានបង្ខំឱ្យផ្សឹក ហើយបន្ទាប់មកត្រូវចេញទៅធ្វើស្រែ, ជីកទំនប់ និងជីកប្រឡាយដូចប្រជាជនទូទៅដែរ និងត្រឡប់ទៅរស់នៅជាមួយកុមារដទៃទៀតក្នុងភូមិ ហូបអាហាររួម និងធ្វើការងាររួមនៅតាមការដ្ឋាននានា។ នៅឆ្នាំ១៩៧៦ អង្គការបានជម្លៀស វន ដោយបង្ខំឱ្យទៅរស់នៅស្រុកព្រៃកប្បាស អស់រយៈពេលប្រមាណមួយឆ្នាំ មុនពេលបន្តជម្លៀសទៅខេត្តព្រៃវែង។ ក្រោយពីរស់នៅខេត្តព្រៃវែងបានប្រមាណមួយឆ្នាំទៀត ក្នុងអំឡុងឆ្នាំ១៩៧៨ គាត់ និងក្រុមគ្រួសារត្រូវបានជម្លៀសបន្តទៅខេត្តពោធិ៍សាត់ ដោយធ្វើដំណើរតាមរថភ្លើង។ នៅពេលទៅដល់ខេត្តពោធិ៍សាត់ វន ត្រូវបានចាត់តាំងឱ្យធ្វើការងារជីកព្រែក, ជីកទំនប់ និងជីកប្រឡាយ នៅតំបន់ដំណាក់រុន។ ក្នុងអំឡុងពេលរស់នៅទីនោះ គាត់ត្រូវបែកចេញពីឪពុកម្តាយ ព្រោះអង្គការមិនអនុញ្ញាតឱ្យសមាជិកគ្រួសាររស់នៅជួបជុំគ្នាឡើយ។ ចំណែកការហូបចុកវិញ មានការខ្វះខាតយ៉ាងខ្លាំង។ គាត់ និងប្រជាជនដទៃទៀតទទួលបានអាហារតាមការបែងចែករបស់អង្គការ ដែលមិនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ ខណៈដែលត្រូវធ្វើការងារធ្ងន់ហួសពីកម្លាំង។ នៅតំបន់ដំណាក់រុន ខេត្តពោធិ៍សាត់ វន ធ្លាប់ឃើញឈ្លបបណ្តើរប្រជាជនចេញពីការដ្ឋានការងារទៅដោយមិនដឹងគោលដៅ ហើយបាត់ខ្លួនមិនដែលឃើគត្រឡប់មកវិញ។ តាមការចងចាំរបស់វន ប្រជាជនជាច្រើនត្រូវបានចាប់ខ្លួន និងនាំខ្លួនចេញទៅដោយពុំមានការកាត់ទោស ឬការជំនុំជម្រះណាមួយឡើយ។ អ្នកដែលត្រូវបាននាំចេញភាគច្រើនតែងតែបាត់ខ្លួនមិនដែលឃើញត្រឡប់មកការដ្ឋានការងារវិញឡើយ។ ក្រៅពីនេះ វន ក៏បានឃើញការរឹតត្បិតលើការប្រណិប័តន៍សាសនាយ៉ាងខ្លាំង។ ឈ្លបបានហាមឃាត់ប្រជាជនមិនឱ្យគោរពប្រតិបត្តិសាសនាហើយវត្តអារាមជាច្រើនកន្លែងត្រូវបានបំផ្លិចបំផ្លាញ។ វត្តអារាមត្រូវបានបម្លែងទៅជាសហករណ៍, ឃ្លាំងស្តុកស្រូវអង្ករ ឬប្រើប្រាស់សម្រាប់ជាមន្ទីរឃុំឃាំងជាដើម។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វន និងគ្រួសារបានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញរហូតមកដល់បច្ចុប្បន្ន។ សព្វថ្ងៃ គាត់ប្រកបរបរជាកសិករ និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ចំពោះស្ថានភាពសុខភាព វន ធ្លាប់ទទួលការវះកាត់ប្រមាត់ ហើយបច្ចុប្បន្នកំពុងមានជំងឺរលាកទងសួតរ៉ាំរ៉ៃ៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

