ផៃ ពៅ៖ “អត់មានម្ដាយហៅនឹងគេ”

ផៃ ពៅ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖​ ផៃ ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ពៅ ជាកសិករ រស់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ពៅ មានបងប្អូនចំនួន៥នាក់។ កាលពីកុមារភាព ពៅ បានរៀនសូត្រនៅសាលាវត្តទួលសង្កែ រយៈពេលមួយខែ។ នៅរបបខ្មែរក្រហម ពៅ បានបាត់បង់ឪពុកម្ដាយ និងបងរបស់គាត់ម្នាក់។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស ខ្មែរក្រហមក៏ចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយខ្មែរក្រហមប្រកាសថា ចាកចេញតែបីថ្ងៃប៉ុណ្ណោះ។ នៅពេលនោះ គ្រួសាររបស់ពៅ បានកប់សម្ភារមានតម្លៃ និងយកត្រឹមតែសម្លៀកបំពាក់បន្តិចបន្តួចជាប់ខ្លួនមកជាមួយប៉ុណ្ណោះ។ ខ្មែរក្រហមជម្លៀសគ្រួសាររបស់ពៅតាមរថភ្លើង និងត្រូវធ្វើដំណើរទាំងយប់ទាំងថ្ងៃ។ កាលនោះ ពៅ មានបងប្អូនទាំងអស់៣នាក់។ ពៅ ចងចាំថានៅពេលជម្លៀស បងស្រីរបស់ពៅ មានជំងឺហើមដៃជើង។

នៅពេលទៅដល់ខេត្តពោធិ៍សាត់ គ្រួសាររបស់ពៅ ត្រូវបន្តដំណើរតាមរថយន្តទៅរស់នៅជិតវត្តពោធិ៍ (បច្ចុប្បន្នវត្តពោធិ៍សុវណ្ណរង្សី) ស្ថិតនៅឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ខ្មែរក្រហមសួរប្រវត្តិម្ដាយរបស់ពៅ ហើយម្ដាយរបស់គាត់ឆ្លើយថា ពីមុនគ្រួសាររបស់គាត់ជាកសិករ។ ពៅ លើកឡើងថា ប្រជាជនណាដែលឆ្លើយថាខ្លួនធ្លាប់ធ្វើជាមន្ត្រីនៅរបបមុនៗ នឹងត្រូវខ្មែរក្រហមយកទៅសម្លាប់ទាំងគ្រួសារ។​

នៅខេត្តពោធិ៍សាត់ ពៅ ត្រូវខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយ និងបងប្អូនរបស់គាត់ ដោយគាត់ត្រូវទៅធ្វើការក្នុងកងកុមារ។ ពៅ ដែលកាលនោះ មានអាយុ ៨ឆ្នាំ និងក្មួយរបស់គាត់ដែលធ្វើការជាមួយ ត្រូវកាប់ទន្ទ្រានខេត្ត។ ពៅ ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ជួនកាល ពៅ មិនទទួលបានអាហារហូបនោះទេ ដោយសារគាត់ទៅរោងបាយមិនទាន់គេ។

ពៅ និយាយថា “ថ្ងៃណាក៏ថ្ងៃទឹកភ្នែកដែរ”។ នៅរដូវស្រូវទុំ ពៅ បានលួចបូតស្រូវទុំហូប នៅពេលខ្មែរក្រហមបញ្ជាគាត់ឲ្យចាំស្រូវ។ ចំណែកបងរបស់ពៅ ដែលមានតួនាទីទៅយកទឹកត្នោត ត្រូវបានខ្មែរក្រហមចោទថាលួចផឹកទឹកត្នោត។ បងរបស់ពៅ ត្រូវបានខ្មែរក្រហមចាប់ចងស្លាបសេក និងនាំខ្លួនយកទៅក្នុងព្រៃ ហើយបងប្រុសរបស់គាត់បានបាត់ខ្លួនរហូតមក។ ពៅ និយាយថា  អ្នកផ្សេងបានលួចផឹកទឹកត្នោតនោះ និងទម្លាក់កំហុសដាក់បងប្រុសរបស់គាត់។   ក្រោយមកទៀត ឪពុករបស់ពៅ ត្រូវរបួសដោយសារខ្សែចងសេះគ្រវាសត្រូវដៃ។ មិនយូរប៉ុន្មាន ឪពុករបស់ពៅ បានស្លាប់ដោយសារឪពុករបស់គាត់ព្យាយាមព្យាបាល និងវះកាត់របួសដៃដោយខ្លួនឯង។ នៅមុនរបបខ្មែរក្រហម ឪពុករបស់ពៅ ធ្លាប់ធ្វើជាគ្រូពេទ្យបុរាណខ្មែរ។

បន្ទាប់ពីបាត់បង់ឪពុក ពៅ ត្រូវរែកទឹក, ស្រោចដំណាំ(ស្រោចទឹកថ្នាំ), កាប់ស្លឹកឈើ, បេះផ្ទី, ធ្វើបាយជ្រូក និងឃ្វាលគោ។ ពៅ និយាយថា ខ្មែរក្រហមដាក់ឈ្មោះគោដែលគាត់ឃ្វាលថា សេះហោះ។ នៅពេលឃ្វាលគោ ពៅ តែងតែយំ ដោយសារខ្សែចងគោនោះខ្លី ហើយគាត់ខ្លាចគោនោះជល់គាត់។ ពៅ និយាយថា “ថ្ងៃណាក៏ថ្ងៃខ្លាចគោនឹងដែរ”។

យប់ឡើង ពៅ ត្រូវទៅសម្រាកនៅរោងកងកុមារ ដោយគាត់មានតែមុង និងក្រមាមួយប៉ុណ្ណោះ។ ពៅ និយាយថា នៅរដូវខែកត្តិក គឺរងា និងត្រជាក់ណាស់។ នៅថ្ងៃមួយ ពៅ បានក្តៅខ្លួន និងបានរត់ទៅរកម្ដាយរបស់គាត់ទាំងយប់។ នៅពេលទៅដល់ ពៅ ឃើញម្ដាយរបស់គាត់កំពុងលើកទំនប់ទាំងយប់។ ពៅ អាណិតម្ដាយរបស់គាត់ណាស់។

នៅពេល ពៅ មានអាយុ ៩ឆ្នាំ ម្ដាយរបស់គាត់បានស្លាប់ដោយសារជំងឺហើមនៅមន្ទីរពេទ្យ។ នៅមន្ទីរពេទ្យនោះ ខ្មែរក្រហមចែកបាយពូតមួយដុំ និងចាក់ថ្នាំ ដោយប្រើប្រាស់ទឹកដូងជំនួស។ ពៅ ចងចាំថា នៅពេលសមមិត្តរួមការងារទៅផ្ទះជួបជុំឪពុកម្ដាយរបស់គេ ពៅ បានត្រឹមតែឈររងចាំ និងនឹកម្ដាយរបស់ខ្លួនដែលបាត់បង់ជីវិតទៅ។ ពៅ និយាយថា “នឹកឃើញទឹកភ្នែក នឹកម្ដាយ អត់មានម្ដាយនឹងគេ”។ នៅឆ្នាំ១៩៧៨ ខ្មែរក្រហមចាត់តាំងឲ្យ ពៅ នៅផ្ទះមើលថែកូនរបស់ឈ្លប។

នៅចុងឆ្នាំ១៩៧៨ សមាជិកនៅក្នុងកងកុមារជាច្រើននាក់បានបាត់ជីវិត ដោយសារជំងឺហើម។ នៅពេល ពៅ ឮដំណឹងថាមានកងទ័ពវៀតណាមឈ្លានពានប្រទេសកម្ពុជា ពៅ បានរត់ទៅតាមខ្មែរក្រហម។ នៅតាមផ្លូវ ពៅ បានជួបតាចាស់ម្នាក់ ដែលប្រាប់គាត់ថា “កុំទៅប្រយ័ត្នខ្មែរក្រហមវាយសម្លាប់”។ ពៅ ក៏បានសម្រេចចិត្តរត់មកភូមិកំណើតវិញតែម្នាក់ឯង។ នៅតាមផ្លូវ ពៅ បានសុំមីងម្នាក់មកជាមួយ។

នៅឆ្នាំ១៩៧៩ ពៅ បានជួបបងស្រីរបស់គាត់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ អ្នកទាំងពីរបានឡើងជិះរថយន្តរបស់កងទ័ពវៀតណាម ធ្វើដំណើរត្រលប់មកភូមិកំណើតវិញ។ នៅពេលមកដល់ ផ្ទះនិងដីរបស់គ្រួសារពៅ មានប្រជាជនផ្សេងរស់នៅបាត់ទៅហើយ។ ដូច្នេះ ពៅនិងបងស្រីរបស់គាត់ បានសម្រេចចិត្តទៅរកការងារធ្វើនៅម្ដុំរោងភាពយន្តសុរិយា នៅទីក្រុងភ្នំពេញ៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin