ហ៊ន ស៊ីដារ៉ា៖ ចម្ការកៅស៊ូ

(កណ្ដាល)៖ ហ៊ន ស៊ីដារ៉ា ភេទស្រី មានអាយុ ៦០ឆ្នាំ។ ស៊ីដារ៉ា រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស៊ីដារ៉ា មានទីកន្លែងកំណើតនៅភូមិច្បារអំពៅ។ គាត់មានបងប្អូនចំនួន៧នាក់ ក្នុងនោះមានបងប្អូនរបស់គាត់ចំនួន៣នាក់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។
នៅឆ្នាំ១៩៧០ ស៊ីដារ៉ា ឈប់រៀនត្រឹមថ្នាក់ទី១០។ បន្ទាប់មក គាត់ទៅរស់នៅសង្កាត់ជ្រោយចង្វារ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសគ្រួសាររបស់ស៊ីដារ៉ាចេញពីជ្រោយចង្វារទៅព្រែកលៀប ហើយគ្រួសារគាត់ត្រូវឆ្លងស្រឡាងទៅរស់នៅឃុំព្រែកពោធិ។ គ្រួសាររបស់ស៊ីដារ៉ា បន្តធ្វើដំណើរឆ្លងកាត់ឃុំបុសខ្នុរ, ឃុំរកាពប្រាំ, ឃុំមេមត់, ឃុំក្បាលដំរី, និងឃុំត្រពាំងផ្លុង ទើបគ្រួសាររបស់ស៊ីដារ៉ាទៅដល់ភូមិក្រឡែងចាស់ ឃុំចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
នៅទីនោះ ស៊ីដារ៉ា ត្រូវឃ្វាលក្របី, កាប់ទន្ទ្រានខេត្ត, រែកអាចម៍គោ, ដេញចាប, លើកភ្លឺស្រែ, ជីកប្រឡាយ និងលើកទំនប់ប្រាំកុម្ភៈ ដោយគាត់ត្រូវព្រាត់ប្រាសឪពុកម្ដាយ និងបងប្អូនរបស់គាត់។ ក្នុងមួយថ្ងៃ ខ្មែរក្រហមកំណត់ឲ្យ ស៊ីដារ៉ា លើកទំនប់ឲ្យបានទំហំពីរម៉ែត្រគូប ហើយគាត់ត្រូវចាប់ដៃគូធ្វើការជាមួយមិត្តបុរសម្នាក់ទៀត។ ដោយសារទំនប់មានកម្ពស់ខ្ពស់ មិត្តបុរសនោះឲ្យស៊ីដារ៉ា កាយដី និងជាន់បង្ហាប់ដី ចំណែកមិត្តបុរសរែកដី។ នៅពេលធ្វើមិនទាន់ពេលកំណត់ ខ្មែរក្រហមហៅ ស៊ីដារ៉ា ទៅរិះគន់ ដោយខ្មែរក្រហម ប្រាប់គាត់ថា “មិត្តឯងពឹងលើកម្លាំងគេ បានជាធ្វើមិនហើយ?”។ ស៊ីដារ៉ា និយាយថា នៅការដ្ឋាន សូម្បីតែ គាត់ទៅបត់ជើង ក៏ខ្មែរក្រហមទៅតាមគាត់ដែរ។ ខ្មែរក្រហមចោទគាត់ថាគេចវេសការងារ។ ស៊ីដារ៉ា បន្តថា “ពិបាកណាស់ទម្រាំគេឲ្យទៅ”។
ស៊ីដារ៉ា ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយពេល គាត់ទទួលបានតែបបរមួយវែក និងអំបិលមួយគ្រាប់ប៉ុណ្ណោះ។ នៅពេល ស៊ីដារ៉ា ទៅគាស់ដំឡូង គាត់ត្រូវរត់តាមរទេះគោដឹកដំឡូង ដោយសារខ្មែរក្រហមមិនឲ្យគាត់ជិះរទេះគោនោះទេ។ ស៊ីដារ៉ា ត្រូវដើរចម្ងាយប្រាំពីរគីឡូម៉ែត្រទើបគាត់ទៅដល់ចម្ការដំឡូង។ ខ្មែរក្រហមមិនដែលចែកដំឡូងដែលគាត់គាស់បាន ឲ្យគាត់ហូបនោះទេ។ គាត់និយាយថា “បើសល់វាទុកឲ្យរលួយចោល”។ ប្រសិនបើគាត់លួច ខ្មែរក្រហមនឹងវាយដំ និងធ្វើទារុណកម្មគាត់។ ជួនកាល ស៊ីដារ៉ា បានលួចបេះត្រួយដំឡូងយកមកឲ្យឪពុករបស់គាត់។ ឪពុករបស់ស៊ីដារ៉ាតែងតែលួចដាំបបរ និងដួសបបរលាយជាមួយត្រួយដំឡូងដាក់ក្នុងត្រឡោកដូងទុកឲ្យកូនៗហូប។ កាលនោះ ស៊ីដារ៉ា សម្រាកនៅផ្ទះខ្ទមរបស់គ្រួសារគាត់ ដែលមានជណ្តើរតែបីទៅបួនកាំប៉ុណ្ណោះ។
នៅពេលយប់ ស៊ីដារ៉ា តែងតែមានការភ័យខ្លាច ដោយសារគាត់ខ្លាចខ្មែរក្រហមមកយកសមាជិកគ្រួសាររបស់គាត់ទៅរៀនសូត្រ។ ស៊ីដារ៉ា បញ្ជាក់ថា “ទៅរៀនសូត្រ គឺស្លាប់ហើយ!”។ ជួនកាល ខ្មែរក្រហមហៅប្រជាជនទៅចាក់ជ័រ (សម្លាប់)។ ស៊ីដារ៉ា តែងតែឮសំឡេងរទេះបរកាត់ផ្ទះរបស់គាត់ និងសម្រែកស្រែកយំចេញពីចម្ការកៅស៊ូ។ ម្ដាយរបស់ស៊ីដារ៉ាប្រាប់កូនៗថា “កុំមាត់កុំក!”។ ស៊ីដារ៉ា បន្តថា កូនក្មេងត្រូវខ្មែរក្រហមបោកនឹងគល់ដើមកៅស៊ូ។
ក្រោយមក ខ្មែរក្រហមមកហៅបងថ្លៃរបស់គាត់ទៅ ដោយខ្មែរក្រហមប្រាប់ថា “សមមិត្តអើយអង្គការឲ្យទៅប្រជុំ ឡើងរទេះគោមក”។ ស៊ីដារ៉ា ចងចាំទាំងទឹកភ្នែកថា មិនយូរប៉ុន្មាន បងស្រីរបស់គាត់ដែលកំពុងមានផ្ទៃពោះ ក៏ត្រូវខ្មែរក្រហមហៅទៅរស់នៅជាមួយប្តីដែរ។ បងស្រី និងបងថ្លៃរបស់គាត់ ត្រូវបានខ្មែរក្រហមសម្លាប់។ លើសពីនេះទៀតគ្រួសារម្ដាយមីង និងឪពុកមារបស់ស៊ីដារ៉ាក៏បាត់បង់ជីវិតដែរ។
ស៊ីដារ៉ា ចងចាំថា ខ្មែរក្រហមបានហៅគាត់ទៅសួរនាំពីប្រវត្តិរូបរបស់គាត់នៅស្រុកចម្ការលើ និងចោទប្រកាន់គាត់ថាមិនមែនជាកូនកសិករ។ ស៊ីដារ៉ា ឆ្លើយថាគាត់ជាកូនកសិករ ទោះបីជាខ្មែរក្រហមយកចំពុះទង់មកចាក់ពីក្រោយខ្នង និងសម្លុតគាត់យ៉ាងណាក៏ដោយ។ គាត់ក៏ត្រូវបានខ្មែរក្រហមដោះលែង។ ចំណែកនរណាដែលឆ្លើយតាមត្រង់ ឬឆ្លើយតាមអ្វីដែលខ្មែរក្រហមចង់បាន នោះនឹងខ្មែរក្រហមជីកស្មៅជីកទាំងឫស ដោយខ្មែរក្រហមនឹងតាមស្រាវជ្រាវប្រវត្តិរបស់សមាជិកគ្រួសារពីភូមិមួយទៅភូមិមួយ ដើម្បីតាមសម្លាប់សមាជិកក្រុមគ្រួសារទាំងអស់។ ស៊ីដារ៉ា បន្តថា គាត់សុខចិត្តឈឺសាច់ ប្រសើរជាងគាត់បាត់បង់ជីវិតនៃសមាជិកក្រុមគ្រួសាររបស់គាត់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស៊ីដារ៉ា រួមទាំងឪពុកម្ដាយនិងបងប្អូនរបស់គាត់ ដែលរស់រានមានជីវិតបានប្រកបរបរធ្វើស្រែចម្ការ។ ជាចុងក្រោយ ស៊ីដារ៉ា នៅតែចាំមិនភ្លេចពីបងប្អូនចំនួនបីនាក់, បងថ្លៃ, ក្មួយ, គ្រួសាររបស់ម្ដាយមីង និងឪពុកមារបស់គាត់ ដែលត្រូវខ្មែរក្រហមយកទៅសម្លាប់នៅចម្ការកៅស៊ូ៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

