ឆ្មបក្នុងរបបខ្មែរក្រហម

(ព្រះវិហារ)៖ ម៉ុក គឹមស៊ី អាយុ៦៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ គាត់មានបងប្អូនសរុបចំនួន៦នាក់ (ស្រីចំនួន៤នាក់)។ បច្ចុប្បន្ននេះ គឹមស៊ី មានជំងឺខ្សោយតម្រងនោម។
នៅអំឡុងពេលមានរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ ពេលនោះមានការទម្លាក់គ្រាប់បែក ហើយគ្រួសាររបស់គឹមស៊ី និងប្រជាជននៅក្នុងតំបន់បាននាំគ្នារត់ទៅពួនក្នុងលេណដ្ឋាន។ ការទម្លាក់គ្រាប់បែកនៅក្នុងពេលនោះមិនមានផលប៉ះពាល់ដល់ផ្ទះរបស់គឹមស៊ី ឡើយ, មានតែផ្ទះរបស់ប្រជាជនដែលរស់នៅតាមមាត់ទន្លេ និងនៅតាមជួរព្រៃទើបមានការប៉ះពាល់ខ្លាំង ព្រោះតែសត្រូវគិតថាមានទាហានរបស់វៀតណាមនៅទីនោះ។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់តំបន់រស់នៅរបស់ គឹមស៊ី។ នៅពេលនោះខ្មែរក្រហម បានប្រកាសឱ្យប្រជាជនប្រមូលទ្រព្យសម្បត្តិទាំងអស់ មានទាំងមាសប្រាស់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដាក់ចូលក្នុងសមូហភាព។ ចំណែកសមាជិកគ្រួសារត្រូវបំបែកឱ្យរស់នៅសហករណ៍ផ្សេងគ្នា។ នៅអំឡុងរបបខ្មែរក្រហម ឪពុកម្ដាយ និងកូនចំនួន៣នាក់ ក្នុងនោះក៏មាន គឹមស៊ី ត្រូវបានអង្គការចាត់តាំងឱ្យទៅធ្វើការងារនៅអូរសោម។ ចំណែកបងស្រីរបស់គាត់ចំនួន២នាក់ឈ្មោះ ម៉ុក ហម (រួមជាមួយប្ដី និងកូនចំនួន២នាក់) និង ម៉ុក ហ៊ាន ត្រូវបានខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើការងារនៅតំបន់ក្រឡាពាស។ រីឯប្អូនស្រីរបស់គាត់ម្នាក់ទៀត ត្រូវបានចាត់តាំងឱ្យធ្វើជាអ្នកកាត់ដេរនៅស្រុកជាំក្សាន្ត ហើយក្រោយមកបានបញ្ជូនទៅក្រឡាពាសវិញ។
គឹមស៊ី បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា៖ «នៅពេលដែលខ្ញុំជម្លៀសទៅអូរសោម ខ្មែរក្រហមមិនបានចាត់តាំងឱ្យខ្ញុំធ្វើការងារអ្វីនោះទេ គឺដំបូងគ្រាន់តែឱ្យខ្ញុំរៀនអក្សរ។ បន្ទាប់មកបានមួយឆ្នាំ ខ្មែរក្រហមបានជម្លៀសខ្ញុំមកភូមិពោធិ៍ និងបានចាត់តាំងឱ្យខ្ញុំធ្វើពេទ្យ» ។ នៅពេលនោះ គឹមស៊ី រៀនខាងផ្នែកឆ្មប ស្វែងយល់ពីរបៀបបង្កើតកូន និងរកថ្នាំបុរាណនៅក្នុងព្រៃ។ គាត់បានរៀបរាប់បន្ថែមពីរបៀបធ្វើថ្នាំអាចម៍ទន្សាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្ត ដំបូងគឺត្រូវចូលព្រៃដើម្បីស្វែងរកសំបកឈើ ឬឫសឈើដែលអាចធ្វើជាថ្នាំបាន។ បន្ទាប់មកយកសំបក និងឫសនោះមកចិញ្ច្រាំ, ខ្លះយកទៅហាលថ្ងៃឱ្យស្ងួត ហើយខ្លះទៀតយកទៅស្ងោរ។ ថ្នាំដែលហាលស្ងួតត្រូវយកទៅកិនឱ្យទៅជាភាគល្អិត ហើយយកទឹកថ្នាំដែលរម្ងាស់ជាច្រើនម៉ោងនោះចាក់លាយគ្នា ដើម្បីសូនទៅថ្នាំគ្រាប់តូចៗ។ គឹមស៊ី បានបន្តថាគាត់ធ្វើជាគ្រូពេទ្យប្រហែលជិតមួយឆ្នាំ ខ្មែរក្រហមបានផ្លាស់ប្ដូរឱ្យគាត់ធ្វើជានីរសារវិញ។
ខ្មែរក្រហម បានចាត់តាំងឱ្យប្រជាជនក្រោកតាំងពីម៉ោង៤ទៀបភ្លឺជារៀងរាល់ថ្ងៃដើម្បីទៅធ្វើការងារ។ ថ្វីត្បិតតែត្រូវក្រោកម៉ោង៤ ប៉ុន្តែម៉ោង៥ព្រឹកទើបប្រជាជននៅក្នុងសហករណ៍ចាប់ផ្ដើមចេញទៅធ្វើការងារ ព្រោះចន្លោះពីម៉ោង៤ ដល់ម៉ោង៥ ខ្មែរក្រហមបានឱ្យប្រជាជនតម្រង់ជួរដើម្បីស្ដាប់ការណែនាំ។ គឹមស៊ី បានបញ្ជាក់ថា ប្រជាជនចាប់ផ្ដើមធ្វើការងារចាប់ពីម៉ោង៥ រហូតដល់ម៉ោង១១ ឬម៉ោង១២ថ្ងៃត្រង់ទើបសម្រាកហូបអាហារ ហើយម៉ោង១រសៀលត្រូវទៅធ្វើការតាមសហករណ៍រៀងៗខ្លួនវិញ។
គឹមស៊ី បានបន្ថែមថា នៅពេលព្រឹកប្រជាជននៅក្នុងសហករណ៍មិនដែលទទួលបានអាហារពេលព្រឹកហូបនោះទេ។ នៅក្នុងមួយថ្ងៃគឺទទួលបានរបបអាហារត្រឹមចំនួន២ពេលប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ របបអាហារនៅពេលនោះមានតែបបរចំនួនមួយកូនចាន ជាមួយនឹងស្លទំពាំង, ដំឡូងស្រំ, ដំឡូងស្យា, ស្លឹកបន្លែផ្អែម ហើយពេលខ្លះបបរលាយជាមួយនឹងមើមក្ដួច។
នៅក្នុងរបបខ្មែរក្រហម ចំពោះវិស័យសុខាភិបាលគឺមានការធ្លាក់ចុះជាលំដាប់ ព្រោះមានអ្នកជំងឺជាច្រើនបានបាត់បង់ជីវិតបន្ទាប់ពីទៅព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់ខ្មែរក្រហម។ គឹមស៊ី បាននិយាយថាគ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម គឺរៀនសូត្រមិនបានជ្រៅជ្រះនោះទេ គឺយ៉ាងយូររៀនត្រឹមរយៈពេល៦ខែប៉ុណ្ណោះ បើប្រៀបធៀបជាមួយពេលបច្ចុប្បន្នគឺខុសគ្នាឆ្ងាយ។ ពាក់ព័ន្ធនឹងថ្នាំពេទ្យគឺមានតែថ្នាំអាចម៍ទន្សាយ និងទឹកដូងប្រើជំនួសសេរ៉ូម។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សមាជិកគ្រួសាររបស់ គឹមស៊ី បានត្រឡប់មករស់នៅភូមិកំណើតរបស់គាត់វិញ នៅភូមិពោធិ៍៕
សម្ភាសន៍ដោយ៖ ឆាំ បូផាន់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

