ជនជាតិចាមត្រូវសម្លាប់សាកសពគរលើគ្នា ឈាមហូរពេញវាលស្រែ

(កំពង់ចាម)៖ គូ ច្រិច មានអាយុ៨០ កើតនៅឆ្នាំ១៩៤៤ បច្ចុប្បន្នរស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ច្រិច មានជំងឺទឹកនោមផ្អែម និងមានអាការហើមដៃជើង។

ច្រិច បានចែករំលែកសាច់រឿងរបស់គាត់ទៅអ្នកស្ម័គ្រចិត្តកម្ពុជាថា ក្នុងរបបសង្គមរាស្ត្រនិយម វ័យ២០ឆ្នាំ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយប្ដីឈ្មោះ អ៊ាង។ ជីវភាពគ្រួសារមានភាពលំបាកខ្លាំង ខ្វះខាតអាហារបរិភោគ និងមានកូនជាច្រើនក្នុងបន្ទុក។ បន្ទាប់ពីរៀបការ ច្រិច ប្រកបរបរធ្វើស្រែចម្ការ ចំណែកស្វាមីជាអ្នកឡើងត្នោត ប៉ុន្តែជីវិតគ្រួសារត្រូវផ្លាស់ប្តូរទាំងស្រុងនៅពេលសង្គ្រាមឈានចូលមកដល់។

នៅពេលមានយន្តហោះទម្លាក់គ្រាប់បែក ច្រិច និងគ្រួសារ ត្រូវលូនក្រាបគេចពីគ្រាប់បែក និងគ្រាប់ប្លោង រត់ឱបកូនយ៉ាងវេទនា ភៀសខ្លួនទៅនៅ ភូមិទួលខ្សាច់ ឃុំហាន់ជ័យ ស្រុកស្ទឹងត្រង់។ ក្នុងអំឡុងពេលនៃការរត់ភៀសខ្លួន ច្រិច បានបាត់បង់សមាជិកគ្រួសារ និងបងប្អូនចំនួន៥នាក់ ដែលក្នុងនោះមានប្អូនបង្កើតម្នាក់ឈ្មោះ សេន។

ឈានចូលរបបខ្មែរក្រហម ជីវិតរស់នៅពោរពេញដោយភាពខ្ទេចខ្ទាំ ទាំងផ្នែករាងកាយ និងស្មារតី។ ប្រជាជនត្រូវបានអង្គការបង្ខំឱ្យរៀបការ។ យុវជន-យុវនារី ត្រូវឈរតម្រៀបជួរដើម្បីទទួលយកគូស្រករដែលអង្គការចាត់ចែងឱ្យ ដោយមិនបានស្គាល់ឈ្មោះ ឬមុខមាត់គ្នាជាមុនឡើយ។ ការៀបការនៅពេលនោះធ្វើឡើងដោយគ្មានវត្តមានឪពុកម្តាយ ឬបងប្អូនចូលរួមឡើយ ព្រោះខ្មែរក្រហមអប់រំឱ្យប្រជាជនចាត់ទុកអង្គការជាឪពុកម្តាយ។

ការបដិសេធមិនរៀបការតាមការចាត់តាំងត្រូវចាត់ទុកថាជាការខូចសីលធម៌ មិនស្មោះត្រង់ចំពោះអង្គការ ហើយអាចប្រឈមនឹងការឃុំខ្លួន ឬសម្លាប់ចោល។ ជារឿយៗ មានការបង្ខំឱ្យរៀបការជាមួយអ្នកដែលមានពិការភាព ដូចជាអ្នកដែលពិការដៃ ពិការជើង ឬពិការភ្នែក។ នៅក្នុងរបបខ្មែរក្រហម សិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករត្រូវបានលុបបំបាត់ទាំងស្រុង ទាំងស្ត្រី និងបុរស។

ក្រៅពីការបង្ខំឱ្យរៀបការ របបនេះបានលុបបំបាត់ប្រព័ន្ធអប់រំជាផ្លូវការ។ សាលារៀនត្រូវបានបិទទ្វារ ហើយការអប់រំត្រូវបានធ្វើឡើងនៅក្រោមដើមឈើ ឬក្រោមផ្ទះប្រជាជន ដោយមានគ្រូបង្រៀនជាកសិករដែលមានចំណេះដឹងតិចតួច។ ខ្មែរក្រហមផ្តល់តម្លៃលើការងារ និងបដិវត្តន៍ ជាជាងការសិក្សា។ កុមារត្រូវបានបំបែកចេញពីគ្រួសារឱ្យទៅនៅក្នុងកងកុមារ ធ្វើការងារធ្ងន់ៗ និងជួនកាលត្រូវបំពាក់អាវុធឱ្យចូលសមរភូមិ។ កុមារត្រូវបានអប់រំឱ្យជឿលើចលនាជ្រុលនិយម និងត្រូវបានប្រើប្រាស់ឱ្យតាមដានសកម្មភាពរបស់ឪពុកម្តាយខ្លួនឯង ដើម្បីរាយការណ៍ទៅខ្មែរក្រហម។ ទាក់ទងក្នុងគ្រួសារឪពុក ម្ដាយ និងកូន ត្រូវបានកាត់ផ្តាច់ដោយជំនួសមកវិញនូវការគោរពអង្គការតែមួយគត់។

ការហូបចុកក្នុងរបបនោះមានសភាពដុនដាបខ្លាំង។ ប្រជាជនកម្ពុជាភាគច្រើនជួបគ្រោះអត់ឃ្លាន ខណៈដែលស្រូវអង្ករត្រូវបាននាំចេញទៅក្រៅប្រទេស។ ប្រជាជនដែលជម្លៀសពីទីក្រុង ដែលមិនមានបទពិសោធធ្វើស្រែចម្ការ ត្រូវបានបង្ខំឱ្យធ្វើការច្រើនម៉ោង ប៉ុន្តែទទួលបានរបបអាហារតិចតួចបំផុត។ ការដាំដុះ ឬស្វែងរកអាហារសម្រាប់ខ្លួនឯងត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ហើយអ្នកដែលលួចធ្វើបែបនេះនឹងត្រូវសម្លាប់។ ច្រិច ត្រូវធ្វើស្ដាប្រព័ន្ធភ្លឺស្រែ និងក្នុងលើកដីដាក់ក្នុងស្រែ។

ច្រិច បានចែករំលែកថា ភាពឃោរឃៅនៃរបបខ្មែរក្រហមត្រូវបានបង្ហាញតាមរយៈការធ្វើទារុណកម្ម និងការកាប់សម្លាប់មនុស្សឥតឈប់ឈរ។ ច្រិច បានឃើញការសម្លាប់មនុស្សនៅអាងទំនប់វៃ ហើយបោះសាកសពចូលទៅក្នុងអណ្តូងទឹក។ ជនជាតិចាមត្រូវបានសម្លាប់គរលើគ្នា រហូតឈាមហូរពេញវាលស្រែ។ អ្នកមានចំណេះដឹង គ្រូបង្រៀន និងសាស្ត្រាចារ្យ ជាគោលដៅត្រូវសម្លាប់ចោលទាំងអស់ ហើយជំនួសមកវិញដោយអ្នកមិនចេះអក្សរឱ្យធ្វើជាប្រធានក្រុម។

បំណងប្រាថ្នាចុងក្រោយរបស់ ច្រិច គឺសុំកុំឱ្យមានរបបឃោរឃៅបែបនេះកើតឡើងម្តងទៀត និងចង់ឱ្យប្រជាជនរស់នៅដោយសុខសប្បាយ គ្មានការកាប់សម្លាប់គ្នាដូចកាលពីអតីតកាល៕

សម្ភាសន៍ដោយ៖ ទូច ស្រីណាត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin