ស៊ុម បូរី៖ រែកដីកោងខ្នងអស់ហើយ

ស៊ុម បូរី អាយុ៥៥ រស់នៅភូមិមហាររាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំោរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មុនដំបូងអង្គការបានឲ្យប្រជាជនទៅបើកអង្ករនៅកន្លែងសេដ្ឋកិច្ច យកមកចម្អិនតាមផ្ទះរៀងខ្លួន។ ក្នុងអំឡុងពេលនោះ គ្រួសាររបស់បូរី និងប្រជាជនជាច្រើនគ្រួសារទៀត បានជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការបានចែកអង្ករឲ្យ១កំប៉ុងប៉ុណ្ណោះសម្រាប់មនុស្ស៣នាក់។ នៅពេលដែលហូបមិនឆ្អែត គ្រួសាររបស់បូរី បានដើររកបន្លែមួយចំនួនដែលអង្គការអនុញ្ញាត យកទៅដាំលាយជាមួយអង្ករបន្តិចបន្តួចដែលទទួលបាន។ ចំណែកគ្រួសារដទៃទៀតដែលមានសត្វ គោ, ជ្រូក មាន់ ឬទា គឺសុខចិត្តសម្លាប់សត្វចិញ្ចឹមដែលខ្លួនមានយកសាច់ទៅដូរជាមួយស្រូវមួយកញ្ជើ។
នៅក្នុងសហករណ៍ បូរី បានឃើញអង្គការរៀបចំកម្មវិធីមង្គលការឲ្យមីងរបស់គាត់ឈ្មោះលួត និងយុវជនជាច្រើននាក់ទៀតក្នុងពេលតែមួយនៅពេលយប់។ ក្នុងពេលរៀបការ អង្គការបានយកក្បាលជ្រូកមួយ និងមាន់ស្ងោរពីរ ដាក់លើតុ រួចឲ្យយុវជនឡើងប្ដេជ្ញា និងប្ដូរក្រមាគ្នានៅមុខកងឈ្លបតូចៗ។ នៅពេលប្ដេជ្ញារួច ប្ដីប្រពន្ធថ្មីត្រូវទៅសម្រាកក្នុងខ្ទមជាមួយគ្នា និងមានកងឈ្លបលួចស្ដាប់ក្រោមផ្ទះ ហើយប្រសិនបើមានអ្នកឈ្លោះប្រកែកគ្នា អង្គការនឹងបញ្ជូនយកទៅសម្លាប់។ បូរី បានឲ្យដឹងថា នៅក្នុងចំណោមអ្នកដែលរៀបការជាមួយគ្នា មានយុវជនជាច្រើននាក់ដែលមិនបានស្គាល់គ្នាទាល់តែសោះពីមុនមក ប៉ុន្តែត្រូវធ្វើតាមការបង្ខំ។
បន្ទាប់មក អង្គការចាប់ផ្ដើមបែងចែកប្រជាជនឲ្យទៅធ្វើការងារផ្សេងគ្នា ដោយម្ដាយរបស់បូរី ត្រូវធ្វើការងារក្នុងកងនារី, ឪពុកធ្វើការងារក្នុងកងភ្ជួរ ហើយបូរី និងបងប្អូនត្រូវចូលទៅធ្វើរស់នៅក្នុងកុមារ និងកងចល័ត។ ជាញឹកញាប់ បូរី បានចេញទៅធ្វើការងារនៅ ពេជ្យចង្វារ, ខ្នាច, អង្គរកា, អន្លុងទាន និងជាន់រហាត់ទឹកធ្វើស្រែប្រាំងនៅកោះព្នៅ។ លើសពីនេះទៅទៀត បូរី បានទៅធ្វើការងាររែកដីពីហង្សហេង យកមកធ្វើជាប្រឡាយនៅអង្គស្ដេច។ នៅកន្លែងធ្វើការ អង្គការបានកំណត់ឲ្យមនុស្សម្នាក់រែកដីឲ្យបាន៣តោនក្នុងមួយថ្ងៃ បើមិនដូច្នេះទេ ប្រធានកងនឹងកាត់បន្ថរបបអាហារមួយពេល។
នៅពេលហូបអាហារ សុខុម បានយកស្មុករបស់ខ្លួនទៅដាក់បបររាវ រួចយកមកហូបជាមួយសម្លព្រលឹតដែលអង្គការរៀបចំ។ ទោះបីជាយ៉ាងណា របបអាហារដែលអង្គការចែកឲ្យ បូរី ហូបមិនបានគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាគាត់ខិតខំធ្វើការរែកដីឲ្យបាន២តោនក្នុងពេលព្រឹក និងទុកពេលថ្ងៃ ឆ្លៀតពេលលួចដំឡូង, សណ្ដែកដី និងគ្រាប់ឈូកហូបបន្ថែម។
នៅក្នុងកងចល័ត បូរី បានស្នើសុំអង្គការទៅលេងផ្ទះ និងអាចយកដំឡូងដែលខ្លួនបានស្ងោររួចយកទៅជាមួយ។ ការស្នើរសុំទៅលេងផ្ទះនេះ មិនអាចធ្វើបានញឹកញាប់នោះទេ ហើយត្រូវរកពេលដែលមិនមានការងារច្រើន ឬបន្ទាន់ឡើយ។ ប៉ុន្តែប្រសិនបើមានអ្នកលួចត្រលប់ទៅផ្ទះ អង្គការនឹងចាប់យកទៅសម្លាប់ចោល។ ជាក់ស្ដែងបងប្អូនជីដូនមួយរបស់បូរី ដែលធ្វើការងារនៅត្រពាំងវែង បានត្រលប់ទៅភូមិមហារាជ និងបានលួចហូបបបរបាយជ្រូក។ ជាអកុសល អង្គការបានដឹងរឿងនេះ និងចាប់គាត់យកទៅសម្លាប់។ ក្រៅពីនេះ បូរី បានដឹងពីការសម្លាប់មនុស្សនៅម៉ោង១២យប់ ព្រោះទីតាំងដែលគាត់ស្នាក់នៅជិតមន្ទីរឃុំឃាំង។
នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បូរី បានត្រលប់ទៅរស់នៅជួបជុំគ្រួសារក្នុងភូមិមហារាជ។ នៅឆ្នាំ១៩៨៤ ឪពុករបស់បូរី បានស្លាប់ដោយសារជំងឺ។ បើទោះបីជារបបខ្មែរក្រហមបានកន្លងផុតទៅជាយូរ បូរី នៅតែមានអារម្មណ៍ខឹងទៅហ្នឹងការគ្រប់គ្រងក្នុងរបបខ្មែរក្រហម ដែលធ្វើឲ្យគាត់មានរបួសផ្លូវចិត្ត និងមានជំងឺប្រចាំកាយមួយចំនួនដូចជា៖ ក្រពះពោះវៀន, ញ័របេះដូង, លើសឈាម, ជាតិស្ករ, ឡើងអាស៊ីត, សរសៃប្រសាទ និងឈឺសន្លាក់។ បូរី បន្តថា ខ្លួនបានផ្លាស់ប្ដូរមន្ទីរពេទ្យព្យាបាលជំងឺជាញឹកញាប់ តាំងពីមណ្ឌលសុខភាពខេត្តតាកែវ រហូតដល់ពេទ្យឯកជនជាច្រើនកន្លែងទៀត និងបានប្រើប្រាស់ថ្នាំពេទ្យ និងថ្នាំខ្មែររួមផ្សំ។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

