កែវ ជិន៖ ធ្វើការក្នុងកងម៉ែៗ

អង្គការបានចាត់តាំងខ្ញុំឲ្យធ្វើស្រែ ស្ទូងដង ច្រូត និងរែកដី លើកទំនប់ ជីកប្រឡាយ នៅក្នុងកងម៉ែៗ ហើយប្ដីរបស់ខ្ញុំធ្វើជាអ្នកដាំបន្លែ និងមើលថែដំណាំនៅក្នុងសហករណ៍ និងក្នុងចម្ការ។ ចំពោះកូនៗរបស់ខ្ញុំ អង្គការបានបំបែកឲ្យទៅស្នាក់នៅ និងធ្វើការក្នុងកងកុមារទាំងអស់។
កែវ ជិន អាយុ៧៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជិន រៀបការមុនសម័យខ្មែរក្រហម ហើយជីវភាពគ្រួសាររបស់គាត់គឺមធ្យម ព្រោះគាត់ធ្វើស្រែខ្លួនឯង និងមានអាហារហូបគ្រប់គ្រាន់។ ចូលដល់សម័យខ្មែរក្រហម អង្កការចាប់ផ្ដើមប្រមូលសម្ភារ និងទ្រព្យសម្បត្តិ ដីធ្លី ដាក់ជារបស់រួម ហើយការហូបអាហារ និងការធ្វើការងារគឺរួមគ្នានៅក្នុងកង។
ចំពោះគ្រួសារជិន មិនបានស្នាក់នៅ និងធ្វើការជុំគ្នានោះទេ ដោយកូនៗរបស់គាត់ត្រូវទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ ហើយប្ដីរបស់ជិនធ្វើការដាំបន្លែ មើលថែដំណាំ និងស្រោចទឹកដំណាំក្នុងភូមិ ឬនៅក្នុងចម្ការ។ ចំពោះ ជិន បានស្នាក់នៅផ្ទះជាមួយប្ដីនៅពេលយប់ ប៉ុន្តែត្រូវធ្វើការងារក្នុងកងម៉ែៗ។ ជាញឹកញាប់ កងម៉ែៗ ត្រូវធ្វើការស្រែ ស្ទូង-ដកសំណាប ច្រូត នៅក្បែរសហករណ៍ និងត្រូវធ្វើដំណើរដោយថ្មើរជើងទៅធ្វើការ រែកដី លើកទំនប់ ជីកប្រឡាយ រហូតទៅដល់ភ្នំបូរី។
ជារៀងរាល់ថ្ងៃ ជិន ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហាររបស់គាត់មិនបានគ្រប់គ្រាន់នោះទេ ព្រោះអង្គការបានដាំបបរឲ្យប្រជាជនហូប។ អ្វីដែលកាន់តែរន្ធត់នោះ អង្គការបានសម្លាប់មនុស្សជាច្រើននាក់នៅជិតកន្លែង ជិន ធ្វើការ ហើយប្អូនរបស់គាត់មួយចំនួនបានបាត់ខ្លួនពេលចេញទៅធ្វើការ និងមិនដែលទទួលបានដំណឹងទាល់តែសោះ។ ជិន គិតថាប្អូនរបស់គាត់ប្រហែលជាស្លាប់បាត់ទៅហើយព្រោះប្រសិនបើគាត់នៅរស់រានមានជីវិតគឺអាចត្រលប់មកផ្ទះវិញជាក់ជាមិនខាន។
នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានបង្ខំ ជិន និងប្រជាជនទាំងអស់ជម្លៀសចេញពីភូមិ ព្រោះពេលនោះមានការប្រយុទ្ធគ្នាខ្លាំងកើតឡើង។ អំឡុងពេលធ្វើដំណើរ កូនរបស់ជិនមិនទាន់បានមកជួបជុំគ្នានោះទេ ហើយអារម្មណ៍នៅតែគិតដល់កូន ប៉ុន្តែដោយសារតែអង្គការបង្ខំឲ្យចេញពីភូមិ និងខ្លាចស្លាប់ ទើបគាត់ត្រូវធ្វើដំណើរចេញទៅ។ ជិន ធ្វើដំណើរទៅដល់ភ្នំចំបាប់ ទើបបានជួបកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានត្រលប់មកស្រុកកំណើតវិញ។ នៅក្នុងភូមិ ជិន បានជួបជុំគ្រួសារវិញ និងចាប់ផ្ដើមធ្វើស្រែបន្តទៀត។
នៅពេលផ្ដល់បទសម្ភាសន៍ ជិន មានជំងឺសរសៃធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យគាត់មិនអាចដើរបានធម្មតា។ ក្រៅពីរនេះ ជិនមានអាការៈក្ដៅខ្លួន និងឈឺក្បាលម្ដងម្កាល។ ដើម្បីព្យាបាលជំងឺ ជិន បានទិញថ្នាំពីពេទ្យឯកជននៅក្នុងភូមិលេប ប៉ុន្តែគាត់មិនបានទៅពិនិត្យ និងព្យាបាលនៅពេទ្យធំៗ ឬឆ្ងាយនោះទេព្រោះគាត់ពិបាកក្នុងការធ្វើដំណើរ។
សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

