ប្រជាជនត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម

(សៀមរាប)៖ ម៉ៅ មុយ អាយុ៦៩ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៥ មានទីកន្លែងកំណើត និងរស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ទោះបីជាមានវ័យចំណាស់ មុយ មិនមានជំងឺឈឺថ្កាត់អ្វីនោះទេ។

នៅអំឡុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងពាសពេញតំបន់ បណ្តាលឱ្យមានការខូចខាតផ្ទះសំបែងយ៉ាងដំណំ។ ព្រឹត្តិការណ៍នេះបានបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនជាច្រើនបាត់បង់ជីវិត បង្កឱ្យមានការបែកបាក់គ្រួសារ និងបន្សល់ទុកនូវពិការភាពយ៉ាងច្រើន។

ចាប់ពីពេលនោះមក មុយ គឺជាកសិករសាមញ្ញម្នាក់ដែលបានរស់នៅជាមួយបងប្អូនក្នុងភូមិជ្រាវ ខេត្តសៀមរាប។ ខ្មែរក្រហមបានយកឈ្នះលើទាហាន លន់ នល់, មុយ ត្រូវបានចាកចេញពីសៀមរាបទៅកាន់ព្រំដែន ដើម្បីធ្វើជាយោធាការពារក្នុងរបបនោះ។ ខ្មែរក្រហម បានចូលកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលនោះ មុយ មានអាយុ១៦ឆ្នាំ។

នៅក្នុងរបបខ្មែរក្រហម ការហូបចុករបស់យោធាមិនសូវជាខ្វះខាតអ្វីឡើយ ប៉ុន្តែប្រជាជនត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម មិនដែលបានហូបចុកឆ្អែត រស់នៅដោយភាពភ័យខ្លាច ហើយពេលខ្លះត្រូវបានឈ្លបយកទៅសម្លាប់ចោល។ មុយ ត្រូវបានអង្គការជម្លៀសឱ្យទៅរស់នៅជាក្រុម ជាមួយនឹងប្រជាជនដែលគាត់មិនធ្លាប់ស្គាល់។ មុយ ធ្លាប់បានឃើញខ្មែរក្រហមបង្ខិតបង្ខំឱ្យយុវជន-យុវនារីរៀបការ ដោយក្នុងពេលតែមួយព្រឹកមាន៣០ទៅ៦០គូ ឬច្រើនជាងនេះត្រូវបានរៀបការដោយមិនមានការស្ម័គ្រចិត្ត។ ប្រសិនបើភាគីណាម្នាក់ប្រកែក ឬប្រឆាំង នឹងត្រូវយកទៅសម្លាប់ចោលភ្លាម។ បន្ទាប់ពីរៀបការហើយ គឺមិនអាចឱ្យនៅជុំគ្នាភ្លាមបានទេ អង្គការអនុញ្ញាតឱ្យ៣ខែជួបគ្នាម្តង។

មុយ បាននិយាយថា របបខ្មែរក្រហមពិតជាព្រៃផ្សៃ ដែលបានធ្វើទារុណកម្មលើផ្លូវចិត្តនិងផ្លូវកាយ បង្ខំឱ្យធ្វើការហួសកម្លាំង និងការហូបចុកមិនគ្រប់គ្រាន់។ ប្រជាជនត្រូវរែកដីធ្វើទំនប់ចំនួន២គីបក្នុងមនុស្សម្នាក់ ហើយបើធ្វើភ្លឺស្រែត្រូវធ្វើឱ្យបាន២០ម៉ែត្រក្នុងមនុស្សម្នាក់។ មុយ បានបន្ថែមថា ចាប់ពីឆ្នាំ១៩៧៦មក គ្មានព្រះសង្ឃគង់ក្នុងវត្តទៀតទេ ដោយសារតែខ្មែរក្រហមបានចាប់ផ្សឹក និងឱ្យទៅធ្វើស្រែដូចជាប្រជាជនសាមញ្ញ។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ មុយ បានរស់នៅជាមួយជុំគ្រួសាររបស់គាត់វិញ​​​​​​​​​​​​​​​​​​៕

សម្ភាសន៍ដោយ៖ ធី ចាន់ថា ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin