បបររាវ និងថ្នាំអាចម៍ទន្សាយ

(សៀមរាប)៖ ក្អោប ហ៊ុន មានអាយុ៧៩ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ហ៊ុន បានចែករំលែករឿងរ៉ាវដ៏លំបាកដែលគាត់ធ្លាប់បានឆ្លងកាត់ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដូចខាងក្រោម៖

ក្នុងអំឡុងឆ្នាំ១៩៧០ ដែលជាឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ នៅពេលនោះ ហ៊ុន រស់នៅជាមួយក្រុមគ្រួសារក្នុងភូមិជ្រាវ ខេត្តសៀមរាប។ តំបន់ដែល ហ៊ុន រស់នៅបានរងការទម្លាក់គ្រាប់បែក និងការបាញ់ប្លោងយ៉ាងខ្លាំងក្លាក្នុងគោលបំណងបណ្តេញកងទ័ពវៀតណាមចេញពីទឹកដីកម្ពុជា។ ព្រឹត្តិការណ៍សង្គ្រាមនេះបានបង្កមហន្តរាយដល់ជីវិតប្រជាជន និងរបួសយ៉ាងច្រើន សូម្បីមិត្តភក្តិជិតស្និទ្ធរបស់ ហ៊ុន ត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះដែរ។ គ្រាប់បែកបានបំផ្លិចបំផ្លាញផ្ទះសំបែង និងធ្វើឱ្យមនុស្សមួយចំនួនធ្លាក់ខ្លួនជាជនពិការ។

លុះដល់ឆ្នាំ១៩៧៥ នៅពេលដែលកងទ័ពខ្មែរក្រហមបានឡើងកាន់កាប់អំណាច ហ៊ុន និងប្អូនស្រីត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅឋានទៅរស់នៅភូមិស្វាយលើ ខេត្តសៀមរាប។ នៅឆ្នាំ១៩៧៦ គឺជាឆ្នាំដែលពោរពេញដោយភាពលំបាកវេទនាបំផុតសម្រាប់ ហ៊ុន។ ក្នុងនាមជាប្រជាជនមូលដ្ឋាន ឬហៅថាប្រជាជនចាស់ ហ៊ុន ត្រូវបានបង្ខំឱ្យធ្វើការធ្ងន់ និងហូបចុកមិនគ្រប់គ្រាន់។ របបអាហារដែលទទួលបានមានត្រឹមតែបបររាវៗដែលគ្មានសាច់ មានតែទឹកច្រើនជាងគ្រាប់បបរ។ ក្នុងមួយថ្ងៃទទួលបានបបរចំនួនពីរពេល គឺពេលព្រឹក និងពេលល្ងាច។ ដើម្បីចម្អែតក្រពះ ហ៊ុន បានលួចជីកមើមដំឡូង បេះត្រួយដំឡូង ស្នូលល្ហុង និងគ្រាប់ពោតដែលនៅសេសសល់សម្រាប់បរិភោគ។

ហ៊ុន បាននិយាយថា៖ «នៅពេលនោះក្រៅពីភាពអត់ឃ្លាន ជំងឺគ្រុនចាញ់គឺជាការគំរាមកំហែងដល់ជីវិតយ៉ាងខ្លាំង»។ ក្នុងស្ថានភាពដែលគ្មានថ្នាំព្យាបាលត្រឹមត្រូវ ហ៊ុន ត្រូវប្រើប្រាស់ត្រួយស្មៅ និងថ្នាំអាចម៍ទន្សាយដែលអង្គការចែកឱ្យ។ នៅក្នុងជីវិតឯកជនរបស់ ហ៊ុន មិនមានស្វាមីនោះទេ ប៉ុន្តែគាត់ធ្លាប់បានឃើញនូវទិដ្ឋភាពនៃការបង្ខំឱ្យរៀបការជាគូៗ។ ពិធីអាពាហ៍ពិពាហ៍សម័យនោះធ្វើឡើងត្រឹមតែមួយព្រឹកប៉ុណ្ណោះ ដែលមានមនុស្សចាប់ពី៣០ ទៅ ៧០គូ ក្នុងពេលតែមួយ។ ហ៊ុន ធ្លាប់បានឮប្រជាជនរស់នៅក្នុងសហករណ៍ជាមួយគ្នា និយាយប្រាប់ពីករណីខ្មែរក្រហមរំលោភសេពសន្ថវៈលើស្ត្រីភេទ ដោយជនរងគ្រោះត្រូវបានរំលោភមុនពេលយកទៅសម្លាប់ចោល។

នៅក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមបានសម្លាប់ អ្នកមានចំណេះដឹង ប្រជាជនសាមញ្ញគ្រប់ជាន់ថ្នាក់ដោយគ្មានការរើសអើង និងញញើតដៃឡើយ។ សកម្មភាពឃោរឃៅបានឈានដល់ការសម្លាប់ទារកដោយចាប់ព្យួរជើងបោកនឹងគល់ឈើ។ ចំណែកផ្នែកសាសនាវិញ ត្រូវបំផ្លាញស្ទើរទាំងស្រុង ព្រះវិហារ វត្តអារាមដែលជាទីសក្ការត្រូវបានប្រែក្លាយទៅជាឃ្លាំងដាក់ស្រូវ និងដំឡូង។ ព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទឱ្យទៅធ្វើស្រែចម្ការ ឬយកទៅសម្លាប់ចោល។

ហ៊ុន មានបញ្ហាសុខភាពជាច្រើនដែលបន្សល់ទុកតាំងពីរបបខ្មែរក្រហម ដោយសារធ្វើការងារធ្ងន់ហួសកម្លាំង និងកង្វះអាហារហូបចុក។ បញ្ហាសន្លាក់ដៃជើងគឺឈឺចាប់ជាប្រចាំ ចំណែកឯបញ្ហាភ្នែកវិញ គាត់ឈឺរ៉ាំរ៉ៃតម្រូវឱ្យមានការវះកាត់ភ្នែកម្ខាង៕

សម្ភាសន៍ដោយ៖ ធី ចាន់ថា ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin