ឆឹង ថៃ៖ បាត់បង់ម្ដាយឪពុកតាំងពីកុមារ

នៅក្នុងកងកុមារ ខ្ញុំបានរត់ត្រលប់ទៅរកម្ដាយនៅផ្ទះជាញឹកញាប់ ហើយប្រធានកង បានចាប់ខ្ញុំយកទៅវាយធ្វើបាប ចងលើសម្បុកស្រមោច និងគំរាមសម្លាប់ក្នុងរណ្ដៅ។ ក្រោយមក នៅពេលដែលម្ដាយឪពុករបស់ខ្ញុំស្លាប់អស់ ខ្ញុំត្រូវរស់នៅជាមួយបងប្អូនស្រី៣នាក់យ៉ាងលំបាក និងខ្វះខាតអាហារហូបចុកជាខ្លាំង។

ឆឹង ថៃ អាយុ៥៣ឆ្នាំ​ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ថៃ ត្រូវធ្វើការប្រមូលអាចម៍គោ និងរស់នៅក្នុងកងកុមារភូមិ ដែលជាកន្លែងក្មេងៗត្រូវរស់នៅរួមគ្នា និងមិនឲ្យត្រលប់មកជួបឪពុកម្ដាយទាល់តែសោះ។ នៅក្នុងកងកុមារ ថៃ បានលួចត្រលប់មកជួបម្ដាយនៅផ្ទះ ព្រោះគាត់នឹកខ្លាំងពេក ប៉ុន្តែត្រូវបានប្រធានកងទៅសែងគាត់យកទៅក្នុងកងវិញទាំងយប់ និងធ្វើការវាយគាត់ ដើម្បីកុំឲ្យហ៊ានរត់ទៅម្ដងទៀត។

ថ្ងៃមួយ ថៃ បានរត់ត្រលប់ទៅផ្ទះម្ដងទៀត ហើយប្រធានកងបានមករកគាត់ដល់ផ្ទះ។ នៅពេលនោះ ម្ដាយរបស់ថៃ បានកុហកអង្គការថាកូនឈឺ ព្រោះចង់ឲ្យកូនសម្រាកនៅផ្ទះមួយយប់ និងមិនចង់ឲ្យប្រធានកងវាយធ្វើបាបកូនដូចពេលមុន។ ប៉ុន្តែថ្ងៃបន្ទាប់ ថៃ និងមិត្តរបស់គាត់ឈ្មោះ​សៅ បាននាំគ្នាទៅរាវរកខ្យងនៅមាត់ស្រះ ដើម្បីយកមកដុតហូបបន្ថែម ព្រោះរបបអាហារដែលអង្គការផ្ដល់ឲ្យមិនគ្រប់គ្រាន់នោះទេ ហើយកន្លងមកគាត់ធ្លាប់ទៅលួចចាប់កូនក្អាត់ ឬលួចកន្ទក់ស្រូវថ្មី យកទៅលីងហូបបន្ថែមទៀត នៅពេលដែលគាត់មិនអាចទ្រាំឲ្យដល់ម៉ោងហូបអាហារ ឬនៅពេលអង្គការបង្អត់បបរគាត់។ ជាអកុសល អំឡុងពេល ថៃ កំពុងលើកព្រលឹត និងដើមត្រកៀតនៅមាត់ស្រះ ដើម្បីរកខ្យង ប្រធានកងរបស់គាត់បានមកទាន់ និងចាប់អ្នកទាំងពីរចងបណ្ដើរចេញទៅទួលលី។

នៅទូលលី អង្គការបានចង ថៃ និងមិត្តរបស់គាត់ នៅសសររោងគោលើសម្បុកស្រមោច  និងចាប់ផ្ដើមជីករណ្ដៅក្បែរដើមពោធិ៍ជិតនោះ។ បន្ទាប់មក អង្គការបានសួរចម្លើយអ្នកទាំងពីរ និងផ្ដល់ឱកាសឲ្យគាត់សារភាពការពិតថាបានកុហកអង្គការថាឈឺ ហើយមិនទៅធ្វើការងារនិងលួចរកអាហារហូបបន្ថែមទៀត។ នៅពេលឃើញដូច្នេះ ថៃ មានការភ័យខ្លាចអង្គការយកត្បូងចបវាយគាត់សម្លាប់ទម្លាក់ក្នុងរណ្ដៅនោះយ៉ាងខ្លាំង ហើយគាត់បានសុំអង្វរប្រធានកងជាច្រើនដងឲ្យដោះលែងគាត់ ព្រោះនេះគឺជាកំហុសលើកទីមួយ។ បន្ទាប់ពីសារភាពរួច ប្រធានកងបានយល់ព្រមអនុគ្រោះឲ្យគាត់ម្ដង ប៉ុន្តែត្រូវសន្យាថាឈប់លួចធ្វើបែបនេះបន្តទៀត។

ក្រោយមក បងរបស់ថៃ បានមកប្រាប់ថាម្ដាយរបស់គាត់បានស្លាប់បាត់ទៅហើយ ប៉ុន្តែ ថៃ មិនបានសោកសៅ ឬយំនោះទេ ព្រោះគាត់មិនដឹងពីសេចក្ដីស្លាប់ ហើយគិតថាម្ដាយរបស់គាត់នឹងត្រលប់មកវិញ។ ប៉ុន្តែនៅពេលដែលបាត់ម្ដាយ និងមិនឃើញត្រលប់មកវិញ ទើបគាត់ចាប់ផ្ដើមយំស្វែងរក។

នៅខែមករា ឆ្នាំ១៩៧៩ នៅពេលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយចូលមក ថៃ បានរត់ចេញពីសហករណ៍ទៅតាមប្រជាជនក្នុងភូមិជាមួយគ្នា ហើយបងរបស់គាត់បាននាំប្អូនស្រីចេញទៅតាមក្រោយ។ ថៃ បានរស់នៅ និងហូបអាហារជាមួយអ្នកភូមិរហូតដល់ត្រលប់មកវិញ ទើបបានជួបជាមួយបង និងប្អូននៅផ្ទះ។

នៅក្នុងភូមិ ថៃ បានរស់នៅជាមួយបងប្អូនរបស់គាត់៣នាក់ ហើយម្ដាយឪពុករបស់គាត់បានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ អំឡុងពេលនោះ បងស្រីរបស់ថៃ ត្រូវដើរតួរជាឪពុកម្ដាយដើម្បីចិញ្ចឹមមើលថែប្អូនៗ ហើយស្ថានភាពគ្រួសារគាត់ គឺខ្វះខាតអាហារហូបចុកយ៉ាងខ្លាំង ដោយសារតែមិនមានកម្លាំង និងការយល់ដឹងធ្វើស្រែលើចំណែកដីបន្តិចបន្តួចដែលទទួលបាន។ នៅពេលផ្ដល់បទសម្ភាសន៍ ថៃ មានជំងឺក្រពះពោះវៀន ស្រវាំងភ្នែក អស់កម្លាំងស្ពឹកជើងស្ពឹកដៃ និងជំងឺសួត ក្អកជាញឹកញាប់។ ដើម្បីព្យាបាលជំងឺ ថៃ បានទៅបើកថ្នាំនៅមណ្ឌលសុខភាពឃុំលេបជាប្រចាំ។

សម្ភាសន៍ដោយ៖ គ្រី ភា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin