ក្រឹង គន៖ កងនារីមូលដ្ឋាន

(តាកែវ)ក្រឹង គន[1] អាយុ៦០ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលក្រុមខ្មែរក្រហមគ្រប់គ្រងដំបូង គន បានចូលទៅក្នុងកងកុមារ ដើម្បីធ្វើការងារបោចស្មៅ និងលាយជីលាមកយកទៅដាក់ស្រែ។ នៅឆ្នាំ១៩៧៦ គន បានចូលទៅធ្វើការងារក្នុងកងចល័តនារី តាមការចាត់តាំងរបស់អង្គការដើម្បីធ្វើការបោចព្រៃ ឬកន្ទ្រាំង ធ្វើស្រែស្ទូង ដក ច្រូត នៅរដូវវស្សា និងប្រាំង និងធាក់រហាត់ទឹកបញ្ជូលស្រែប្រាំងនៅភ្នំបូរី។

នៅកន្លែងធ្វើការ គន និងមិត្តឈ្មោះឆន ខិតខំធ្វើការជាន់រហាត់ទឹកខ្លាំងណាស់ ព្រោះស្រែពីរទ័រ ឬពីរបន្ទាត់ដែលអង្គការចាត់តាំងឲ្យគាត់ជាន់នោះដាក់ទឹកមិនសូវដក់ទេ។ ថ្ងៃមួយ គន បានទទួលដំណឹងពីអ្នកស្គាល់គ្នាថាម្ដាយរបស់គាត់ឈឺធ្ងន់នៅផ្ទះ និងចង់ឲ្យកូនទៅមើលថែ។​ ប៉ុន្តែនៅពេលដែល គន ទៅសុំប្រធានកងត្រលប់ទៅសហករណ៍វិញអង្គការបានស្ដីបន្ទោសគាត់ថាមិនមែនជាគ្រូពេទ្យ ហើយស្រែដែល គន មើលថែមិនមានទឹកគ្រប់គ្រាន់។ នៅពេលឮដូច្នេះ គន ខំប្រឹងជាន់រហាត់ទឹកបន្ថែមទៀតអស់រយៈពេលមួយសប្ដាហ៍ រហូតដល់មានទឹកពេញស្រែ ទើបគាត់ហ៊ានទៅសុំប្រធានកងម្ដងទៀត ហើយអង្គការបានអនុញ្ញាតឲ្យគាត់ត្រលប់ទៅមួយថ្ងៃ។

នៅថ្ងៃបន្ទាប់ គន បានក្រោកតាំងពីម៉ោង៥យប់ ដើរម្នាក់ឯងទាំងមានភាពភ័យខ្លាចពីភ្នំបូរី រហូតមកដល់ផ្ទះម៉ោងប្រមាណ៨។ ប៉ុន្តែនៅពេល គន ទៅដល់ផ្ទះ ជំងឺឈឺបំពង់កម្ដាយរបស់គាត់បានជាសះស្បើយទាំងស្រុង ហើយម្ដាយរបស់គាត់បាននិយាយថា “ប្រសិនបើអញឈឺខ្លាំងជាងនេះងាប់បាត់ហើយទើបមកដល់”។ គន សម្រាកនៅផ្ទះមួយយប់ ទើបគាត់ក្រោកឡើងតាំងពីព្រលឹមមេឃមិនទាន់ភ្លឺទៅកន្លែងធ្វើការងារវិញ។

នៅឆ្នាំ១៩៧៧ នៅក្នុងកងចល័ត អង្គការចាប់ផ្ដើមបោសសម្អាតអ្នក១៧មេសា ឬអ្នកមានសាច់ញាតិជាមួយប្រជាជនថ្មីទាំងអស់ កុំឲ្យធ្វើការលាយឡំជាមួយអ្នកមូលដ្ឋាន។ នៅយប់មួយម៉ោងប្រមាណ១២អធ្រាត្រ គន បានឮគណៈឈ្លបឈ្មោះរី បានទៅសួរប្រធានកងឈ្មោះសែម ដើម្បីសួររកមិត្តនារីឈ្មោះ ធួក និងស្រីទូច ដែលជាបងប្អូនគ្នា និងជាប្រជាជន១៧ មេសា។ នៅពេលឮដូច្នេះ គន បានធ្វើជាចុះមកបន្ទោបង់តូចនៅក្រោម ដើម្បីចាំស្ដាប់បន្តទៀត ព្រោះអ្នកដែលអង្គការស្វែងរកមានម្នាក់សម្រាកនៅក្បែរគាត់ និងម្នាក់ទៀតនៅក្រុមផ្សេង។

បន្ទាប់មក សែម បានហៅបងប្អូនទាំងពីរនាក់នោះមក ហើយកងឈ្លបបានចាប់ដាក់ខ្នោះដៃទៅក្រោយ។ នៅពេលឃើញដូច្នេះ ធួក និងទូច បានសួរដេញដោលពីមូលហេតុដែលចាប់គាត់ ហើយអង្គការបានឆ្លើយថាយកទៅមូលដ្ឋានវិញ រួចបន្តដឹកតាមរទេះសេះចេញទៅបាត់។ នៅពេលឃើញដូច្នេះ គន មានអាការញ័រខ្លួន និងរត់ទៅសម្រាកនៅកន្លែងដើមវិញធម្មតា ដើម្បីកុំឲ្យប្រធានកងដឹងថាគាត់លួចមើលតាមចន្លោះជញ្ជាំង ហើយប្រធានកងសែម បានត្រលប់ទៅសម្រាកវិញដែរ។ គន ធ្វើការប្រមូលផលស្រូវប្រាំងនៅភ្នំបូរីរួចរាល់ ទើបអង្គការបញ្ជូនគាត់ទៅដេញកណ្ដុរកុំឲ្យស៊ីពោតកន្លះខែទៀត មុនពេលត្រលប់ទៅស្ទូងស្រូវស្រែលើក្បែរមូលដ្ឋានវិញ។

ជាញឹកញាប់ នៅក្នុងមូលដ្ឋាន គន បានក្រោកពីយប់ ដើម្បីរត់ត្រលប់ទៅផ្ទះរកអាហារហូបបន្ថែម ព្រោះម្ដាយរបស់គាត់បានលួចយកកន្ទក់មកលីងទុកក្នុងកំសៀវឲ្យកូនហូបនៅពេលគាត់ធ្វើការកន្លែងបុកអង្ករ។ ប៉ុន្តែនៅពេលម្ដាយរបស់គន មើលថែក្មេងតូចៗគាត់បានលាក់ទុកបបរនៅក្នុងការម៉ែល ដែលបបរនោះបានមកពីការសល់ ឬលួចដកយកពីចំណែកកុមារតូចៗនៅក្នុងសហករណ៍។ បន្ទាប់ពីហូបរួច គន បានរត់ទៅកន្លែងធ្វើការ ដក និងស្ទូងសំណាបនៅស្រែឲ្យទាន់ពេលវេលាវិញ។ ចំពោះការលួចហូបនេះ និងការលាក់ទុកអាហាររបស់ម្ដាយគន គឺត្រូវមានទោសប្រសិនបើអង្គការចាប់បាន ហើយនៅពេលដែលកងឈ្លបហៅទៅកសាងចំនួន៣លើហើយមិនកែប្រែគឺត្រូវចាប់យកទៅវាយសម្លាប់ចោល។

ចូលដល់រដូវប្រមូលផល និងខែទឹកឡើង គន និងក្រុមកងចល័តនារី បានទៅធ្វើការច្រូតស្រូវជិតលិចទឹក។ នៅពេលធ្វើការ គន  បានលួចបូតស្រូវដាក់ក្នុងជាយក្រមារ រួចសុំអង្គការទៅបត់ជើង ដើម្បីបានយកដុំឈើ ឬដងកណ្ដៀវទៅដំស្រូវលើគល់ត្នោត ហើយផ្លុំយកសំបកចេញទើបហូបភ្លាមៗ។ គន ធ្វើដូច្នេះ ព្រោះគាត់មិនអាចទ្រាំឲ្យចាំដល់ម៉ោងហូបអាហារថ្ងៃត្រង់បាន ហើយណាមួយអាហារដែលគាត់ទទួលបានមានត្រឹមបបររាវៗប៉ុណ្ណោះ។ គន បានបន្តថា ក្នុងបបរមួយខ្ទះអង្គការដាក់អង្ករត្រឹមតែ៣ ទៅ៤កំប៉ុងប៉ុណ្ណោះ ហើយពេលខ្លះបានយកពោតហារវៃប៉ិនៗម្រាមដៃ ឬបន្លែព្រលឹតទៅហាត់លាយក្នុងបបរដោយដាក់អង្ករត្រឹមតែមួយកំប៉ុង សម្រាប់ចែកឲ្យប្រជាជនជាច្រើននាក់ហូប ព្រោះស្រូវដែលប្រមូលផលដំបូងមិនទាន់បានយកទៅបុកធ្វើជាអង្ករ ហើយយកទៅដាំបាយ។ នៅពេលហូបរួច គន និងប្រជាជនផ្សេងទៀត ចាប់ផ្ដើមរាគបាញ់ចេញលាមកសុទ្ធតែទឹកខ្មៅៗរហូតដល់មានការប្រមូលផលបានច្រើនជាងមុខ ទើបសុខភាពបានល្អប្រសើរឡើងវិញ។

ចំពោះសម្លៀកបំពាក់ គន បានទទួលខោអាវពីរសម្រាប់ប៉ុណ្ណោះពីអង្គការ ដោយខោអាវថ្មីដែលគាត់ទទួលបានគឺទុកស្លៀកនៅថ្ងៃបុណ្យ ឬថ្ងៃប្រជុំទី១០ និងទី២០ ហើយសម្លៀកបំពាក់ប្រចាំថ្ងៃ គឺគាត់ស្លៀកតែខោអាវចាស់របស់បងៗដែលសល់ពីមុន។ ចំពោះសម្លៀកបំពាក់នេះ គន ត្រូវស្លៀកជារៀងរាល់ថ្ងៃ ដូច្នេះការដាច់រហែងមានជាច្រើនកន្លែង ហើយគាត់ត្រូវខំស្វែងរកសាច់ក្រណាត់ ម្ចុល ឬអំបោះមកដេរដោយខ្លួនឯង។ មួយវិញទៀត ឲ្យតែជិតដល់ថ្ងៃបុណ្យ ឬប្រជុំ គន បានកាត់ដើមប្រោះយកទៅរំងាស់ ហើយយកខោអាវថ្មី និងចាស់របស់គាត់ទៅជាន់ក្នុងភក់ជាមុន រួចយកទៅជ្រលក់ក្នុងទឹករំងាស់នោះឲ្យឃើញខ្មៅស្អាត។ គន ធ្វើបែបនេះគឺដើម្បីបានស្លៀកសម្លៀកបំពាក់ខ្មៅស្អាតដូចអ្នកចូលរួមផ្សេងទៀតដែលទទួលបានខោអាវខ្មៅថ្មីៗពីអង្គការជាញឹកញាប់។

នៅដើមខែមករា ឆ្នាំ១៩៧៩ អំឡុងពេលក្រុមរបស់គន ធ្វើការច្រូតស្រូវនៅពេលយប់ ស្រាប់តែមានឈ្មោះ មូល គណៈកងសេដ្ឋកិច្ចឃុំ បានទៅប្រាប់ឲ្យក្រុមកងនារីត្រលប់ទៅសហករណ៍ភូមិអង្កាញ់វិញ។ ពេលទៅដល់សហករណ៍ អង្គការបានធ្វើបង្អែមបាញ់ចានឿក ទទួលកងចល័ត ប៉ុន្តែគនមិនទាន់បានហូបទេ ព្រោះគាត់ត្រូវដើរកំដរមិត្តនារីម្នាក់ឈ្មោះ អេង ឈឺជើងដើរទៅយឺតត្រលប់ទៅវិញ។​ គន និងអេង ធ្វើដំណើរដល់កន្លែងសម្រាក និងបានឃើញមិត្តនារីមួយចំនួនរត់ទៅផ្ទះរកម្ដាយឪពុករៀងខ្លួនវិញ។ ចំពោះក្រុមរបស់គន បានស្នាក់នៅក្នុងកងមួយយប់ទៀត ហើយចេញទៅធ្វើការនៅថ្ងៃបន្ទាប់ ដើម្បីច្រូតស្រូវឲ្យរួចរាល់ត្រង់ចំណុចមុខសញ្ញាដែលអង្គការដាក់ឲ្យម្សិលមិញ។ រហូតដល់ម៉ោងប្រមាណ៨យប់ មូល បានទៅប្រាប់ឲ្យក្រុមរបស់គន ឈប់ច្រូត រួចរត់ត្រលប់ទៅផ្ទះវិញ។

នៅពេលឮដូច្នេះ គន បានរត់ទៅកន្លែងសម្រាកក្នុងភូមិអង្កាញ់ជាមុនសិន ទើបរត់ទៅរកឪពុកម្ដាយនៅផ្ទះវិញ ប៉ុន្តែនៅពាក់កណ្ដាលផ្លូវ មូល បានប្រាប់ឲ្យ គន ធ្វើដំណើរកាត់តាមភូមិអង្កាញ់ទៅទិសខាងជើងវិញ ដើម្បីបានជួបគ្រួសារនៅត្រង់ដើមពោធិ៍ព្រៃព្រំ ឬហៅថាក្រចត ព្រោះម្ដាយឪពុករបស់គាត់បានចេញពីផ្ទះទៅទិសខាងលិច កាត់តាមព្រៃកប្បាសបាត់ហើយ។ បន្ទាប់ពីនិយាយចប់ គន បានធ្វើដំណើរតាមការណែនាំរបស់ មូល ទើបបានជួបឪពុកម្ដាយនៅត្រង់ ស្រម៉រ ខាងត្បូងថ្នល់បត់ និងសម្រាកនៅកន្លែងនោះមួយយប់។ នៅថ្ងៃបន្ទាប់ គ្រួសាររបស់គន មានបំណងត្រលប់មកផ្ទះវិញ​ ប៉ុន្តែប្រធានសហករណ៍បានហាមឃាត់ ព្រោះកងទ័ពស្ម័គ្រចិត្តវៀតណាមបានដាក់មូលដ្ឋានទ័ពនៅស្រុកអង្គរបូរី និងអាចផ្លោងគ្រាប់បែកមកគ្រប់ពេល។ នៅរសៀលថ្ងៃនោះ ប្រធានសហករណ៍បានជម្លៀសប្រជាជនទៅមុខបន្តទៀតរហូតទៅសម្រាកនៅភ្នំចំបាប់។​

នៅពេលទៅដល់ភ្នំចំបាប់ មូល បានដើរហៅ គន និងនារីផ្សេងទៀតដើម្បីបង្កើតជាក្រុមធំមួយ រួចបែងចែកជាក្រុមតូចៗដែលមានសមាជិកចំនួន៦នាក់ មុនពេលធ្វើដំណើរទៅកន្លែងផ្សេងទៀត។ នៅពេលបែងចែកក្រុមរួច មូល បានចែកកាំបិទឲ្យម្នាក់មួយ អង្ករពីរទៃ និងទាពីរក្បាល ឲ្យទៅកាន់ក្រុមនីមួយៗ ព្រមទាំងប្រាប់នារីទាំងអស់កុំឲ្យបោះចោលកាំបិទ។ រហូតដល់ម៉ោងប្រមាណ១០យប់ ស្រាប់តែមានសំឡេងស្រែកឲ្យជួយ និងការផ្ទុះអាវុធខ្លាំងបន្តទៀត ទើបឈ្មោះ មូល បានប្រាប់ឲ្យកងនារីទាំងអស់ត្រលប់ទៅរកម្ដាយឪពុកវិញ។ ពេលឮដូច្នេះ មិត្តនារីនៅក្នុងកងបានរត់គេចខ្លួន ហើយគន បានស្រវាទៅយកអង្ករពីរទៃមកស្ពាយ, កាន់កន្ទេលមួយ និងទាពីរក្បាលទៅរកម្ដាយនៅភ្នំចំបាប់។

ជាសំណាងល្អ គន បានជួបគ្រួសាររបស់គាត់នៅទីនោះ និងបានរៀបចំអីវ៉ាន់ធ្វើដំណើរទៅមុខបន្តទៀតទៅស្រុកខាងជើង។ នៅតាមផ្លូវធ្វើដំណើរ គ្រួសាររបស់គន បានជួបយាយតាពីរនាក់កំពុងស្រែករកជំនួយនៅស្រុកចេក។ នៅពេលឃើញដូច្នេះ គន មានការអាណិតតាយាយមួយគូនោះណាស់ ព្រោះលោកតាខ្វិនជើងដើរមិនរួច គឺបានត្រឹមលុតជង្គង់សំពះអង្វរឲ្យអ្នកដទៃយកទៅជាមួយ ហើយយាយដែលជាប្រពន្ធបានត្រឹមរត់ឆ្លេឆ្លាទៅមក ប៉ុន្តែមិនមានអ្នកជួយទាល់តែសោះ ព្រោះពេលនោះស្ថានការរញ៉េរញ៉ៃ មានគ្រាប់កាំភ្លើងនិងគ្រាប់បែកធ្លាក់ឮសូរគ្រាំៗក្បែរនោះ ហើយរទេះរបស់មនុស្សម្នាៗមានសម្ភារពេញៗ និងទៅមុខម្ដងបន្តិចៗ។

នៅយប់នោះ គ្រួសាររបស់គន បានឈប់នៅក្នុងព្រែក ដើម្បីរៀបចំធ្វើម្ហូបអាហារ និងគិតគ្នាបន្តទៀតថាគួរឡើងភ្នំឬអត់។ ប៉ុន្តែដោយសារម្ដាយឪពុករបស់គាត់សុខចិត្តស្លាប់ព្រោះចង់ត្រលប់ទៅនៅផ្ទះវិញ ទើបគ្រួសាររបស់បងប្រុស និងគនឈប់ធ្វើដំណើរទៅមុខទៀត ហើយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយទាហានស្ម័គ្រចិត្តវៀតណាម បានធ្វើដំណើរមកដល់នៅម៉ោងប្រមាណ១២។ ភ្លាមៗនោះ គ្រួសាររបស់គន មានការភ័យខ្លាចខ្លាំង ព្រោះទាពីក្បាលដែលគាត់កាន់មកជាមួយបានយកទៅធ្វើម្ហូបបាត់ហើយ ប៉ុន្តែនៅពេលទទួលដំណឹងថាឲ្យត្រលប់ទៅផ្ទះវិញទើបគ្រួសាររបសគាត់បានធូរចិត្តបន្តិច។

បន្ទាប់មក គ្រួសាររបស់គន បានត្រលប់ក្រោយវិញ ប៉ុន្តែមិនទាន់ចូលផ្ទះភ្លាមៗនោះទេ គឺស្នាក់នៅចម្បារ រងចាំមើលស្ថានការណ៍បន្តទៀត ព្រោះគាត់ឮដំណឹងថាមានការចាប់យកទៅរៀនសូត្រ លុតដំ កែប្រែ នៅប្រទេសវៀតណាម។ មិនយូរប៉ុន្មាន គន និងម្ដាយបានចូលទៅរស់នៅក្នុងភូមិមុន ហើយគ្រួសារបងប្រុសរបស់គាត់បានចូលមកក្រោយនៅពេលដែលស្ថានការស្ងប់ស្ងាត់ទាំងស្រុង។

[1] ក្រឹង គន សំឡេងសម្ភាសន៍នៅក្នុងឯកសាររបស់ឈ្មោះ រស់ អេង សម្ភាសន៍នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយគ្រី ភាព នៅក្នុងគម្រោង ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin