កែវ សុខ៖ ខ្ញុំមិនបានជួបគ្រួសារទាល់តែសោះ

កូនស្រីរបស់ខ្ញុំបានស្រែកសុំអាហារហូប មុនពេលនាងស្លាប់ ប៉ុន្តែខ្ញុំមិនបានដឹងរឿងទាល់តែសោះ និងមិនដែលបានជួបមុខប្ដី និងកូនៗសូម្បីតែម្ដង ព្រោះអង្គការបានបំបែកគ្រួសារខ្ញុំឲ្យទៅរស់នៅ និងធ្វើការនៅកន្លែងឆ្ងាយៗ។
កែវ សុខ អាយុ៧៣ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សុខ មានកូន៥នាក់ ក្នុងនោះមានកូនប្រុស៤នាក់ និងកូនស្រីច្បងម្នាក់។ គ្រួសាររបស់សុខ គឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់មិនបានរស់នៅជួបជុំគ្នានោះទេ។ អង្គការបានចាត់តាំង សុខ ឲ្យទៅរស់នៅនឹងធ្វើការងារក្នុងកងចល័តស្រុក ហើយប្ដីត្រូវធ្វើការងាររកឧសដាក់ក្នុងការស៊ីនបាយ(រោងបាយ), លើកទំនប់, ជីកប្រឡាយ និងធ្វើស្រែរួមក្រុម។ ចំណែក កូនៗរបស់សុខ ដែលមានអាយុច្រើនល្មមត្រូវចូលទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ។
សុខ បន្តថា គ្រួសាររបស់គាត់មិនបានជួបគ្នាទាល់តែសោះ ក្នុងសម័យខ្មែរក្រហម ព្រោះគាត់ត្រូវជម្លៀសទៅធ្វើការងាររែកដី, ជីកប្រឡាយ, ជាន់រហាត់ទឹក និងធ្វើស្រែ នៅម្ដុំវត្តសុភី, ស្រុកព្រៃស្លឹក និងស្រុកអង្ករបូរី។ នៅក្នុងកងចល័ត មុនដំបូង សុខ ទទួលបានបបរ៣វែក ក្នុងមួយពេលសម្រាប់ហូបជាមួយសម្លបន្លែព្រលឹត ឬត្រកួន ប៉ុន្តែក្រោយមក អង្គការបានកាត់ចំណែកបបរមកនៅត្រឹម២វែក។ បើទោះបីជា សុខ អត់ឃ្លានយ៉ាងណា គាត់មិនហ៊ានលួចរកត្រី ឬរកអាហារហូបបន្ថែមនោះទេ ព្រោះខ្លាចមានទោស។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុខ បានត្រលប់ទៅរស់នៅជួបជុំគ្រួសារវិញ។ ពេលទៅដល់ភូមិ សុខ បានឮប្រជាជនរៀបរាប់ពីការស្លាប់របស់កូនស្រីគាត់ដោយសារអត់អាហារ។ អ្វីដែលសុខស្ដាយស្រណោះបំផុត មុនពេលស្លាប់ កូនស្រីច្បងរបស់សុខ បានស្រែកយ៉ាងគួរឲ្យអាណិតថា “សុំបាយមួយដុំមក ខ្ញុំហែវបាយណាស់ មុនខ្ញុំស្លាប់” ប៉ុន្តែមិនមានអ្នកឲ្យអាហារនាងហូបទាល់តែសោះ។ ក្រៅពីកូនស្រី សុខ បាត់បង់បងប្អូនបង្កើតរបស់ប្ដីប្រមាណ៤នាក់។ សុខ គិតថាបងប្អូនថ្លៃរបស់គាត់ប្រហែលជាស្លាប់ដោយសារអត់អាហារ និងអង្គការចាប់យកទៅសម្លាប់។
នៅពេលផ្ដល់បទសម្ភាសន៍ សុខ មានអាការអស់កម្លាំង, ហឹងត្រចៀក, ថប់ៗដង្ហើម និងយូរៗម្ដងឈឺសន្លាក់។ ដើម្បីព្យាបាលជំងឺ សុខ បានដាំថ្នាំខ្មែរហូបជាប្រចាំ បើទោះបីជាជំងឺរបស់គាត់មិនសូវធ្ងន់ធ្ងរ។ សម្រាប់ថ្នាំពេទ្យ សុខ ប្រើប្រាស់ម្ដងម្កាល នៅពេលដែលមិនស្រួលខ្លួនខ្លាំង។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

