ពេជ្យ សឹង្ហ៖ អង្គការបានស្នើសុំកម្ទេចខ្ញុំ

ពេជ្យ សឹង្ហ អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ប៉ុន្តែនៅពេលរៀបការរួច សឹង្ហ បានផ្លាស់ទៅរស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវវិញ។ សឹង្ហ មានបងប្អូនពីរនាក់ ដោយបងប្អូនរបស់គាត់បានស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ដើម្បីផ្ដួលរំលំរបប នល់ នល់។ ជាអកុសល បងរបស់សឹង្ហ បានបាត់បង់ជីវិតដោយសារត្រូវគ្រាប់ក្នុងអំឡុងឆ្នាំ១៩៧៤ នៅពេលវាយចូលទីក្រុងភ្នំពេញ។

ចំពោះ សឹង្ហ បានទៅចូលរួមសែងយុវជនដែលរងរបួសវាយសមរភូមិមុខដូចគ្នា ប៉ុន្តែនៅពេលដែលគាត់កើតមានជំងឺគ្រុនចាញ់ ទើបអង្គភាពបញ្ជូនគាត់ទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជិត១ឆ្នាំ។ នៅពេលព្យាបាលជំងឺ ឪពុករបស់សឹង្ហបានស៊ើបដំណឹងកូនជាបន្តបន្ទាប់ រហូតដល់បានជួបនិងនាំកូនត្រលប់មកព្យាបាលជំងឺនៅផ្ទះបន្តទៀត។ សឹង្ហបានស្នាក់នៅ និងព្យាបាលជំងឺនៅផ្ទះ​រហូតដល់ខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុង ប៉ុន្តែអាការក្រៅខ្លួនញ័រញាក់របស់គាត់មិនបានជាសះស្បើយទាំងស្រុងនោះទេ គឺវាកើតឡើងវិញម្ដងម្កាល។

នៅឆ្នាំ១៩៧៥ សឹង្ហ បានចូលទៅធ្វើការងារក្នុងកងដឹកជញ្ជូន តាមការចាត់តាំងរបស់អង្គការ។ នៅក្នុងក្រុមដឹកជញ្ជូន សឹង្ហ ធ្វើការងារដឹកសម្ភារប្រើប្រាស់ និងស្បៀងអាហារផ្សេងៗ ចេញទៅស្រុកអង្គរបូរី ឬស្រុកដទៃទៀតក្នុងខេត្តតាកែវ និងដឹករបស់របរឬស្បៀងនៅក្នុងសហករណ៍។ នៅពេលធ្វើការ សឹង្ហ មិនពូកែកាន់រទេះគោប៉ុន្មានទេ ហេតុនេះហើយទើបមានឈ្មោះភៀន ជាកម្មាភិបាលខ្មែរក្រហមម្នាក់ បានចោទប្រកាន់គាត់ថាជានាយទុន និងបានស្នើសុំកម្ទេច(សម្លាប់) សឹង្ហ ចោល។ ជាសំណាងល្អ សឹង្ហ មានបងម្នាក់ដែលធ្វើការងារជាអនុភូមិ បានធ្វើការរារាំង​ និងបានបញ្ជូន សឹង្ហ ទៅនៅក្នុងចម្ការ ដើម្បីធ្វើការដាំបន្លែផ្សេងៗយកទៅផ្គត់ផ្គង់ក្នុងរោងបាយ។

នៅក្នុងចម្ការ សឹង្ហ មិនបានទៅហូបអាហារក្នុងរោងបាយរួមដូចប្រជាជនដទៃនោះទេ គឺក្រុមរបស់គាត់បានទទួលអាហារពីអង្គការយកមកឲ្យដល់កន្លែង ហើយនៅពេលដែលហូបមិនឆ្អែត គាត់អាចលួចរកអាហារហូបបានតិចតួចបន្ថែមទៀត។ នៅកន្លែងធ្វើការ សឹង្ហ នៅតែមានអាការក្ដៅញ័រញាក់ម្ដងម្កាល និងប្រកាច់នៅតាមផ្លូវពេលកំពុងធ្វើការ ប៉ុន្តែគាត់មិនបានព្យាបាលបន្តទៀតទេ។ សឹង្ហ ធ្វើការងារនៅកន្លែងដាំបន្លែរហូតដល់របបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩។

សឹង្ហ បានបន្តថា ខ្លួនមានអារម្មណ៍ខឹងជាមួយក្មេងៗជំនាន់ក្រោយដែលមិនជឿថាមានរបបខ្មែរក្រហម ជាពិសេសនៅត្រង់ចំណុចដែលប្រជាជនមិនធ្វើការតដៃវិញ នៅពេលដែលអង្គការបណ្ដើរយកទៅវាយសម្លាប់។ សឹង្ដ គិតថាក្មេងៗពិតជាមិនបានដឹងថាប្រសិនបើអ្នកដែលអង្គការបណ្ដើរយកទៅសម្លាប់ហើយតដៃ នោះសមាជិកគ្រួសារទាំងអស់ត្រូវយកទៅស្លាប់ដែរ។ ការប្រមូលសាច់ញាតិទាំង៧សន្ដានយកទៅសម្លាប់នេះ បានធ្វើឲ្យអ្នកដែលអង្គការត្រូវបញ្ជូនទៅសម្លាប់យល់ព្រមឲ្យអង្គការបណ្ដើរយកទៅតាមសម្រួលជាច្រើននាក់។

នៅពេលផ្ដល់បទសម្ភាសន៍ សឹង្ហ មានជំងឺទឹកនោមផ្អែម ដំណាក់កាលទី៣។ ជំងឺរបស់សឹង្ហ កើតឡើងរយៈពេលប្រមាណជិត២០ឆ្នាំទៅហើយ ប៉ុន្តែគាត់មិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយឡើយ។ ដើម្បីកាត់បន្ថយការឈឺចាប់ សឹង្ហ បានប្រើប្រាស់ថ្នាំពេទ្យជាច្រើនប្រភេទ និងសាកល្បងប្រើប្រាស់ថ្នាំខ្មែរដូចជា បណ្ដូលពេជ្រ, ថ្នាំខ្មែរសញ្ញាក្អែកលាយជាមួយក្រូចឆ្មារ និងស្លា ដើម្បីការពារកុំឲ្យជំងឺកាន់តែធ្ងន់ធ្ងររហូតដល់ដំបៅជើងរលួយ និងស្លាប់។ សឹង្ហ គឺជាមនុស្សម្នាក់ដែលកើតទាន់ច្រើនសម័យកាល ចាប់ពីក្នុងសម័យអាណានិគមនិយមបារាំង, សម័យសង្គមរាស្រ្ដនិយម, សម័យ លន់ នល់, សម័យខ្មែរក្រហម និងរហូតមកដល់ព្រះរាជាណាចក្រកម្ពុជា។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin