សួស ជឿន៖ ចាប់ផ្ដើមជួបរឿងសោកសៅនៅពេលខ្មែរក្រហមទទួលបានជ័យជម្នះ

សួស ជឿន អាយុ៦៧ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច ជីវិតរបស់ជឿន បានផ្លាស់ប្តូរទៅរកភាពសោកសៅជាបន្តបន្ទាប់។ ដំបូងឡើយ អង្គការបានប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់យកទៅដាក់រួម ដែលជាហេតុធ្វើឲ្យម្ដាយរបស់ជឿន ចាប់ផ្ដើមអស់សង្ឃឹម រួមផ្សំជាមួយនឹងការឈឺថ្កាត់ហើយគ្មានថ្នាំព្យាបាល ទើបធ្វើឲ្យគាត់ស្លាប់។
ថ្ងៃមួយ នៅពេលដែលប្ដីរបស់ជឿន ចេញទៅមើលគោដូចរាល់ដង អង្គការបានជម្លៀសគ្រួសារជឿន ចេញពីក្នុងភូមិ ទៅកាន់ស្វាយព្រៃមួយរយៈ ទើបបញ្ជូនបន្តតាមរថយន្តទៅខេត្តពោធិ៍សាត់។ នៅពេលធ្វើដំណើរ ជឿន បានបែកផ្លូវគ្នាជាមួយប្ដីទាំងស្រុង ព្រោះប្ដីរបស់គាត់ត្រូវធ្វើដំណើទៅតាមគោដែលអង្គការកៀរចេញទៅ។
នៅព្រំប្រទល់ខេត្តពោធិ៍សាត់ អង្គការបានចាត់ទុក ជឿន ជាអ្នក១៧មេសា ឬប្រជាជនថ្មី និងមិនផ្ដល់សិទ្ធិដូចជាប្រជាជនមូលដ្ឋានឡើយ។ ភាពខុសគ្នានេះគឺបង្ហាញឲ្យឃើញជាក់ស្ដែងតែម្ដងតាំងពីការហូបចុកគឺអង្គការបានរៀបចំដាច់ដោយឡែកពីគ្នា ហើយរបបអាហារក៏មិនស្មើភាពដែរ។ ទោះបីជាមានភាពអយុត្តិធម៌យ៉ាងណា ប្រជាជននៅតែមិនហ៊ានតវ៉ានោះទេ ព្រោះអ្នកដែលហ៊ានធ្វើការប្រឆាំងជាមួយអង្គការនិងត្រូវចាប់បញ្ជូនចេញទៅបាត់នៅពេលយប់។
នៅកន្លែងថ្មី ជឿន បានចូលទៅរស់នៅក្នុងកងចល័ត ដើម្បីធ្វើការងារ ពុះភ្នំ និងរែកថ្ម យ៉ាងលំបាកនៅដំណាក់ក្រម ដែលស្ថិតនៅព្រំប្រទល់ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ នៅពេលធ្វើការ ជឿន ត្រូវផ្លាស់ប្ដូរពីអ្នករែកថ្ម ទៅជាអ្នកយកតាសេះវាយថ្ម ក្នុងរយៈពេល១០ថ្ងៃម្ដង។ បន្ទាប់មក អង្គការបានបញ្ជូន ជឿន និងក្រុមកងចល័ត ទៅធ្វើការងាររែកដី និងធ្វើប្រឡាយបន្តទៀត។
នៅការដ្ឋានការងារ ជឿន ត្រូវធ្វើការងារធ្ងន់រាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានមិនគ្រប់គ្រាន់នោះទេ។ ជាញឹកញាប់ អង្គការបានគាស់មើមប្រង់ពីក្នុងដីទៅដាក់ចំកន្លែងទឹកហូរដើម្បីឲ្យសាប រួចយកទៅដាំលាយជាមួយបបរក្នុងខ្ទះ ដែលដាក់អង្ករត្រឹមតែ៦កំប៉ុងប៉ុណ្ណោះសម្រាប់ចែកយុវជនជាច្រើននាក់ហូប។ អំឡុងពេលនោះ ជឿន សង្កេតឃើញថាមានយុវជនស្លាប់ជាច្រើននាក់ ដោយសារការកង្វះអាហារ និងធ្វើការងារធ្ងន់។ ចំណែក ជឿន បានបាត់បង់កូន២នាក់ ដោយសារអត់អាហារ និងឈឺគ្មានថ្នាំព្យាបាល។
នៅខែមករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ជឿន បាននាំកូន២នាក់ដែលនៅសល់ ត្រលប់មកខេត្តតាកែវវិញ។ នៅពេលធ្វើដំណើរ ជឿន បាននាំកូនសម្រាកនៅក្នុងទីរួមខេត្តពោធិ៍សាត់ មួយរយៈពេលខ្លីដើម្បីប្រមូលស្បៀង និងចំណាយពេលដំណើរប្រមាណ៨ថ្ងៃ ទើបទៅដល់ក្រុងភ្នំពេញ។ ជឿន និងកូន បានសម្រាកនៅក្នុងក្រុងរយៈពេលប្រមាណ៣យប់បន្ថែមទៀត ទើបធ្វើដំណើរទៅខេត្តតាកែវវិញ។ ជាសំណាងល្អ ជឿន បានជួបជាមួយប្ដីរបស់គាត់នៅខេត្តតាកែវ និងបាននាំគ្នាទៅរស់នៅភូមិមហារាជ។ នៅពេលផ្ដល់បទសម្ភាសន៍ ជឿន បានជួបបញ្ហាសុខភាពមួយចំនួនដូចជា៖ ឈឺសន្លាក់, ខ្វះជាតិស្ករ និងវិលមុខជាញឹកញាប់ ដែលជំងឺទាំងអស់នោះកើតឡើងមកពីការធ្វើការងារធ្ងន់ៗកាលពីមុន។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១
អត្តបទដោយ៖ ភា រស្មី

