យកកម្លាំងមនុស្សធ្វើការ

(កំពង់ចាម)៖ នួន សឿន អាយុ៦១ឆ្នាំ រស់នៅភូមិពោន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សឿន មានបងប្អូនប្រុសចំនួន៤នាក់ និងស្រីម្នាក។
នៅក្នុងរបបខ្មែរក្រហម សឿន កើតជំងឺកញ្ជ្រឹល និងក្ដៅខ្លួនជាប្រចាំ។ គាត់បាននិយាយថា នៅក្នុងរបបនោះមិនសូវសម្បូរគ្រូពេទ្យដូចពេលបច្ចុប្បន្នទេ ហើយគ្រូពេទ្យក៏មិនមានចំណេះដឹងផ្នែកព្យាបាលជំងឺច្បាស់លាស់ដែរ។ គ្រូពេទ្យនៅអំឡុងពេលនោះ គឺសុទ្ធតែត្រូវអង្គការចាត់តាំងឱ្យទៅរៀន រយៈពេលត្រឹមតែ៣ ទៅ៦ខែប៉ុណ្ណោះ។ បន្ទាប់ពីចប់រយៈពេល៦ខែនោះ គ្រូពេទ្យទាំងអស់ ត្រូវអនុវត្តការព្យាបាលជំងឺដោយផ្ទាល់។ មានអ្នកជំងឺជាច្រើនបានបាត់បង់ជីវិត ព្រោះតែការព្យាបាលមិនត្រឹមត្រូវ, បើកថ្នាំឱ្យលេប ប៉ុន្តែគ្មានការធ្វើរោគវិនិច្ឆ័យពីស្ថានភាពជំងឺ។
សឿន បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហម កុមារអាយុចាប់ពីអាយុ១២ឆ្នាំឡើងទៅ ត្រូវបញ្ជូនឱ្យចូលធ្វើការងារនៅក្នុងកងចល័ត។ មិនតែប៉ុណ្ណោះ កុមារខ្លះដែលមានអាយុក្រោម១២ឆ្នាំតែមានមាឌធំ ក៏មានឈ្មោះចូលកងចល័តដែរ។ នៅពេលនោះ កុមារជាច្រើន ចង់ចូលរួមជាមួយកងចល័ត ព្រោះចាញ់ការបោកបញ្ឆោតរបស់អង្គការ។ អង្គការតែងតែផ្ដល់អាហារបន្ថែមដើម្បីលើកទឹកចិត្តដល់កុមារ ដែលត្រៀមចូលក្នុងកងចល័ត ហើយបាននិយាយប្រាប់កុមារទាំងនោះបន្ថែមថា នៅពេលដែលចូលក្នុងកងចល័ត គឺនឹងមានអាហារហូបច្រើន និងឆ្ងាញ់ជាងនេះ។ ដោយហេតុតែនៅអំឡុងពេលដែលធ្វើការងារនៅក្នុងកងកុមារគ្មានអាហារហូបបានគ្រប់គ្រាន់ កុមារបានជឿលើការឃោសនារបស់អង្គការ។
នៅក្នុងរបបខ្មែរក្រហម ប្រជាជនត្រូវធ្វើការ ដែលអង្គការកំណត់ឱ្យ បានគ្រប់ចំនួនកំណត់ និងទាន់ពេលវេលា។ សឿន បាននិយាយថា៖ «ធ្វើការងារមិនគ្រប់ចំនួនកំណត់ អង្គការនឹងបង្អត់បាយ»។ នៅពេលនោះ មិនមែនតែកងកុមារទេដែលត្រូវបង្អត់អាហារ កងយុវជន-យុវនារី និងមនុស្សចាស់ក៏ដូចគ្នា ប្រសិនធ្វើការងារមិនរួចរាល់។
សឿន បានប្រាប់ថា អ្វីដែលពិបាកសម្រាប់គាត់នៅពេលនោះ គឺការបរិភោគអាហារមិនគ្រប់គ្រាន់។ គាត់មិនអាចមានកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើការងារឡើយ។ គាត់បានបន្តថា នៅពេលយប់ តែងមានឈ្លបដើរល្បាតតាមផ្ទះរបស់ប្រជាជន ដើម្បីស៊ើបថាតើមានប្រជាជនលួចហូបអាហារបន្ថែម ឬនិយាយមិនល្អពីការដឹកនាំរបស់អង្គការឬទេ។ ប្រសិនជាជួបនរណាធ្វើរឿងទាំងពីរនេះ ឈ្លបចាប់អ្នកនោះយកទៅកសាង ឬសម្លាប់ចោល។
សឿន បានបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម ការធ្វើការងារ គឺប្រើកម្លាំងពលកម្មមនុស្សសុទ្ធសាធ មិនមានកម្លាំងម៉ាស៊ីននោះទេ។ ជាក់ស្ដែង ការជីកប្រឡាយ, លើកទំនប់ និងរែកដី ធ្វើឡើងដោយប្រើប្រាស់កម្លាំងរបស់មនុស្សទាំងអស់។ ចំណែកការភ្ជួរដី ដំបូងឡើយ មានការប្រើប្រាស់កម្លាំងសត្វគោ និងសត្វក្របី ប៉ុន្តែក្រោយៗមក ពេលដែលសត្វពាហនៈមិនអាចទ្រាំទ្រនឹងការភ្ជួរដីច្រើនហិកតាបាន អង្គការបានបញ្ជាឱ្យយកមនុស្សអូសនង្គ័លភ្ជួរដីជំនួសសត្វវិញ។
លើសពីនេះ សឿន បាននិយាយថា ខ្មែរក្រហមបានដាក់ឱ្យប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា រស់នៅផ្សេងពីគ្នា។ នៅពេលនោះ ក្រៅពីការស្នាក់នៅដាច់ដោយឡែកពីគ្នា ទាំងអាហារ និងការងារ គឺសុទ្ធតែមានភាពខុសគ្នារវាងប្រជាជនទាំងពីរប្រភេទនេះ។ មិនតែប៉ុណ្ណោះ ប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា មិនត្រូវបានអនុញ្ញាតឱ្យរៀបការជាមួយគ្នាទេ៕
សម្ភាសន៍ដោយ៖ ឃាន់ ម៉ាល័យ ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

