អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) យឹម យ៉ាន អាយុ ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យ៉ាន មានឪពុកឈ្មោះ យឹម ទូច (ស្លាប់) និងម្តាយឈ្មោះ ពុធ ពៅ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៥នាក់ រួមមាន៖ បងទី១ ឈ្មោះ យឹម យង់, បងទី២ ឈ្មោះ យឹម វង់, ទី៣ ឈ្មោះ យឹម យ៉ាន (ម្ចាស់ប្រវត្តិរូប), ប្អូនទី៤ ឈ្មោះ យឹម ពេជ និងប្អូនទី៥ ឈ្មោះ យឹម ទុន។ កាលពីកុមារភាព យ៉ាន រៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងរបបសង្គមរាស្ត្រនិយម។

នៅក្នុងរបប លន់ នល់ ស្ថានភាពរស់នៅរបស់គ្រួសារ យ៉ាន បានជួបប្រទះការលំបាកយ៉ាងខ្លាំង ដោយសារតែត្រូវរត់គេចពីមួយកន្លែងទៅមួយកន្លែង ព្រោះមានយន្តហោះទម្លាក់គ្រាប់បែកហោះមកទម្លាក់គ្រាប់ជាញឹកញាប់ ស្ទើរតែរៀងរាល់ថ្ងៃ។ ការងារធ្វើស្រែចម្ការ និងការប្រកបរបររកស៊ីផ្សេងៗ ត្រូវបានអាក់ខានជាញឹកញាប់។

រហូតដល់ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច យ៉ាន ត្រូវបានអង្គការបង្ខំឱ្យរស់នៅក្នុងសហករណ៍ ដាច់ពីសមាជិកគ្រួសារ។ យ៉ាន ត្រូវរស់នៅក្នុងកងចល័តនារី ហើយត្រូវទៅរែកដីធ្វើភ្លឺស្រែ ជីកដីធ្វើប្រឡាយទឹក និងស្ទូងស្រូវជាក្រុមៗ ជាមួយសមាជិកកងចល័តនារីដទៃទៀត​។ ការងាររបស់ យ៉ាន ត្រូវធ្វើចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ទើបអាចសម្រាកហូបអាហារ។ បន្ទាប់មក ចាប់ផ្តើមធ្វើការវិញពីម៉ោង ១រសៀល រហូតដល់ម៉ោង ៦ល្ងាច។

ចំពោះរបបអាហារវិញ យ៉ាន ទទួលបានបបរ ឬបាយចំនួន ២ពេល ក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ទោះបីជាយ៉ាងណា អាហារដែលទទួលបានពុំសូវគ្រប់គ្រាន់សម្រាប់ការហូបចុកប្រចាំថ្ងៃឡើយ ហើយគាត់មិនហ៊ានលួចបេះផលដំណាំក្នុងសហករណ៍ហូបបន្ថែមនោះទេ ព្រោះខ្លាចអង្គការចោទប្រកាន់ថាក្បត់សមូហភាព។

ក្រោយពីរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩ យ៉ាន និងគ្រួសារបានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន យ៉ាន រស់នៅជាមួយកូនៗ និងមើលថែចៅៗ ហើយមានជំងឺប្រចាំកាយ គឺជំងឺហឺត ដែលបណ្តាលឱ្យគាត់ឧស្សាហ៍ក្អក និងហត់ជាប្រចាំ៕

អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin