គ្នាឯងសម្លាប់គ្នាឯង

(ក្រចេះ)៖ យាយ ឡី មានអាយុ៩៣ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ឡី មានបញ្ហាសុខភាពមួយចំនួនដូចជា ធ្ងន់ត្រចៀក, ឈឺក្បាលវិលមុខ, លើសឈាម និងងងឹតភ្នែក។
ឡី បានរៀបការតាំងពីសម័យសង្គមរាស្ត្រនិយម និងទទួលបានចំណងដៃកូនប្រុសស្រីចំនួន៨នាក់។ សព្វថ្ងៃ កូនរបស់គាត់នៅរស់រានមានជីវិតត្រឹមតែ៤នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀតបានបាត់បង់ជីវិត (២នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និង២នាក់ទៀតស្លាប់ដោយសារជំងឺក្រោយរបបខ្មែរក្រហមដួលរលំ)។
នៅក្នុងឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ឡី បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តនៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា កាលណោះមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅក្នុងតំបន់ដែលគាត់រស់នៅ។ ឱ្យតែពេលឮស្នូរសំឡេងយន្តហោះ សមាជិកគ្រួសាររបស់គាត់ទាំងអស់ត្រូវរត់ចូលពួននៅក្នុងត្រង់សេ ហើយថ្ងៃខ្លះត្រូវសម្ងំដេកក្នុងត្រង់សេនោះពេញមួយយប់ក៏មាន។
ឈានចូលដល់ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាចទូទាំងប្រទេស ឡី ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារកសិកម្ម។ គាត់ រួមជាមួយសមាជិក២នាក់ផ្សេងទៀត ត្រូវបង្ខំឱ្យដកសំណាប ស្ទូង និងព្រោះស្រូវឱ្យអស់ចំនួន ១៥ថាំង ក្នុងមួយថ្ងៃ។
ចំពោះរបបអាហារវិញ ឡី បានរំលឹកទាំងសោកសៅថា៖ «គេស្លអី យើងហូបហ្នឹង! យើងទៅហូបនឹងគេទៅ ទៅហូបក្នុងមន្ទីរគេ»។ ប្រជាជនទាំងអស់ត្រូវហូបអាហាររួមគ្នានៅសហករណ៍ ហើយទទួលបានតែ ២ពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធ្វើឱ្យប្រជាជនរស់នៅក្នុងភាពស្រេកឃ្លាន ព្រោះមិនដែលហូបឆ្អែត។
ឡី បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហម គ្មានការព្យាបាលជំងឺត្រឹមត្រូវឡើយ គ្រូពេទ្យគ្មានជំនាញ និងខ្វះខាតថ្នាំ។ ក្តីរន្ធត់បំផុតសម្រាប់គាត់ គឺការបាត់បង់កូនស្រីចំនួន២នាក់។ កាលណោះ កូនស្រីរបស់គាត់មានជំងឺកញ្ជ្រឹល និងគ្រុនក្ដៅខ្លាំង តែនៅតែត្រូវបង្ខំឱ្យចេញទៅធ្វើការ។ ដោយសារសេចក្តីស្រេកឃ្លានពេក កូនរបស់គាត់បាននាំគ្នាជីកមើមចារមកហូប បណ្ដាលឱ្យពុលស្លាប់ភ្លាមៗ។
ឡី បានលើកឡើងថា ក្នុងរបបខ្មែរក្រហម អ្នកដែលធ្វើបាបប្រជាជន គឺមានតែប្រជាជនគ្នាឯងនោះទេ។ ដោយសារតែគំនុំគុំកួន បានបណ្ដាលឱ្យប្រជាជនចងគំនុំសងសឹក និងរាយការណ៍ទិតៀនគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ គាត់ក៏ធ្លាប់បានឮប្រជាជនក្នុងសហករណ៍និយាយតៗគ្នាថា ខ្មែរក្រហមបានបញ្ជាឱ្យវាយកម្ទេចរូបសំណាកព្រះពុទ្ធប្បដិមា និងហាមឃាត់ការគោរពប្រណិប័តន៍សាសនាដាច់ខាតទូទាំងប្រទេសកម្ពុជា។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឡី បានរស់នៅជុំជាមួយគ្រួសាររបស់ និងប្រកបរបរធ្វើស្រែចម្ការ៕
សម្ភាសន៍ដោយ៖ ជាប ស្រីខួច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

