អំពីប្រវត្តិសកម្មភាពក្បត់ សុក ស្ងួន ហៅ អ៊ាល

សុខ ស្ងួន ហៅ អ៊ាល នៅលីវ មាននាទីជាសមាជិក វរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ មានអាយុ ២៧ឆ្នាំ (ឆ្នាំ១៩៧៧) និងមានស្រុកកំណើតនៅភូមិព្រះនង្គ័ល ឃុំចំណារខាងលិច ស្រុកស្ទោង ខេត្តកំពង់ធំ។[1]
នៅឆ្នាំ១៩៧១ អ៊ាល បានចូលបម្រើការជាយោធារបស់តំបន់៤២។ នៅឆ្នាំ១៩៧៣ អ៊ាល ត្រូវបានចាត់តាំងជាយោធាភូមិភាគឧត្តរចាស់ ដោយមាននាទីជាយុទ្ធជន។ នៅឆ្នាំ១៩៧៣ ដដែលបន្ទាប់ពីច្រូតស្រូវវស្សារួចរាល់ ឈ្មោះ សូ ដែលមាននាទីជាប្រធានអនុសេនាធំ វរសេនាតូច៣១២, ឈ្មោះ ជៃ ដែលមាននាទីជាប្រធានពេទ្យ វរសេនាតូច៣១២ ភូមិភាគឧត្តរចាស់ និងឈ្មោះ ស៊ាង ដែលមាននាទីជាប្រធានអនុសេនាធំ វរសេនាតូច៣១២ បានអប់រំ អ៊ាល ជាបន្តបន្ទាប់ ដោយប្រាប់មិនឱ្យជឿជាក់លើបដិវត្តន៍ និងថាបដិវត្តន៍ជារបបមិនត្រឹមត្រូវ។ ឈ្មោះ ជៃ និង ស៊ាង បានអប់រំ អ៊ាល ដោយលើកឡើងពីស្ថានភាពលំបាកនាពេលបច្ចុប្បន្ន, នៅថ្ងៃអនាគតនឹងកាន់តែលំបាកថែមទៀត, បក្សពលករទើបជាបក្សយុត្តិធម៌ត្រឹមត្រូវដោយមានរបបរស់នៅល្អ, មានសិទ្ធិសេរីភាព និងគ្មានការជិះជាន់។
ក្រោយពីអប់រំរួចឈ្មោះ ជៃ, សូ និង ស៊ាង បានបញ្ចូល អ៊ាល, រ៉ន និង ឈួន ចូលទៅក្នុងបក្សពលករ ហើយឱ្យប្តេជ្ញាចិត្តគោរព ស្មោះត្រង់ និងដើរតាមបក្សពលករ។ បន្ទាប់មក ប្រហែលកន្លះខែ ឈ្មោះ សូ, ស៊ាង និង ជៃ បាននាំ អ៊ាល, ឈួន, រ៉ន និង វន មកជួបជាមួយឈ្មោះ សុត (ស្លាប់) ដែលមាននាទីជាសមាជិក វរសេនាតូច៣១២, ឈ្មោះ សាញ់ (ស្លាប់) និងឈ្មោះ ហាន ដែលមាននាទីជាប្រធានអនុសេនាធំ វរសេនាតូច៣១២។ អ្នកទាំងបីបានអប់រំ អ៊ាល ថា ត្រូវមានជំនឿលើបដិវត្តន៍ ក្នុងអង្គភាពត្រូវតែប្រុងប្រយ័ត្ន ត្រូវតែធ្វើសកម្មភាពអូសទាញ និងកសាងកម្លាំងក្នុងអង្គភាព ព្រមទាំងត្រូវបំផ្លិចបំផ្លាញផលដំណាំរបស់បដិវត្តន៍ និងឧបករណ៍ប្រជាជនចោល។ ក្រោយពីទទួលផែនការ អ៊ាល និង ឈួន បានអប់រំកម្លាំងបាន ៣នាក់ គឺឈ្មោះ ពេជ, សិន ដែលមាននាទីជាអនុសេនាធំទី២ វរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ និងឈ្មោះ គិន ដែលមាននាទីជាយុទ្ធជន អនុសេនាធំទី២ វរសេនាតូច៧០២ កងពល១៧៤។ អ្នកទាំងបីត្រូវបានអប់រំឱ្យមើលឃើញពីភាពខ្វះខាត, របបហូបចុក និងការគ្មានសិទ្ធិសេរីភាពក្នុងការរស់នៅក្រោមបដិវត្តន៍ ផ្ទុយទៅវិញបក្សពលករ គឺមានសិទ្ធិសេរីភាព ជីវភាពរស់នៅមិនលំបាក មានការគិតគូរដល់ប្រជាជនច្រើន និងមានទិសដៅអនាគតភ្លឺស្វាង។
នៅចុងឆ្នាំ១៩៧៣ នៅពេលព្រឹក ឈ្មោះ សុត បានហៅ អ៊ាល, រ៉ន, ឈួន, វ័ន, ជៃ, ហាន និង សូ ទៅប្រជុំនៅភូមិជីរៀង។ ខ្លឹមសារគឺពង្រីកកម្លាំងឱ្យបានច្រើន និងពង្រឹងសកម្មភាព។ ក្នុងអង្គប្រជុំ អ្នកចូលរួមបានរាយការណ៍ពីការដុតបំផ្លាញស្រូវរបស់ប្រជាជននៅខេត្តកំពង់ធំ, ការបាញ់សម្លាប់គោរបស់ប្រជាជនជាបន្តបន្ទាប់ និងការបំផុសយុទ្ធជនឱ្យដើរហើរសេរី ព្រមទាំងរត់ចោលជួរ។ រ៉ន រាយការណ៍ថាខ្លួនអប់រំបានយុទ្ធជន ២នាក់ គឺឈ្មោះ ឡាយ និង ឆែម ដែលមាននាទីជាយុទ្ធជន វរសេនាតូច៣១២ របស់ភូមិភាគឧត្តរចាស់។ នៅដើមឆ្នាំ១៩៧៤ អង្គការបានផ្លាស់កងអង្គភាពមកនៅខេត្តសៀមរាប ហើយប្តូរឈ្មោះវរសេនាតូច៣១២ ទៅជា វរសេនាតូច៧០៩។ ពេលនោះ ឈ្មោះ សុត បានហៅ អ៊ាល, ហាន, សុត, ជៃ, សាញ់, ពេជ, ឈួន, គិន និង ស៊ិន មកសម្រាកនៅខេត្តសៀមរាប រយៈពេលមួយខែ។ បន្ទាប់មក អ្នកទាំងនេះត្រូវបានឈ្មោះ សុត ណែនាំឱ្យទាក់ទងខ្សែក្នុងខេត្តសៀមរាប និងបន្តកសាងកម្លាំង ព្រមទាំងធ្វើសកម្មភាពបន្តទៀត។ សុត ក៏បានណែនាំឱ្យអ្នកទាំងអស់ត្រូវខិតខំតស៊ូ ទោះបីជាបែកគ្នាក៏ដោយ មិនត្រូវអស់សង្ឃឹមឡើយ។
នៅពេល សុត ត្រឡប់ទៅវិញបានប្រហែលកន្លះខែ ឈ្មោះ ហាន និង វ៉ាត បានហៅ អ៊ាល, សាញ់, ឈួន, ពេជ, គិន, ស៊ិន និង ជៃ មកប្រជុំនៅភូមិអូរចិញ្ចៀន។ ខ្លឹមសារ ហាន បានណែនាំអ្នកទាំងអស់កុំឱ្យអស់សង្ឃឹម និងត្រូវបន្តកសាង ពង្រីក និងពង្រឹងកម្លាំងឱ្យបានច្រើនថែមទៀត។ ចំណែកសកម្មភាពវិញ ត្រូវបំផ្លាញផលដំណាំរបស់ប្រជាជន និងបំផុសយុទ្ធជនឱ្យដើរហើរសេរី។ ហាន ក៏បានណែនាំអំពីការប្រមូលកម្លាំង ដោយត្រូវទាក់ទងកម្លាំងពីខាងក្រៅ ដើម្បីឱ្យមានកម្លាំងគាំទ្រកាន់តែច្រើន។ ក្រោយមកឈ្មោះ ហាន ត្រូវអង្គការផ្លាស់ទៅអង្គភាពផ្សេង។ មុនពេលបែកគ្នា ហាន បានជួបជាមួយ អ៊ាល និង ឈួន ហើយណែនាំឱ្យទាក់ទងជាមួយឈ្មោះ វ៉ាត, សាញ់ និង ជៃ។ ទោះបីជាយ៉ាងណា ក្រោយពីចាកចេញបានប្រហែល ២ខែ ហាន ក៏បានត្រឡប់មកវិញ។ នៅពេល ហាន ត្រឡប់មកអង្គភាពបានប្រហែលមួយសប្តាហ៍ គាត់បានហៅ អ៊ាល, ឈួន, ពេជ, ស៊ិន, គិន, វ៉ាត, សាញ់ និង ជៃ មកប្រជុំនៅភូមិព្រៃញ័រ។ ខ្លឹមសារ គឺពង្រីកកម្លាំង, ធ្វើសកម្មភាព និងរាយការណ៍អំពីការទាក់ទងជាមួយឈ្មោះ សែ ដែលស្ថិតក្នុងកងពល វរសេនាតូច នៅខេត្តសៀមរាប។ ក្នុងអំឡុងពេលនោះ អ៊ាល និងកម្លាំងបានដុតបំផ្លាញស្រូវរបស់ប្រជាជន និងបំផុសយុទ្ធជនឱ្យរត់គេចពីសមរភូមិ។ នៅចុងឆ្នាំ១៩៧៤ ដដែល ហាន និង វ៉ាត បានហៅ អ៊ាល, សាញ់, ជៃ, ឈួន, ពេជ, គិន និង ស៊ិន មកប្រជុំនៅភូមិចិន នៅពេលរសៀល។ ខ្លឹមសារ ណែនាំឱ្យទាក់ទងជាមួយ សែ ឱ្យបានជាប់ជាប្រចាំក្នុងការធ្វើសកម្មភាព។ ប្រសិនបើទទួលបានផែនការប្លែកៗ ត្រូវប្រាប់ទៅ សែ ឱ្យបានដឹងភ្លាម។ ត្រូវបង្កើនសកម្មភាពឱ្យខ្លាំងជាងមុន ព្រោះសកម្មភាពមានភាពស្ងប់ស្ងាត់ជាងមុន។ ផែនការគឺត្រូវបន្លំខ្លួនជាគិញ បាញ់កាំភ្លើងនៅពេលយប់ក្នុងតំបន់បោះទ័ព ហើយបន្ទាប់ពីបាញ់រួច ត្រូវគេចខ្លួនឱ្យផុត។
រំលងបានមួយថ្ងៃ អ៊ាល បានជួបជាមួយ សែ នៅភូមិអូបាកុង។ អ៊ាល បានប្រាប់ សែ អំពីផែនការដែល ហាន បានដាក់ឱ្យអនុវត្ត ជាពិសេសការបន្លំខ្លួនជាគិញ និងបាញ់កាំភ្លើងនៅកន្លែងទ័ពសម្រាក។ បន្ទាប់មក អ៊ាល, ឈួន និង សែ បានធ្វើសកម្មភាពបាញ់កាំភ្លើងនៅពេលយប់ចំនួន ២លើក គឺលើកទី១ នៅភូមិទ្រាំង និងលើកទី២ នៅភូមិអង្គ្រង។ ក្រោយពីការបាញ់ទាំង ២លើករួច នៅពេលព្រឹក ហាន បានចូលមកពិនិត្យសភាពការណ៍នៅកន្លែងកើតហេតុ ហើយត្រឡប់ទៅវិញ។ ក្រោយមក អ៊ាល បានអប់រំកម្លាំងនៅភូមិរលួសបាន ២នាក់ គឺឈ្មោះ ឆន និងឈ្មោះ ខុន ដែលមាននាទីជាមេក្រុម និងជាយុទ្ធជនក្នុងវរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤។ អ្នកទាំងពីរត្រូវបាន អ៊ាល អប់រំអំពីការលំបាកក្នុងការធ្វើបដិវត្តន៍, ការរស់នៅជាយុទ្ធជនមានការខ្វះខាត និងការដែលអង្គការមិនបានគិតគូរដោះស្រាយ។ ចំណែកបក្សពលករវិញ ត្រូវបានលើកឡើងថាមានសិទ្ធិសេរីភាព, ជីវភាពរស់នៅសម្បូរសប្បាយ និងមានអនាគតភ្លឺស្វាង ព្រមទាំងណែនាំអំពីកម្លាំងដែលបានចូលរួមជាមួយបក្សពលករ។
បន្ទាប់មក អ៊ាល បានផ្អាកធ្វើសកម្មភាពរហូតដល់ថ្ងៃរំដោះ នៅខែមេសា ឆ្នាំ១៩៧៥។ ក្រោយថ្ងៃរំដោះ ហាន និង វ៉ាត បានហៅ អ៊ាល, ពេជ, ឈួន, គិន, ស៊ិន, ខុន, ឆន និង សែ មកប្រជុំនៅបន្ទាយបាគង។ ខ្លឹមសារប្រជុំ គឺឱ្យខិតខំពង្រឹងកម្លាំងដែលកសាងបាន ហើយខិតខំពង្រីកកម្លាំងបន្ថែម ព្រមទាំងចលនាយុទ្ធជនឱ្យដើរហើរសេរី។ នៅពេលត្រឡប់ពីប្រជុំវិញ អ៊ាល និង ឈួន បានពិភាក្សាគ្នាអំពីការកសាងកម្លាំង ជាពិសេសត្រូវខិតខំក្តាប់សតិអារម្មណ៍ និងជំហររបស់យុទ្ធជន។ បន្ទាប់មក គិន បានជួបជាមួយ អ៊ាល នៅភូមិដូនស្វា ហើយបានរាយការណ៍ពីកម្លាំងដែលអប់រំបាន ២នាក់ ឈ្មោះ ហ៊ុន និង ផាត ដែលមាននាទីជាសមាជិកអនុសេនាធំ វរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤។ នៅខេត្តកំពង់ចាម ឈ្មោះ ហ៊ឺង និង វ៉ាត បានហៅ អ៊ាល, ឈួន, គិន, ឆន, ពេជ, ស៊ិន, ហ៊ុន និង ផាត មកជួបដើម្បីណែនាំអំពីផែនការធ្វើស្រែ និងណែនាំឱ្យធ្វើសកម្មភាពបំផ្លាញដំណាំរបស់អង្គការតាមគ្រប់រូបភាព។ ក្រោយមក វ៉ាត បានហៅ អ៊ាល និង ឈួន មកណែនាំជាបន្តបន្ទាប់ឱ្យធ្វើសកម្មភាពបំផុសកសិករ និងអ្នកធ្វើជម្រកឱ្យមានទំនាស់នឹងគ្នា។ ជាក់ស្តែង កសិករ និងអ្នកធ្វើជម្រកបានវាយប្រហារគ្នា និងមានសភាពមិនប្រក្រតីជាបន្តបន្ទាប់។ លើសពីនេះទៀត អ៊ាល បានបំផុសឱ្យយុទ្ធជនដើរហើរសេរី, ខ្ជិលធ្វើស្រែ, ចលនាឱ្យរត់ទៅផ្ទះជាហូរហែរ និងបំផុសឱ្យយុទ្ធជនបាត់បង់ជំនឿលើបដិវត្តន៍។ បន្ទាប់ពីស្ទូងស្រូវរួចឈ្មោះ វ៉ាត បានហៅ អ៊ាល, ឈួន, ពេជ, គិន, ស៊ិន, ថាត និង ហ៊ុន មកប្រជុំ។ ខ្លឹមសារ ណែនាំឱ្យធ្វើសកម្មភាពដកសន្ទូងចោល និងបន្តអនុវត្តសកម្មភាពផែនការចាស់។ អ៊ាល បានដើរដកសន្ទូងចោលដោយបណ្តែតតាមទឹក។
នៅខែកុម្ភៈ ឆ្នាំ១៩៧៦ វ៉ាត បានហៅ អ៊ាល, ឈួន, ពេជ, គិន, ស៊ិន, ថាត និង ហ៊ុន មកប្រជុំនៅភូមិដើមចាន់។ នៅពេលនោះ អ៊ាល បានឃើញឈ្មោះ ស៊ីម ដែលមាននាទីជាគណៈវរសេនាធំទី២ កងពល១១៧ (អង្គការចាប់ខ្លួន) និងឈ្មោះ វឿន ដែលមាននាទីជាសមាជិកវរសេនាតូច៧០៥ វរសេនាធំ៦០១ កងពល១៧៤ (អង្គការចាប់ខ្លួន)។ នៅក្នុងកិច្ចប្រជុំ វ៉ាត បានណែនាំ អ៊ាល និងអ្នកទាំងអស់ឱ្យស្គាល់អ្នកទាំងពីរ ដែលជាខ្សែទាក់ទងរបស់ វ៉ាត តាំងពីដើមមក។ នៅខែមីនា ឆ្នាំ១៩៧៦ វ៉ាត បានហៅ អ៊ាល និងអ្នកទាំងអស់ខាងលើមកប្រជុំ។ ខ្លឹមសារ គឺណែនាំឱ្យត្រៀមខ្លួន ព្រោះនៅក្នុងឆ្នាំ១៩៧៦ នេះ ទោះបីមិនទាន់កំណត់ខែច្បាស់លាស់ក៏ដោយ នឹងមានការផ្ទុះអាវុធនៅខេត្តកំពង់ចាម កំពង់ធំ និងសៀមរាប។ វ៉ាត បានណែនាំឱ្យរៀបចំកម្លាំង និងអាវុធ ហើយត្រូវសម្រុកពង្រឹងកម្លាំងចាស់ និងខិតខំពង្រីកកម្លាំងថ្មីបន្ថែមទៀត។ រំលងបានមួយថ្ងៃនៅពេលយប់ អ៊ាល និង ឈួន បានចាត់តាំង ហ៊ុន, ខុន, ឆន និង ថាត ឱ្យទៅកាប់អំពៅនៅបឹងបាសាក់ចោល។ នៅខែមេសា ឆ្នាំ១៩៧៦ នៅពេលល្ងាច វ៉ន បានមកជួប អ៊ាល និង ឈួន នៅព្រែកដើមចាន់ ដើម្បីពិភាក្សាអំពីផែនការផ្ទុះអាវុធ។ ប្រហែលកន្លះខែក្រោយមក រ៉ន បានសួររកកន្លែងដែលអាចលួចអាវុធបាន។ នៅពេលនោះ អ៊ាល បានប្រាប់ថា នៅរោងយាមព្រែកជីក អាចយកកាំភ្លើងពីអ្នកយាមបាន ហើយ អ៊ាល បានជូន រ៉ន ដើរមើលបរិវេណជុំវិញទីនោះ ដើម្បីពិនិត្យមើលភាពងាយស្រួលក្នុងការធ្វើសកម្មភាព។ ក្រោយមក អ៊ាល និង រ៉ន បានយកកាំភ្លើងពីអ្នកយាមបានមួយដើម។ រំលងបាន ៥ថ្ងៃ អ៊ាល និង ឈួន បាននាំគ្នាមកជួប រ៉ន។ នៅពេលនោះ រ៉ន បានណែនាំកម្លាំងឱ្យ អ៊ាល ស្គាល់ រួមមាន កែវ និង ឈ្មោះ ដា។ អ្នកទាំងពីរមាននាទីជាយុទ្ធជន វរសេនាតូច៧០៥ វរសេនាធំ៦០១ កងពល១៧៤ ភូមិភាគកណ្តាល។ បន្ទាប់មក រ៉ន បានចាត់តាំង កែវ និង ដា ឱ្យចាំស្ទាក់បាញ់នៅក្នុងក្រុងកំពង់ចាម។ ប៉ុន្តែ កែវ និង ដា អនុវត្តផែនការមិនបានជោគជ័យ ហើយបែកការណ៍អស់។
នៅឆ្នាំ១៩៧៦ ដដែល បន្ទាប់ពីត្រឡប់មកពីជួប រ៉ន វិញបានមួយសប្តាហ៍ វ៉ាត បានហៅ អ៊ាល, ឈួន, ពេជ, ស៊ិន, គិន, ផាត, ខុន, ឆន និង ហ៊ុន មកជួបជាមួយឈ្មោះ ស៊ីម និង វឿន ដើម្បីប្រាប់ថា ផែនការផ្ទុះអាវុធនៅឆ្នាំ១៩៧៦ ត្រូវពន្យារពេលព្រោះមិនអាចអនុវត្តបាន ហើយត្រូវពង្រឹងកម្លាំងបន្ថែមទៀត ដើម្បីរកឱកាសរៀបចំផែនការផ្ទុះអាវុធសាជាថ្មី តាមលទ្ធភាពដែលអាចធ្វើទៅបាន។ នៅចុងឆ្នាំ១៩៧៦ អង្គការបានចាត់តាំងឱ្យ អ៊ាល, គិន, ឈួន, ខុន, ឆន និង ហ៊ុន មកច្រូតស្រូវនៅខេត្តកំពង់ធំ ជាមួយយុទ្ធជនដទៃទៀត។ អ៊ាល បានដាច់ខ្សែទាក់ទងមួយរយៈ។ លុះរហូតដល់ច្រូតស្រូវរួចរាល់ និងត្រឡប់មកវិញ ទើប វឿន បានប្រាប់ អ៊ាល ថា ផែនការក្បត់បានបរាជ័យ ហើយអង្គការបានចាប់ខ្លួន វ៉ាត និង ស៊ីម។ វឿន ណែនាំឱ្យផ្អាកធ្វើសកម្មភាពជាបណ្តោះអាសន្ន។ នៅខែមីនា ឆ្នាំ១៩៧៧ អ៊ាល បានបាត់ខ្សែទាក់ទងជាមួយ ឈួន ព្រោះអង្គការបានផ្លាស់ប្តូរ ឈួន ទៅខេត្តកំពង់ធំ ចំណែកឈ្មោះ ស៊ិន ត្រូវបានផ្លាស់ទៅកងពិសេស។ ក្រោយពីអង្គការផ្លាស់ប្តូរ ឈួន ទៅខេត្តកំពង់ធំ ឈ្មោះ វឿន បានប្រជុំជាមួយ អ៊ាល, ពេជ, គិន, ថាត, ខុន, ហ៊ុន, ឆន, ឆាន់, យាន និង ហ៊ី នៅព្រែកដើមចាន់ ដើម្បីពង្រឹងស្មារតី កុំឱ្យអស់សង្ឃឹមដោយសារអង្គការចាប់ខ្លួនសមាជិកមួយចំនួន ហើយត្រូវបន្តពង្រីកកម្លាំងបន្ថែមទៀត។
បន្ទាប់មក អ៊ាល បានអូសទាញកម្លាំងបាន ៥នាក់ គឺ ហ៊ុយ, សឺន, សេង, ស៊ិន និង សុន ដែលជាយុទ្ធជន វរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤។ អ៊ាល បានបំផុសឱ្យអ្នកទាំង ៥នាក់ មិនពេញចិត្តចំពោះអង្គភាព, បំផុសឱ្យដើរហើរសេរីដើម្បីថ្នាំងថ្នាក់ជាមួយអង្គការ និងមិនឱ្យអ្នកទាំង ៥នាក់ ស្តាប់មតិកែតម្រូវពីថ្នាក់លើ។ បន្ទាប់មក អ៊ាល បានរាយការណ៍អំពីកម្លាំងដែលបានអូសទាញប្រាប់ដល់ វឿន។ នៅខែសីហា ឆ្នាំ១៩៧៧ ឈ្មោះ ហ៊ុយ បាននាំ អ៊ាល ឱ្យស្គាល់ខ្សែទាក់ទង គឺម៉ៅ ដែលមាននាទីជាប្រធានកងធំ សហករណ៍អូរឈ្លើង ស្រុកកំពង់សៀម តំបន់៤១ និង ស៊ឹម ព្រមទាំង ខ្ចៅ ដែលមាននាទីជាសមាជិកកងធំ សហករណ៍អូរឈ្លើង។ ក្រោយមក អ៊ាល បានរាយការណ៍ប្រាប់ វឿន នៅព្រែកដើមចាន់។ នៅពេលនោះ វឿន បានណែនាំឱ្យបន្តធ្វើសកម្មភាព និងទាក់ទងគ្នាឱ្យបានជាប់ជាប្រចាំ។ នៅខែ និងឆ្នាំដដែល ពេជ, ហ៊ុយ និង គិន បានមកជួបជាមួយ អ៊ាល ដើម្បីរៀបចំផែនការធ្វើសកម្មភាពបំផ្លាញផលស្រូវ កុំឱ្យសម្រេចតាមផែនការកំណត់ ជាពិសេសផែនការផលិតស្រូវពី ៣ ទៅ ៦តោន។ អ្នកទាំងអស់គ្នា រួមទាំង អ៊ាល បានធ្វើសកម្មភាពបំផុសយុទ្ធជនឱ្យខ្ជិលធ្វើការងារ។ រំលងបាន ២ថ្ងៃ អ៊ាល និង ហ៊ុយ បានចូលរួមជាមួយ ម៉ៅ, ស៊ឹម និង ខ្ចៅ ដកសន្ទូងចោលនៅពេលយប់ នៅខាងក្រោយភូមិអូរឈ្លើង។ នៅឆ្នាំ១៩៧៧ អង្គការបានចាត់តាំង វឿន ដែលមាននាទីជាលេខាវរសេនាតូច៧០២ ឱ្យឡើងកាន់តំណែងជាអនុវរសេនាធំ៦០១។ ក្រោយមក អ៊ាល និងបក្ខពួក បានអនុវត្តសកម្មភាពបំផ្លិចបំផ្លាញ ដោយកាប់ដើមចេកចោលអស់ប្រមាណពាក់កណ្តាល និងបោចដើមដំឡូង។ នៅខែកញ្ញា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន វឿន ហើយនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៧ អ៊ាល ត្រូវបានអង្គការចាប់ខ្លួន៕
***
កំណត់ចំណាំ៖ ចម្លើយសារភាពរបស់អ្នកទោសសុទ្ធសឹងតែឆ្លងកាត់ការបង្ខិតបង្ខំ និងធ្វើទារុណកម្មធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះចម្លើយសារភាពរបស់ សុខ ស្ងួន ហៅ អ៊ាល មាននាទីជាសមាជិក វរសេនាតូច៧០២ វរសេនាធំ៦០១ កងពល១៧៤ នេះមិនអាចសន្និដ្ឋានថាពិត ឬយ៉ាងណានោះទេ។ ចម្លើយសារភាពនេះសួរចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៧។
***
[1] ឯកសារចម្លើយសារភាព J00804 របស់ឈ្មោះ សុខ ស្ងួន ហៅ អ៊ាល ដែលមាននាទីជាសមាជិក វរសេនាតូច៧០២ វសេនាធំ៦០១ កងពល១៧៤។ ឯកសារមានចំនួន១៩ ទំព័រ សរសេរដោយឈ្មោះ ឆាយ និងមានស្នាមមេដៃរបស់ អ៊ាល។ ឯកសារមានភ្ជាប់ជាមួយឈ្មោះកម្លាំងក្បត់ចំនួន ៤៣ នាក់ ដែលភាគច្រើនជាយុទ្ធជននៃ វរសេនាតូច៧០៩ វរសេនាធំ៦០២ កងពល១៧៤ ភូមិភាគកណ្តាល។ ចម្លើយសារភាពនេះសួរសម្លើយចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ។
អត្ថបទដោយ អេង សុខម៉េង

