អតីតទាហាន លន់ នល់ នៅអូរបែកក្អម

(កណ្ដាល)៖ រិន រុណ ភេទប្រុស មានអាយុ ៨០ឆ្នាំ រស់នៅភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រុណ មានឪពុកឈ្មោះ រិន, ម្ដាយឈ្មោះ ណាំ និងមានបងប្អូនចំនួនប្រាំមួយនាក់។
នៅរបបសង្គមរាស្ត្រនិយម នាឆ្នាំ១៩៦៣ រុណ បានចូលធ្វើការនៅរោងចក្រកំពង់ត្រាំ។ នៅទីនោះ រុណ ត្រូវធ្វើការងារធ្ងន់ ប៉ុន្តែគាត់ទទួលបានប្រាក់បៀវត្សរ៍ និងក្របខណ្ឌក្នុងកងកុម្មង់ដូ។ ក្រោយមក រុណ បានទៅធ្វើការនៅរោងចក្រកំពង់គល់ និងដាំអំពៅនៅជិតភ្នំសំពៅ ខេត្តបាត់ដំបង។ រុណ ធ្វើការនៅទីនោះអស់រយៈពេលបីឆ្នាំ។
នៅឆ្នាំ១៩៧០ ខ្មែរក្រហមបានឡោមព័ទ្ធរោងចក្រកំពង់គល់ បណ្តាលឲ្យកម្មករទាំងអស់ក្នុងរោងចក្រនេះ ដាច់អាហាររយៈពេលមួយខែ។ បន្ទាប់មក ខ្មែរក្រហមបានកៀរកម្មករចូលព្រៃ ចំណែក រុណ និងសមាជិកបួននាក់ទៀត បានរត់ទៅបាត់ដំបង និងស្វែងរករ៉ឺម៉កម៉ូតូជិះមកទីក្រុងភ្នំពេញ និងបន្តឆ្ពោះមកភូមិត្រពាំងរកា។
នៅឆ្នាំ១៩៧០ រុណ បានរៀបការជាមួយប្រពន្ធឈ្មោះ ជៀន ធួក នៅភូមិត្រពាំងរកា ហើយ រុណ បានធ្វើជាគ្រូបង្រៀន។ ដោយសារតែជាគ្រូបង្រៀនគ្មានប្រាក់បៀវត្សរ៍ រុណ បានចូលធ្វើជាទាហាន លន់ នល់ ជាមួយប្អូនប្រុសឈ្មោះ រឿន។ ក្រោយមក រុណ ធ្វើការនៅក្នុងកងកាំភ្លើងធំ ដោយគាត់ពាក់សក្តិបី។ រុណ ឈរជើងនៅម្តុំអូរបែកក្អម នៅទីក្រុងភ្នំពេញ។ រុណ និយាយថា នៅរបបសាធារណរដ្ឋខ្មែរ ទាហាន លន់ នល់ បានសម្លុតបុរសដែលមានអាយុពេញវ័យឲ្យចូលធ្វើទាហាន។ រុណ បន្តថា ទាហានដែលពលី គឺគ្មាននរណាធ្វើបុណ្យសពឲ្យនោះទេ ដោយសារអំពើពុករលួយ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច រុណ បានលាក់ប្រវត្តិរូបរបស់ខ្លួន ដោយប្រាប់ខ្មែរក្រហមថាគាត់ជាកសិករ។ រុណ បន្ដថា ទាហាន លន់ នល់ ត្រូវបានខ្មែរក្រហមសម្លាប់នៅវត្តអង្គ។ វត្តអារាមដូចជាវត្តពួច និងវត្តអង្គ ត្រូវបានខ្មែរក្រហមយកធ្វើជាឃ្លាំង។ ព្រះសង្ឃត្រូវបានបង្ខំឲ្យសឹក ចំណែកព្រះតេជគុណ សម ដែលគង់នៅវត្តអង្គពពាយ ត្រូវបានខ្មែរក្រហមសម្លាប់ ដោយសារព្រះតេជគុណមិនព្រមសឹក។
ខ្មែរក្រហមបានចាត់ទុក រុណ ជាប្រជាជនថ្មី និងជម្លៀសគ្រួសាររបស់រុណ ទៅរស់នៅម្តុំវត្តពោយ្យំ (វត្តពោធិព្រឹក្ស)។ រុណ ត្រូវធ្វើការក្នុងកងភ្ជួរ ដោយត្រូវឃ្វាលគោ, ភ្ជួររាស់, លើកភ្លឺស្រែ និងលើកទំនប់ព្រែកតាហោ។ ក្រៅពីនេះ រុណ ត្រូវទៅធ្វើការនៅភូមិរកា, ភូមិសរមាំង, ភូមិទ្រា និងភូមិពួច ដោយហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ រុណ ហូបបបរចំនួនពីរពេល គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។
នៅរបបខ្មែរក្រហម រុណ ស្ទើរតែនឹងត្រូវគណៈឃុំ ឈ្មោះ តាឆន យកទៅសម្លាប់ ដោយសារគាត់លួចហូបល្ហុង។ រុណ ចងចាំថាប្រជាជនថ្មីជាច្រើននាក់ ដែលខ្មែរក្រហមចោទប្រកាន់ថាខ្ជិល ឬក្បត់អង្គការនឹងត្រូវបានបញ្ជូនទៅរៀនសូត្រ (សម្លាប់) នៅភូមិឆក់ និងនៅវត្តស្ងួនពេជ្រ ដែលជាកន្លែងឃុំឃាំងអ្នកទោស។ ក្រៅពីនេះ ខ្មែរក្រហមបានចាប់បង្ខំប្រជាជនឲ្យរៀបការនៅឯវាលពួច។ ប្តីប្រពន្ធថ្មីទាំងនោះ ត្រូវប្តេជ្ញាចិត្តចំពោះមុខអង្គការ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រុណ បានបាត់បង់ប្អូនម្នាក់ និងត្រលប់មករស់នៅភូមិត្រពាំងរកាវិញ។ ក្រោយមក រុណ និងប្រពន្ធមានកូនចំនួនបួននាក់ ហើយគាត់ប្រកបរបរឡើងត្នោត៕
សម្ភាសដោយ ថន ពុធដារ៉ូ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦

