ភី ភួង៖ ដេកបានតិចម៉ោងណាស់ជំនាន់អាពត

ភី ភួង អាយុ៧៨ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ភួង បានរៀបការជាមួយឈ្មោះ ហែម អឿន នៅក្នុងសម័យសង្គមរាស្រ្ដនិយម និងបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ប៉ុន្តែនៅពេលដែលរបបខ្មែរក្រហមចូលមកដល់ ជីវិតប្ដីប្រពន្ធរបស់គាត់ត្រូវបានបំបែកឱ្យបំពេញការងារផ្សេងគ្នា។ ខណៈពេលដែលប្ដីរបស់គាត់ ធ្វើការងារនៅកន្លែងកាស៊ីនបាយ(ក្នុងរោងបាយ) ភួង ត្រូវរ៉ាប់រងការងារធ្ងន់ៗក្នុងកងផលិតជី និងរែកសំណាប។

ជារៀងរាល់ថ្ងៃ ភួង ត្រូវក្រោកតាំងពីម៉ោង ៣ភ្លឺ ដើម្បីដើរប្រមូលលាមកមនុស្សពីធុងកៅស៊ូតាមផ្ទះ យកទៅលាយជាមួយលាមកគោ, ដីដំបូក និងស្លឹកឈើ រួចទុកយកទៅដាក់ស្រែ។ រហូតដល់ម៉ោង ១១ថ្ងៃត្រង់ ភួង បានសម្រាកហូបអាហារម្ដង រួចបន្តចូលធ្វើការរហូតដល់ពេលល្ងាច។ ប៉ុន្តែបើថ្ងៃណាមានការងារច្រើន ភួង ត្រូវជួយបុកស្រូវរហូតដល់ម៉ោងប្រមាណ៩យប់ ទើបបានសម្រាក។

ក្រៅពីការធ្វើការងារហត់នឿយ ភាពស្រេកឃ្លានគឺជាទុក្ខវេទនាដ៏ធំបំផុតមួយទៀតរបស់ភួង នៅក្នុងសម័យខ្មែរក្រហម។ ព្រោះតាំងពីរបបខ្មែរក្រហមគ្រប់គ្រងដំបូង អង្គការធ្លាប់ចែកស្រូវឱ្យគ្រួសារភួង និងប្រជាជនយកទៅដាំស្លដោយខ្លួនឯងនៅតាមផ្ទះ។ ភួង រំលឹកថា នៅពេលទទួលបានស្រូវ ៥កំប៉ុង គាត់មិនហ៊ានប្រើត្បាលបុកស្រូវធំៗឡើយ ព្រោះខ្លាចកំពប់ គឺគាត់សុខចិត្តយកត្បាលបុកគ្រឿងតូចៗមកអង្គុយបុកម្ដងបន្តិចយ៉ាងហ្មត់ចត់បំផុត។ នៅពេលដាំស្ល ភួង សុខចិត្តយកអង្ករតិចតួចនោះទៅដាំជាបបរ ឬបាយលាយគល់ចេក ឬគល់ល្ហុង រួចចែកឱ្យឪពុក និងកូនតូចៗហូប ដើម្បីកុំឱ្យដាច់ជាតិបាយ។ ចំណែកខ្លួនឯង និងប្ដី សុខចិត្តហូបមើមដំឡូង ឬក្ដួចជំនួសវិញ។ ទោះបីជាមានការលះបង់នេះ ឪពុករបស់ភួង នៅតែបាត់បង់ជីវិតដោយសារកង្វះខាតអាហារហូបចុក និងឈឺគ្មានថ្នាំព្យាបាល។

ការរស់នៅក្រោមការគ្រប់គ្រងរបស់អង្គការ គឺពោរពេញដោយភាពតឹងរ៉ឹង និងការភ័យខ្លាច។ ភួង និងប្រជាជនទាំងអស់ ត្រូវរស់នៅក្នុងខ្ទមតូចៗ ហើយផ្ទះធំៗត្រូវបានអង្គការទុកដាក់ទិន្នផលស្រូវយ៉ាងច្រើនដែលប្រជាជនខំបង្កបង្កើនផលបានយ៉ាងហត់នឿយ។ បន្ទាប់មក ស្រូវល្អៗជាច្រើនដែលបានប្រមូលរួច ត្រូវបានអង្គការបញ្ជូនយកទៅដាក់ក្នុងឃ្លាំងធំ រួចដឹកតាមរថភ្លើងយកទៅអស់ ដោយបន្សល់ទុកនូវស្រូវបន្តិចបន្តួចសម្រាប់ដាំបាយមួយរយៈពេលខ្លី។ នៅពេលដែលស្បៀងចាប់ផ្ដើមអស់ អង្គការបានដាំបបររាវ ឬដាំបបរលាយដំឡូងមីចាស់ៗ ដែលនៅពេលបបរឆ្អិន ដំឡូងនោះនៅច្រុបៗ។ ចំពោះ ភួង នៅពេលដែលទទួលបានបបរមួយកាពីរោងបាយ គាត់តែងតែហូបត្រឹមតែពាក់កណ្ដាល ហើយសន្សំបបរពាក់កណ្ដាលទៀតសម្រាប់ពេលឃ្លានខ្លាំង និងយកមកហូបដូចជាបាយកក។

មួយវិញទៀត ភួង ធ្លាប់ត្រូវបានអង្គការហៅទៅប្រជុំនៅបឹងព្រេន ដែលនៅទីនោះគាត់ធ្លាប់បានជួបតាម៉ុក។ អំឡុងប្រជុំ អង្គការបានរែកបាយទៅចែកឲ្យប្រជាជនហូបឆ្អែត ខុសពីពេលដែលទៅប្រជុំនៅតំបន់សង្កែ ជាមួយអ្នក១៧មេសា។ ពេលប្រជុំនៅសង្កែ អង្គការបានលើកឡើងថា “ស្អប់ខ្មាំង ប៉ុន្តែដាំបាយចូលជាមួយខ្មាំង។ បន្ទាប់មក គ្រួសារភួង ស្ទើរតែត្រូវបានអង្គការជម្លៀសទៅខេត្តឆ្ងាយៗដូចជាអ្នក «អ្នក ១៧ មេសា» ទៅហើយ ប៉ុន្តែជាសំណាងល្អ អង្គការបានប្រកាសឱ្យអ្នកមូលដ្ឋាននៅកន្លែងដើមវិញ។ ទោះជាយ៉ាងណា សាច់ញាតិរបស់ភួងជាង ១០នាក់ រួមមានជីតា និងបងប្អូនជីដូនមួយ មិនមានសំណាងបែបនេះឡើយ ដោយគាត់ត្រូវបានអង្គការជម្លៀសទៅខេត្តពោធិ៍សាត់ និងបាត់ដំបង រហូតត្រូវបាត់បង់ជីវិតនៅទីនោះទាំងអស់ដោយសារការខ្វះខាតអាហារ។

បើទោះបីជារបបខ្មែរក្រហមបានកន្លងផុតទៅ ស្លាកស្នាមនៃភាពលំបាកវេទនានាសម័យនោះ បានបន្សល់ទុកនូវជំងឺប្រចាំកាយជាច្រើនដល់ ភួង។ ភួង មានជំងឺលើសឈាម, ខ្វះជាតិស្ករ និងឧស្សាហ៍ហត់ខ្លាំង។ កន្លងមក ភួង ធ្លាប់ជួបគ្រោះថ្នាក់ធ្លាក់ពីលើរ៉ឺម៉ក និងបាក់ដងកាំបិតមុតសាច់។ នៅពេលព្យាបាលជំងឺ ភួង ត្រូវចាក់ថ្នាំអស់១៣ម្ជុល ទើបបណ្ដាលឱ្យកើតទៅជាអាប់សែហើមខ្លាំង និងត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអស់រយៈពេលមួយខែកន្លះទើបបានជាសះស្បើយ។ នៅពេលផ្ដល់បទសម្ភាសន៍ ភួង ទើបតែបានទទួលការវះកាត់ដុំពកកនៅមណ្ឌលសុខភាពខេត្តតាកែវ ដែលបញ្ជាក់ពីស្ថានភាពសុខភាពទ្រុឌទ្រោមរបស់គាត់នៅក្នុងវ័យជរានេះ។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin