នៅ ទឹម៖ ឆ្លៀតដាំដំឡូងទាំងយប់ ដើម្បីកុំឲ្យម្ដាយនិងកូនដាច់ពោះស្លាប់

នៅពេលថ្ងៃខ្ញុំត្រូវធ្វើការងារធ្ងន់ៗឲ្យគ្រប់តាមចំនួនអង្គការកំណត់ ប៉ុន្តែនៅពេលទៅដល់ផ្ទះពេលយប់ ខ្ញុំត្រូវឆ្លៀតដាំដំណាំនៅក្នុងផ្ទះបន្ថែមទៀត ដើម្បីឲ្យកូន និងម្ដាយរបស់ខ្ញុំមានអាហារហូបបន្ថែមទៀត។

នៅ ទឹម អាយុ៨១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ទឹមគឺជាប្រជាជនមូលដ្ឋាន ប៉ុន្តែការរស់នៅរបស់គាត់គឺលំបាកខ្លាំង។ ជារៀងរាល់ថ្ងៃ ទឹម ត្រូវចូលទៅក្នុងកងចល័តឃុំ ដើម្បីធ្វើការងាររែកដីដំបូកយកទៅចាក់ក្នុងស្រែនៅភូមិប្រសៀត និងភូមិព្រៃល្វា, លើកទំនប់, ជីកប្រឡាយ, រែកដី ជីករណ្ដៅ និងធ្វើស្រែ ហើយប្ដីរបស់គាត់ត្រូវស្នាក់នៅ និងធ្វើការក្នុងកងនេសាទ។ ចំណែក កូនរបស់ទឹម ត្រូវរស់នៅក្នុងមណ្ឌល ជាមួយកុមារជាច្រើននាក់ទៀត ក្រោមការមើលថែរបស់ម្ដាយគាត់ និងចាស់ៗផ្សេងទៀត ដោយយាយម្នាក់មើលក្មេង១០នាក់។

នៅក្នុងសហករណ៍ ទឹម ត្រូវក្រោកពីព្រលឹមទៅធ្វើការ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបរបន្តិចបន្តួចពីរដង នៅម៉ោងប្រមាណ១១ ឬ១២ថ្ងៃត្រង់ និងម៉ោងប្រមាណ៥ ទៅ៦ល្ងាច។ នៅពេលដែលហូបមិនឆ្អែត ទឹម បានឆ្លៀតពេលដាំដំឡូង ឬដំណាំផ្សេងៗនៅក្នុងផ្ទះរបស់គាត់បន្ថែមទៀតនៅពេលយប់ ដើម្បីយកទិន្នផលដាក់រួមក្នុងសហករណ៍ពាក់កណ្ដាល និងទុកឲ្យកូននិងម្ដាយហូបបន្ថែមមួយចំណែកទៀត។ ក្រៅពីអាហារខាងលើ ប្ដីរបស់ទឹម បានលួចលាក់អង្ករបន្តិចបន្តួចយកមកឲ្យប្រពន្ធ ដើម្បីដាំហូបនៅពេលយប់ ព្រោះអង្ករដែលអង្គការខ្ចប់ឲ្យគាត់យកទៅដាំនៅកន្លែងនេសាទត្រីមានចំនួនច្រើនល្មម។ ទឹម បានបន្តថា ប្រសិនបើខ្លួនមិនខំប្រឹងធ្វើការ ដាំដំណាំ និងលួចអាហារហូបនោះទេ នោះកូន និងម្ដាយរបស់គាត់ប្រហែលជាដាច់ព្រោះស្លាប់។

ទោះបីជាយ៉ាងណា ទឹម នៅតែមានអាការស្គមខ្លាំង ព្រោះគាត់ត្រូវបំបៅទារកទើបកើត និងទាស់ដោយសារការធ្វើការងារធ្ងន់ៗ។ ថ្ងៃមួយនៅពេលធ្វើការ ទឹម មានអាការៈចុកចង្កេះខ្លាំង និងស្ទើរតែធ្លាក់ស្បូនទៅហើយ ទើបគាត់ហ៊ានទៅសុំអង្កការសម្រាកពីការងារ។ ប៉ុន្តែនៅពេលគាត់ទៅជួបប្រធានកង អង្កការបានបង្ខំឲ្យគាត់ធ្វើការបន្តទៀត ព្រមទាំងនិយាយខ្លាំងៗថា “បើថាធ្លាក់ស្បូន គេនឹងយករំយោលទៅកប់ ឬយកស្នប់ទៅសប់តាមបំពង់កបូបឡើងលើ”។ ពេលឮដូច្នេះ ទឹម មិនបាននិយាយតវ៉ាប្រឆាំងនោះទេ គឺបានត្រឹមតែស្រក់ទឹកភ្នែក។ លើសពីនេះទៅទៀត នៅពេលដែល ទឹម ឈឺទៅធ្វើការមិនកើត អង្គការបានកាត់របបអាហារប្រចាំថ្ងៃរបស់គាត់ និងពោលពាក្យថា “អ្នកឈឺស៊ីមិនកើតទេ”។

ទឹម បានបន្ថែមថា ខ្លួននៅតែមានការឈឺចាប់ចំពោះសម្ដីរបស់ប្រធានកង និងការដឹកនាំរបស់អង្គការខ្លាំងណាស់ បើទោះបីជារបបខ្មែរក្រហមបានដួលរលំទៅជាច្រើនឆ្នាំហើយក៏ដោយ។ នៅពេលផ្ដល់បទសម្ភាសន៍ ទឹម មានជំងឺប្រចាំកាយមួចចំនួនដូចជា៖ គ្រោះក្នុងប្រមាត់, លើសឈាម, ក្រពះពោះវៀន និងខ្វះជាតិស្ករ។ ដើម្បីព្យាបាលជំងឺ ទឹម បានទៅពិនិត្យសុខភាពរបស់ខ្លួននៅមន្ទីរពេទ្យឯកជនជាញឹកញាប់ និងទិញថ្នាំពេទ្យយកមកលេប និងហូបថ្នាំខ្មែររួមផ្សំ ដើម្បីព្យាបាល និងកាត់បន្ថយការឈឺចុកចាប់។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin