ខ្មែរក្រហមបង្ខំខ្ញុំឱ្យរុះរើដំបូលព្រះវិហារ

(ខេត្តស្វាយរៀង) ឡាយ ប៊ន មានអាយុ ៦៩ឆ្នាំ រស់នៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ប៊ន មានឪពុកឈ្មោះ ឡាយ ប៊ិន និងម្តាយឈ្មោះ ញ៉េប សេង ហើយគាត់គឺជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនប្រុសចំនួន ៤នាក់។
កាលពីកុមារភាព ប៊ន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ប៊ន បានរៀបរាប់ថា ក្នុងរបបខ្មែរក្រហម អង្គការបានបង្ខំឱ្យគាត់រែកដី លើកភ្លឺស្រែ និងជីកព្រែក នៅឃុំស្វាយចេក រហូតដល់ទីរួមខេត្តស្វាយរៀង។ អំឡុងពេលរែកដី គាត់បានដួលសន្លប់នៅក្នុងរណ្តៅដី។ នៅពេលឃើញបែបនេះ មេកងបានផ្លាស់ប្តូរការងារឱ្យគាត់ទៅផលិតជីលាមកមនុស្សជំនួសវិញ។ ប៊ន ត្រូវប្រមូលលាមកមនុស្សតាមបង្គន់យកមកហាល ដោយកៀរនឹងរនាស់ឱ្យរាបស្មើ។ នៅពេលលាមកស្ងួត គាត់ត្រូវយកទៅលាយជាមួយលាមកសត្វ ឬដីដំបូក រួចច្រកចូលបាវការុង ទុកសម្រាប់យកទៅដាក់ស្រែ។ ក្រោយមក អង្គការបានប្តូររូបគាត់ឱ្យទៅនៅក្នុងកងចល័តនៅភូមិទួលទ្រា និងតំបន់សួង។ ប៊ន ត្រូវភ្ជួរដី កាប់ឆ្ការព្រៃ និងរុករានដីសម្រាប់ធ្វើស្រែចម្ការ។ ការងាររបស់ប៊ន ត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ដោយសម្រាកបានតែពេលហូបបាយថ្ងៃត្រង់ប៉ុណ្ណោះ ហើយរបបអាហារទទួលបានត្រឹមតែបាយ ឬបបរមួយកូនចាន ហូបជាមួយសម្លគល់ចេក។ កាលនោះ ប៊ន ក៏ត្រូវបានឈ្លបខ្មែរក្រហមបង្ខំឱ្យទៅរុះរើដំបូលព្រះវិហារក្នុងបរិវេណវត្ត ដើម្បីយកឈើ និងក្បឿងមកប្រកដំបូលជង្រុកស្រូវ។ គាត់បានតវ៉ានឹងបទបញ្ជានេះ ព្រោះគិតថាការបំផ្លាញព្រះវិហារគឺខុសទៅនឹងវិន័យសាសនា ដោយរូបគាត់ផ្ទាល់ជាអ្នកប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា ប៉ុន្តែគាត់គ្មានជម្រើសឡើយ ព្រោះវាជាផែនការរបស់អង្គការ។
នៅក្នុងរបបខ្មែរក្រហម ប៊ន ស្ទើរតែត្រូវបានឈ្លបនាំយកទៅសម្លាប់ ដោយសារតែលួចរត់ទៅលេងផ្ទះនៅពេលយប់ ប៉ុន្តែដោយសារតែសំណាងល្អជីវិតមិនទាន់អស់ គាត់ត្រូវបានអ្នកធ្លាប់ស្គាល់ជួយសង្គ្រោះទាន់ពេលវេលា។ នៅចុងឆ្នាំ១៩៧៨ ប៊ន និងឪពុកម្តាយ បានរត់គេចពីក្រុមខ្មែរក្រហមនៅតំបន់ទួលល្ហុង ក្នុងខេត្តកំពង់ចាម ឆ្ពោះទៅតំបន់អ្នកលឿង ក៏ស្រាប់តែបានជួបជាមួយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម។ កងទ័ពទាំងនោះបានប្រាប់គាត់ថា ប្រទេសជាតិត្រូវបានរំដោះហើយ និងរបបខ្មែរក្រហមបានដួលរលំ ដូច្នេះគាត់អាចត្រឡប់ទៅរស់នៅស្រុកកំណើតវិញបាន។ នៅពេលទៅដល់ស្រុកកំណើតវិញ ប៊ន បានប្រកបរបរធ្វើស្រែ និងត្បាញកន្ទេលលក់ដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន ប៊ន គឺជាកសិករ រស់នៅភូមិពពារ ឃុំស្វាយធំ និងមានជំងឺប្រចាំកាយ ដោយឧស្សាហ៍វិលមុខ ឈឺក្បាល និងហេវហត់អស់កម្លាំង៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

