លាក់បាំងប្រវត្តិរូប ដើម្បីឲ្យអង្គការទុកចិត្ត

គល់ សេង អាយុ៦២ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៣ បងប្រុសច្បងរបស់សេង បានរត់ពីភ្នំពេញ ចូលមករស់នៅភូមិបានយវិញ។ នៅក្នុងភូមិ អង្គការបានចោទប្រកានបងរបស់សេង ថាជាគិញរបស់ លន់ នល់ និងបានប្រាប់ទីតាំងរបស់អង្គការឲ្យទៅអ្នកបើកយន្តហោះបេ៥២មកទម្លាក់ចូលក្នុងភូមិ។ បន្ទាប់មក អង្គការបានចាប់បងរបស់សេង យកទៅឃុំឃាំង ធ្វើទារុណកម្មសួរចម្លើយ និងបញ្ជូនឲ្យទៅធ្វើការជីកលេណដ្ឋានការពារគ្រាប់បែកទម្លាក់នោះ។
ថ្ងៃមួយ សេង និងបងប្អូនដទៃទៀត បានទៅជួបបងប្រុសច្បងដែលកំពុងធ្វើការក្បែរមន្ទីរឃុំព្រៃក្ដី។ នៅពេលបានជួបគ្នា បងប្រុសរបស់សេង បានប្រាប់ទៅប្អូនៗថាខ្លួនអាចជួបមុខបងប្អូនតែនៅក្នុងថ្ងៃនោះទេ ព្រោះចាប់តាំងពីនេះទៅអង្គការនឹងបញ្ជូនគាត់ឲ្យទៅធ្វើការនៅកន្លែងផ្សេងទៀត ហើយប្រហែលជាស្លាប់នៅទីនោះ។ បន្ទាប់មក សេង បានឮដំណឹងថាអង្គការបញ្ជូនបងប្រុសរបស់គាត់ទៅមន្ទីរសន្តិសុខ១៥ ដែលជាកន្លែងឃុំឃាំងអ្នកទោសធ្ងន់។ ចាប់តាំងពីពេលនោះមក សេង លែងបានទទួលដំណឹងពីបងប្រុសបន្តទៀត ហើយគាត់គិតថាបងប្រុសច្បងប្រហែលជាស្លាប់បាត់ហើយ ដោយសារអង្គការសម្លាប់ ឬក៏មានជំងឺស្លាប់ ព្រោះពេលនោះមិនមានពេទ្យព្យាបាលជំងឺត្រឹមត្រូវនោះទេ។
ក្រោយមក អង្គការបានបង្ខំឲ្យ សេង ចូលទៅធ្វើជាយោធាវាយជាមួយ លន់ នល់។ សេង មិនចង់ទៅនោះទេ ព្រោះឪពុករបស់គាត់ចាស់ជរានៅផ្ទះម្នាក់ឯង និងត្រូវធ្វើស្រែយ៉ាងលំបាក ព្រោះម្ដាយរបស់សេងបានស្លាប់ចោលតាំងពីកូននៅក្មេង។ មុនពេលទៅសមរភូមិ សេង បានចូលរួមហ្វឹកហាត់ក្បួនទ័ព និងបំពាក់បំប៉ននយោបាយមួយចំនួនដើម្បីឲ្យហ៊ានលះបង់ជីវិតតស៊ូប្រយុទ្ធឲ្យឈ្នះអាមេរិកកាំង។ នៅពេលបញ្ចប់វគ្គបណ្ដុះបណ្ដាល សេង ត្រូវបានបញ្ជូនឲ្យទៅក្នុងបន្ទាយស្ពានបាក់ ខាងត្បូងព្រែកហូរ និងបានប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ សេង បានឲ្យដឹងថា ការរស់នៅក្នុងពេលនោះគឺលំបាកណាស់ ព្រោះមានការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់បែកចំលេណដ្ឋានជាបន្តបន្ទាប់ និងស្លាប់មនុស្សអស់ជាច្រើននាក់។ ក្រៅពីនេះ សេង មានអាការក្ដៅខ្លួនញ័រញាក់ ប៉ុន្តែនៅពេលបានលេបថ្នាំអាគីនីនមួយគ្រាប់ ទើបជាសះស្បើយពីជំងឺ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង អង្គការបានសួរប្រវត្តិរូបគ្រួសាររបស់សេង។ នៅពេលសរសេរប្រវត្តិរូប សេង បានកុហកអង្គការថាគាត់មានបងប្អូនតែ៥នាក់ប៉ុណ្ណោះ ព្រោះគាត់មិនចង់ជាប់ទាក់ទងជាមួយបងប្រុសច្បងដែលអង្គការចាត់ទុកថាជាខ្មាំង។ មួយវិញទៀត សេង បានកុហកកម្មាភិបាលខ្មែរក្រហមថាគ្រួសាររបស់គាត់គឺជាកសិករក្រខ្លាំង រហូតដល់មិនមានសម្ភារធ្វើស្រែ ដើម្បីឲ្យបានប្រវត្តិរូបស្អាតស្អំ និងអង្គការទុកចិត្ត។ បន្ទាប់ពីធ្វើប្រវត្តិរូបរួច អង្គការបានចាត់តាំង សេង ឲ្យទៅរៀននយោបាយរយៈពេល៧ថ្ងៃបន្ថែមទៀត មុនពេលចេញទៅធ្វើជាមេពួកនៅកំពង់សំបួរ ព្រៃជង្គង់។
នៅពេលរៀនចប់ សេង បានចូលទៅដឹកនាំក្រុមចល័ត ដើម្បីធ្វើការងារ រែកដី ជីកទំនប់ និងលើកប្រឡាយឲ្យគ្រប់តាមចំនួនអង្គការកំណត់ ព្រោះគាត់មិនចង់ឲ្យអង្គការដាក់ទោស ឬចាប់សមាជិកក្រុមរបស់គាត់យកទៅសម្លាប់។ នៅកន្លែងធ្វើការ សេង បានដឹកនាំយុវជនឲ្យធ្វើការរាល់ថ្ងៃ និងមិនអនុញ្ញាតឲ្យសុំឈប់សម្រាកឡើយ លើកលែងតែមានជំងឺធ្ងន់ ទើបអាចទៅសម្រាកព្យាបាលនៅពេទ្យខេត្តបាន។ ក្រៅពីការងារខាងលើ សេង បានទទួលការចាត់តាំងឲ្យជិះទូកទៅច្រូតស្មៅខ្ចីៗលិចទឹក ជាមួយមិត្តនៅក្នុងកងម្នាក់ទៀត នៅរដូវធ្វើស្រែ។ ស្មៅដែល សេង ច្រូតមកបានគឺត្រូវឲ្យគ្រប់គ្រាន់សម្រាប់គោ២នឹមស៊ីរាល់ថ្ងៃ ព្រោះអង្គការបានដុតចំបើងចោលទាំងអស់នៅពេលច្រូតស្រូវប្រាំងរួច។
នៅឆ្នាំ ១៩៧៧ អង្គការបានចាត់តាំងក្រុមរបស់សេង ឲ្យចូលទៅចូលរួមក្នុងកងចល័តតំបន់ ដើម្បីធ្វើថ្នល់ជាតិលេខ២១ ចាប់ពីកោះធំ ទៅដល់ជ្រៃធំ។ នៅការដ្ឋានការងារ សេង និងយុវជនដទៃទៀត ត្រូវធ្វើការកាប់ដីនិងរែកដីបំពេញក្នុងក្រហូង រួចជញ្ជូនថ្មយកទៅដាក់ពីលើដីនោះ ទើបយកអាឡូធ្ងន់មួយទៅកិនឲ្យរាបស្មើ។ នៅពេលខ្វះថ្ម សេង បានជិះឡាន ឬកាណូត ទៅវាយយកថ្មនៅតាខ្មៅមកចាក់ធ្វើថ្នល់បន្តទៀត។
នៅចុងឆ្នាំ១៩៧៨ អំឡុងពេលក្រុមរបស់សេង ធ្វើថ្នល់ដល់វត្តពក អង្គការបានរំសាយក្រុបរបស់គាត់ឲ្យទៅសហករណ៍វិញ។ នៅពេល សេង ទៅដល់សហករណ៍ អង្គការបានបញ្ជូនគាត់ទៅក្នុងកងចល័តស្រុក ដើម្បីធ្វើការបោកស្រូវ រហូតដល់របបខ្មែរក្រហមដួលរលំនៅដើមខែមករា ឆ្នាំ១៩៧៩។
នៅពេលផ្ដល់បទសម្ភាស សេង មានជំងឺលើសឈាម វិលមុខ ស្រវាំងភ្នែក និងធ្លាប់មានគ្រោះក្នុងទងក្រលៀន។ ដើម្បីព្យាបាលជំងឺ សេង បានទៅពិនិត្យសុខភាពនៅព្រៃនគរប្រទេសវៀតណាម ប៉ុន្តែគាត់មិនបានសម្រាកព្យាបាលនៅទីនោះទេ ព្រោះគ្មានថវិការគ្រប់គ្រាន់ ដូច្នេះត្រូវប្ដូរទៅព្យាបាល និងវះកាត់នៅមន្ទីរពេទ្យរុស្សី ទីក្រុងភ្នំពេញ។ បន្ទាប់ពីវះកាត់រួច អាការជំងឺរបស់សេង បានជាសះស្បើយ ប៉ុន្តែគាត់ត្រូវបន្តប្រើប្រាស់ថ្នាំខ្មែរ និងថ្នាំពេទ្យបន្ថែមទៀតដើម្បីព្យាបាលជំងឺខាងលើ។
សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី

