រស់នៅក្នុងភាពភ័យខ្លាច និងបែកបាក់គ្រួសារ

អ៊ិន សុខា អាយុ៦៤ឆ្នាំ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់សុខា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយបងប្រុសច្បង និងបងប្រុសទី២របស់គាត់ បានបាត់ដំណឹងតាំងពីជម្លៀសចេញពីទីក្រុងភ្នំពេញ។ ចំណែក បងប្រុសទី៣របស់សុខា ដែលជាអ្នកចេះដឹង និងធ្លាប់បួសរៀនពីសម័យមុន ត្រូវបានអង្គការចាប់យកទៅសម្លាប់យ៉ាងអយុត្តិធម៌បំផុត។
សុខា ដែលរស់នៅក្នុងភូមិខ្វាវ ត្រូវទទួលរងនូវការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត។ ជារៀងរាល់ថ្ងៃ សុខា ត្រូវបានគេបង្ខំឱ្យរែកជី និងកាប់ដីទាំងយប់ទាំងថ្ងៃ ហើយនៅក្នុងចិត្តមានការភ័យខ្លាចជានិច្ច ព្រោះមានកងឈ្លបកុមារតូចៗតាមដានស្ទើរតែគ្រប់ពេល។ ថ្ងៃមួយ នៅពេលដែលកងឈ្លបក្មេងៗប្រើគាត់ឲ្យទម្លាក់គល់ឈើចេញពីរទេះ សុខា មិនហ៊ានបដិសេធនោះទេ បើទោះបីជាការងារនោះធ្ងន់ៗខ្លាំងក៏ដោយ។ សុខា សុខចិត្តរំកិលឈើនោះបន្តិចម្ដងៗម្នាក់ឯង រួចខ្ចីពូថៅរបស់អង្គការយកមកពុះធ្វើជាឧសរហូតដល់អស់។
នៅពេលយប់ឡើង សុខា និងប្រជាជនដទៃទៀតមិនហ៊ានសូម្បីតែនិយាយគ្នា ព្រោះខ្លាចកងឈ្លបដែលលួចពួនស្ដាប់នៅក្រោមផ្ទះ យកទៅរាយការណ៍មិនល្អជូនអង្គការ និងបញ្ជូនខ្លួនយកទៅសម្លាប់ចោល។ ជាក់ស្ដែង សុខា បានឃើញអង្គការបណ្ដើរមនុស្សយកទៅសម្លាប់ ហើយក្មេងតូចៗត្រូវបោះឡើងលើ រួចយកចំពុះទុងចាក់ពីក្រោមសម្លាប់។ មួយវិញទៀត សុខា បានឃើញអង្គការ ចាប់នារីក្រមុំយកទៅរំលោភរួចសម្លាប់ចោល ហើយគាត់ក៏ធ្លាប់ឃើញមនុស្សចាស់ដែលភ្ជួរស្រែរហូតអស់កម្លាំងខ្លាំង និងដាច់បាយស្លាប់នៅកន្លែងធ្វើការងារ ត្រូវបានអង្គការលើកសពចាក់ចោលលើភ្លឺស្រែយ៉ាងអាណោចអាធ័ម។
ក្រៅពីការលំបាកខាងលើ សុខា ត្រូវជួបប្រទះនូវការអត់ឃ្លានយ៉ាងខ្លាំង ព្រោះអង្គការបានផ្ដល់បបររាវៗឲ្យប្រជាជនហូប។ ដើម្បីចម្អែតក្រពះ សុខា ត្រូវទៅកាច់មើមឈូក ឬបន្លែផ្សេងៗទៀតយកមកចំហុយជាមួយរបបអាហាររបស់ខ្លួននៅក្នុងកំសៀវ។ ប៉ុន្តែនៅពេលដែលគាត់រកបន្លែមិនបាន សុខា ត្រូវបង្ខំចិត្តលួចកាត់គល់ល្ហុងយកមកចិត ហើយច្របាច់ជាមួយអំបិល រួចដាំលាយជាមួយអាហារដែលអង្គការចែកឲ្យ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សុខា បានទទួលដំណឹងថាឪពុករបស់គាត់ត្រូវបានអង្គការយកទៅសម្លាប់។ បន្ទាប់មក ប្ដីរបស់សុខា បានបាត់បង់ជីវិតម្នាក់ទៀត ដែលជាហេតុធ្វើឲ្យគាត់ត្រូវចិញ្ចឹមកូន៧នាក់តែម្នាក់ឯង។ នៅពេលផ្ដល់បទសម្ភាសន៍ សុខា មានការហូបចុកគ្រប់គ្រាន់ ព្រោះមានកូនផ្ដល់ប្រាក់បន្តិចបន្តួចមកចិញ្ចឹមគាត់។
ប៉ុន្តែសុខភាពផ្លូវកាយរបស់សុខា មិនសូវមានភាពល្អប្រសើរនោះទេ ព្រោះគាត់តែងតែមានអាការចុកដៃជើង, ក្រហាយបាតជើងនៅពេលយប់, ឈឺភ្នែក និងចេញទឹកភ្នែកជាញឹកញាប់ ដែលជាហេតុធ្វើឱ្យគាត់រសាប់រសល់សម្រាន្តមិនលក់។ សុខា គិតថាជំងឺរបស់គាត់កើតឡើងដោយសារការធ្វើការងារធ្ងន់ហួសកម្លាំងក្នុងសម័យប៉ុល ពត និងការតស៊ូក្នុងជីវិតក្រោយរបបនោះ។ ដើម្បីព្យាបាលជំងឺ សុខា បានឱ្យកូនទិញថ្នាំបន្តក់ភ្នែកពីពេទ្យក្បែរវត្តអង្គមេត្រី និងទិញថ្នាំលេប ឬទៅចាក់ថ្នាំនៅពេទ្យក្បែរផ្ទះ ដើម្បីកាត់បន្ថយការឈឺចាប់តែប៉ុណ្ណោះ។ មូលហេតុដែល សុខា មិនដែលបានទៅពិនិត្យសុខភាព និងតាមដានជំងឺនៅមន្ទីរពេទ្យ ព្រោះជីវភាពគាត់ខ្វះខាត ហើយណាមួយជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំង។
សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១

