ប្រវត្តិរូបបដិវត្តន៍របស់ អ៊ឹម រី

អ៊ឹម រី ហៅ យ៉េង មានអាយុ ៤៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិត្រមែង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ យ៉េងមានឪពុក ឈ្មោះ ណី ហើយម្តាយឈ្មោះ យន់។ យ៉េង ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៤នាក់ គឺទី១ ឈ្មោះ អ៊ឹម រី ហៅ យ៉េង (ម្ចាស់ប្រវត្តិរូប), ទី២ ឈ្មោះ អ៊ឹម រ៉ាន់, ទី៣ ឈ្មោះ អ៊ឹម រៀន និងទី៤ ឈ្មោះ អ៊ឹម រិន។[1]
កាលពីកុមារភាព យ៉េង បានឈប់រៀនក្នុងរបប លន់ នល់ ត្រឹមថ្នាក់ទី២។ បន្ទាប់ពីឈប់រៀន យ៉េង ត្រូវបានបដិវត្តន៍ខ្មែរក្រហមចាត់តាំងឱ្យទៅរែកដី ជីកប្រឡាយ និងលើកទំនប់ នៅកងចល័តឃុំក្រាំងស្បូវ ដោយសារតែនៅពេលនោះក្រុមខ្មែរក្រហមបានគ្រប់គ្រងតំបន់ភាគច្រើននៃខេត្តកំពត លើកលែងតែទីក្រុង និងទីប្រជុំជន គឺចាប់តាំងពីមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ កាលពីឆ្នាំ ១៩៧០។
នៅឆ្នាំ១៩៧៥ យ៉េង ត្រូវបានសមមិត្ត ភិន មេភូមិត្រមែង ឃោសនាអូសទាញឱ្យចូលបដិវត្តន៍ខ្មែរក្រហម។[2] យ៉េង មិនមានចិត្តចង់ធ្វើបដិវត្តន៍នោះទេ ប៉ុន្តែមិនមានជម្រើសឡើយនៅសម័យនោះ ព្រោះគ្រួសារដែលមានសមាជិកគ្រប់អាយុ ត្រូវតែឈប់រៀន និងចូលរួមជាមួយបដិវត្តន៍ដើម្បីបង្ហាញភាពស្មោះត្រង់ចំពោះអង្គការ។ ដំបូងឡើយ យ៉េង ត្រូវចេញទៅធ្វើការនៅក្នុងឃុំ ដោយនៅក្នុងកងចល័តរបស់យ៉េង មានសមាជិកប្រមាណជាង ១០០នាក់។ បន្ទាប់មក យ៉េង ត្រូវទៅតំបន់រំលេចដើម្បីលើកទំនប់ព្រោះខ្វះកម្លាំង ហើយក្រោយមកក៏ផ្លាស់ទៅលើកទំនប់នៅស្រុកឈូកវិញ។ នៅចុងឆ្នាំ១៩៧៦ យ៉េង ត្រូវអង្គការផ្លាស់ប្តូរបន្តឱ្យទៅលើកទំនប់នៅកោះ ស្លា។ មូលហេតុដែលអង្គការធ្វើបែបនេះ គឺដោយសារទំនប់កោះស្លាត្រូវបញ្ចប់ការសាងសង់ឱ្យបានឆាប់ រហ័សដើម្បីយកទឹកមកធ្វើស្រែ។
កងចល័តដែលធ្វើការនៅទំនប់កោះស្លា រួមមានទាំងអ្នកមូលដ្ឋាន និងអ្នកជម្លៀសមកពីទីក្រុងភ្នំពេញ។ នៅទំនប់កោះស្លា មានសមាជិកកងចល័តរាប់រពាន់នាក់ ហើយនៅក្នុងកងរបស់ យ៉េន មានសមាជិកប្រមាណ១០០នាក់។ យ៉េង និងសមាជិកដទៃទៀតត្រូវធ្វើការជីក និងរែកដីពីក្នុងរណ្តៅដែលមានជម្រៅជ្រៅកម្ពស់ប្រហែលចុងត្នោត។ នៅទីនោះ យ៉េង បានដឹងថាមានសមាជិកកងចល័តស្លាប់ជាច្រើន ដោយសារតែការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើការងារហួសកម្លាំង។ ម្យ៉ាងវិញទៀត យុវជន-យុវនារីមួយចំនួន បានស្លាប់ ដោយសារតែបានលួចគាស់ដំឡូងយកមកស្ងោរហូប។ នៅពេលសម្រាក យ៉េង ធ្លាប់ដើរចូលព្រៃដើម្បីរកផ្លែឈើ និងស្លឹករុក្ខជាតិហូបបន្ថែម ហើយធ្លាប់ឃើញសាកសពដែលត្រូវបានគេសម្លាប់ថ្មីៗនៅក្បែរល្អាងនៃទំនប់កោះស្លា ដែលស្ថិតនៅក្នុងព្រៃជ្រៅ។ នៅការដ្ឋានលើកទំនប់កោះស្លា គឺគ្មានគ្រូពេទ្យសម្រាប់ព្យាបាលជំងឺត្រឹមត្រូវឡើយ។ អ្នកមានជំងឺស្រាល អាចព្យាបាលជាសះស្បើយតាមរយៈថ្នាំផ្សំពីឫសឈើថ្នាំរាងដូចអាចម៍ទន្សាយ ចំណែកអ្នកជំងឺធ្ងន់ដែលត្រូវការការព្យាបាលយូរគឺត្រូវស្លាប់។ ជំងឺភាគច្រើននៅទីនោះគឺជំងឺគ្រុនចាញ់ ហើយជំងឺនេះប្រសិនបើមានសភាពធ្ងន់ធ្ងរ ត្រឹមតែមួយយប់គឺអាចស្លាប់។ យ៉េង ខ្លួនឯងក៏ធ្លាប់ធ្លាក់ខ្លួនឈឺ និងបានទៅសម្រាកនៅពេទ្យ ដោយសារតែការរែកដីគ្មានពេលសម្រាក ធ្វើឱ្យគាត់អស់កម្លាំង ដួលសន្លប់ និងធ្លាក់ពីលើខ្នងទំនប់។ យ៉េង ស្គាល់ប្រធានកងឈ្មោះ កុត ដែលជាអ្នកគ្រប់គ្រងកងចល័ត នៅទំនប់កោះស្លា និងទូទាំងស្រុកឈូក និងឈ្មោះផូ ជាប្រធានកងចល័ត នៅតំបន់រំលេច។ ការរស់នៅ និងហូបចុកនៅតំបន់កោះស្លា និងតំបន់រំលេច គឺមានសភាពស្រដៀងគ្នា។ អង្គការបានផ្តល់របបចានម្នាក់មួយ សម្រាប់រក្សាទុកផ្ទាល់ខ្លួន នៅពេលដល់ម៉ោងហូបបាយ ត្រូវយកចានទៅបើករបបបាយ ឬបបរ ១ វែក ក្នុង ១ ពេលអាហារ។ របបបាយ ឬបបរ១ វែក កាលនោះ គឺហូបមិនឆ្អែតឡើយ និងបានធ្វើឱ្យកងចល័តម្នាក់ៗហេវហត់អស់កម្លាំងដើរស្ទើរតែដួលតាមខ្យល់។
នៅឆ្នាំ១៩៧៨ អង្គការបានចាត់តាំងឱ្យ យ៉េង និងសមាជិកកងចល័តចំនួន ១៦នាក់ ទៅធ្វើការនៅទីក្រុងភ្នំពេញ។ ពេលទៅដល់ក្រុងភ្នំពេញ យ៉េង ត្រូវបានអង្គការចាត់តាំងឱ្យធ្វើជាពេទ្យនៅពេទ្យបដិវត្តន៍ ៦មករា បានរយៈពេលប្រមាណ ២ សប្តាហ៍។ បន្ទាប់មក យ៉េង ត្រូវបានបញ្ជូនបន្តទៅខេត្តបាត់ដំបង ដើម្បីឱ្យទៅជីកស្រះទឹក និងប្រឡាយធំៗ។ កាលដែលខ្មែរក្រហមមិនឱ្យធ្វើការនៅទីក្រុងភ្នំពេញ យ៉េង គិតថាមកពីគាត់មានប្អូនស្រីម្នាក់ឈ្មោះ អ៊ឹម រ៉ាន់ កំពុងធ្វើការនៅពេទ្យបដិវត្តន៍ ៦មករា នោះស្រាប់ ទើបអង្គការត្រូវផ្លាស់ប្តូរគាត់ទៅកន្លែងផ្សេង។ ក្នុងចំណោមសមាជិកកងចល័តទាំង ១៦ នាក់ ដែលមកពីស្រុកឈូកមាន ៤នាក់ ត្រូវបានអង្គការ ចាត់ឱ្យទៅធ្វើការនៅខេត្តបាត់ដំបង គឺរួមមានឈ្មោះ វង់, ឈ្មោះ ផា, ឈ្មោះ ធឿន និង យ៉េង។ នៅខេត្តបាត់ដំបង ក្នុងមួយកងចល័តមានសមាជិកប្រមាណ ១២០នាក់។ យ៉េង និងអ្នកទាំង ៣នាក់ ត្រូវទៅជីកស្រះទឹកធំៗទាំងថ្ងៃ ទាំងយប់ ជាមួយនឹងកងចល័តមកពីតំបន់ផ្សេងៗទៀត។ នៅទីនោះមានការខ្វះខាតទឹកជាខ្លាំងរហូតធ្វើឱ្យ យ៉េង និងសមាជិកទាំងអស់រយៈពេល ១០ថ្ងៃ ទើបអាចងូតទឹកបានម្តង។ ជាបន្តបន្ទាប់អង្គការបានផ្លាស់ប្តូរ យ៉េង ពីទីតាំងមួយទៅមួយដើម្បីជីកស្រះទឹកធំៗ។
នៅពេលដែលកងទ័ពរណសិរ្សរំដោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាម បានចូលវាយផ្តួលរំលំរបបខ្មែរក្រហម នៅដើមឆ្នាំ១៩៧៩ យ៉េង បានរត់ភៀសខ្លួនចូលទៅក្នុងព្រៃជាមួយយោធាខ្មែរក្រហម និងបន្តគេចខ្លួនរហូតទៅដល់តំបន់អន្លង់វែង។ យ៉េង រស់នៅទីនោះមានការលំបាកខ្លាំងទើបមានគំនិតចង់រត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែមិនទាន់រត់ទៅផងក៏មានបុរសម្នាក់ឈ្មោះ វី រត់ទៅមុន ហើយត្រូវគេចាប់បាន រួចយកទៅបាញ់សម្លាប់ចោលនៅចំពោះមុខ យ៉េង ដើម្បីគំរាមកំហែងដល់គាត់ និងអ្នកដទៃទៀត។ អ្នកដែលបានបាញ់សម្លាប់ វី នៅពេលនោះ ឈ្មោះ ជឿន គឺជានិរសាររបស់ឆោម។ នៅតំបន់អន្លង់វែង យ៉េង បានដឹងថា គ្រប់គ្រងដោយ តាម៉ុក ដែលជាអតីតកម្មាភិបាលធ្លាប់គ្រប់គ្រងភូមិភាគនិរតី។ នៅអន្លង់វែង យ៉េង ត្រូវបានចាត់តាំងឱ្យនៅក្នុងកងពិការ ដោយមានភារកិច្ចដាំបាយ និងចម្អិនអាហារឱ្យអ្នកពិការដៃ ពិការជើង និងខ្វាក់ភ្នែក ប្រមាណ ១២០នាក់។ នៅទីនោះ យ៉េង ធ្លាប់ឃើញ តាម៉ុក តែពីចម្ងាយប៉ុណ្ណោះ ព្រោះ តាម៉ុក តែងតែរវល់បង្ហាត់បង្រៀនយោធាខ្មែរក្រហម និងកម្មាភិបាលផ្សេងៗទៀតដែលរត់គេចខ្លួនមកតាមគាត់។ យ៉េង ឃើញថា តាម៉ុក មានកងការពារជាច្រើននាក់នៅជាមួយ។ នៅ អន្លង់វែង ក៏មានកងសេដ្ឋកិច្ចមួយក្រុមមានសមាជិកប្រមាណ២០នាក់ ជាអ្នកដើរបរបាញ់សត្វ និងរកបន្លែយកមកឱ្យកងអ្នកដាំស្លផងដែរ។
ក្រោយមក ស្ថានភាពរស់នៅទីនោះកាន់តែជួបប្រទះការខ្វះខាតស្បៀងអាហារ និងការលំបាកក្នុងការស្វែងរកអាហារ ព្រមទាំងប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែការប្រយុទ្ធគ្នារវាងកងទ័ពរបស់របបរដ្ឋកម្ពុជា សហការជាមួយកងទ័ពវៀតណាម ប្រយុទ្ធជាមួយយោធាខ្មែរក្រហមដែលនៅសេសសល់។ នៅឆ្នាំ១៩៨០ យ៉េង បានសម្រេចចិត្តចាកចេញពីក្រុមខ្មែរក្រហម ហើយធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ។ យ៉េង បានរៀបការជាមួយប្តីឈ្មោះ គឹម ត្រឹម និងមានកូនស្រីចំនួន ៤នាក់ សព្វថ្ងៃគាត់ជាកសិករ រស់នៅភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត៕
[1] ឯកសារ KPI0039 បទសម្ភាសន៍ជាមួយ អ៊ឹម រី ហៅ យ៉េង (ម្ចាស់ប្រវត្តិរូប) កាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០០៤ នៅភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។
[2] ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍លេខ I01926 របស់សមមិត្ត អ៊ឹម រី ហៅ យ៉េង កើតឆ្នាំកុរ អាយុ២០ឆ្នាំ។ យ៉េង មានគ្រួសារប្រកបរបរធ្វើស្រែចម្ការ និងស្ថិតក្នុងវណ្ណៈកសិករកណ្តាលថ្នាក់ក្រោម នៅមុនរបបខ្មែរក្រហម។ នៅក្នុងរបបខ្មែរក្រហម ក្រោយពីបានចូលរួមជាមួយបដិវត្តន៍មកខ្លួនបានក្លាយជាសមាជិកកងចល័តស្រុក ហើយក្រោយមកបានទៅធ្វើជាគ្រូពេទ្យនៅក្រុងភ្នំពេញនិងបន្តទៅជីកទំនប់ធំ នៅខេត្តបាត់ដំបង។ មូលហេតុនៃការចូលរួមធ្វើបដិវត្តន៍របស់យ៉េង គឺចង់ចូលរួមកសាងប្រទេសជាតិ និងការពារទឹកដី។
អត្ថបទដោយ អេង សុខម៉េង

