ប្រាក់ គន់ ជីវិតឆ្លងកាត់របបខ្មែរក្រហម

(ខេត្តស្វាយរៀង) ប្រាក់ គន់ មានអាយុ ៧២ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គន់ មានឪពុកឈ្មោះ ប្រាក់ ឆេង (ស្លាប់) និងម្តាយឈ្មោះ ភោគ គង់ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ១១នាក់ រួមមាន៖ ប្រាក់ ឈិន, ប្រាក់ ឈឿន (ស្លាប់), ប្រាក់ ឆែម, ប្រាក់ លន់ (ស្លាប់), ប្រាក់ ឈន់, ប្រាក់ ឈី, ប្រាក់ ឆុន, ប្រាក់ ឆាន់, ប្រាក់ ខន (ស្លាប់) និង ប្រាក់ លន។ កាលពីកុមារភាព គន់ រៀនសូត្របានត្រឹមថ្នាក់ទី១ ក្នុងរបបសង្គមរាស្ត្រនិយម។
នៅក្នុងរបបខ្មែរក្រហម គន់ និងគ្រួសាររស់នៅភូមិក្រៅ។ ដោយសារតែរូបរាងរបស់ គន់ នៅសម័យនោះស្គមស្គាំង និងមានមាឌតូច គាត់មិនត្រូវបានចាត់តាំងឱ្យទៅធ្វើការងារក្នុងកងចល័តនោះទេ។ គន់ ត្រូវស្ថិតនៅក្នុងកងកុមារ និងធ្វើការងារស្រាលៗ ដូចជា រើសគួរស្រូវ និងកើបអាចម៍គោជាដើម។ នៅក្នុងកងកុមារ គាត់ត្រូវប្រមូលអាចម៍គោ និងអាចម៍ក្របីនៅពេលព្រឹក ហើយត្រូវយកគោក្របីទៅឱ្យស៊ីស្មៅ។
ចំពោះរបបអាហារវិញ គន់ ទទួលបានដូចក្មេងៗដទៃទៀតដែរ គឺបបរ ២វែក សម្រាប់អាហារ ២ពេល។ នៅពេលនោះ ដោយសារតែការហូបចុកមិនគ្រប់គ្រាន់ គន់ បានលួចបេះដំណាំផ្សេងៗមកហូប ប៉ុន្តែជាសំណាងល្អ ឈ្លបពុំបានឃើញ ទើបគាត់អាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។
នៅពេលរបបខ្មែរក្រហមដួលរលំ គន់ និងគ្រួសារបានត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយអាជ្ញាធរបានចែកដីកសិកម្មសម្រាប់បង្កបង្កើនផល និងចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន គន់ ប្រកបរបរជាកសិករ និងជួយមើលថែចៅៗនៅផ្ទះ ហើយមានបញ្ហាសុខភាព គឺជំងឺក្រពះ ពោះវៀន និងជំងឺសួត៕
អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤

