ឆុង សារិទ្ធ៖ ធ្វើការក្នុងកងកុមារឃុំអង្កាញ់

ឆុង សារិទ្ធ អាយុ៥៦ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារិទ្ធ បានចូលទៅរស់នៅក្នុងកងកុមារ ដើម្បីធ្វើការងារ រែកអាចម៍គោ, ដកស្មៅក្នុងស្រែ និងដេញចាប ហើយបងរបស់គាត់ត្រូវចេញទៅធ្វើការងារឆ្ងាយៗជាមួយក្រុមកងចល័ត។ នៅក្នុងសហករណ៍ សារិទ្ធ មិនបានរៀនសូត្រនោះទេ ព្រោះអង្គការបានលុបបំបាត់សាលារៀន និងឈប់ឲ្យមានការចាយប្រាក់ទាំងអស់។ លើសពីនេះទៅទៀត សារិទ្ធ មានការខ្វះខាត់សម្លៀកបំពាក់យ៉ាងខ្លាំង ហើយការហូបចុកក៏មិនគ្រប់គ្រាន់ដែរ ព្រោះអង្គការផ្ដល់ត្រឹមបបររាវៗឲ្យគាត់ និងប្រជាជនទាំងអស់ហូប។

បន្ទាប់មកនៅពេល សារិទ្ធ មានអាយុច្រើនបន្តិច អង្កកាបានជម្លៀសគាត់ និងកុមារផ្សេងទៀតឲ្យទៅធ្វើការលើកភ្លឺស្រែ និងដេញកណ្ដុរកុំឲ្យស៊ីពោតនៅខាងលិចភ្នំបូរី។ នៅទីនោះ សារិទ្ធ ធ្វើការងាររហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយចូលមក ទើបគាត់ និងកុមារទាំងអស់បានរត់ត្រលប់មកផ្ទះវិញទាំងយប់។ ប៉ុន្តែនៅតាមផ្លូវធ្វើដំណើរ សារិទ្ធ បានជួបម្ដាយឪពុករបស់គាត់នៅត្រពាំងអណ្ដើក ទើបគាត់បានរត់ភៀសខ្លួនជាមួយគ្រួសារទៅទិសខាងជើង។ នៅពេលធ្វើដំណើរ គ្រួសារសារិទ្ធ មានស្បៀងអាហារហូបគ្រប់គ្រាន់ ព្រោះឪពុកម្ដាយរបស់គាត់បានរៀបចំសម្ភារប្រើប្រាស់ និងច្រូតស្រូវក្នុងស្រែមួយចំនួនដើម្បីចម្អិនហូបតាមផ្លូវ។ គ្រួសាររបស់សារិទ្ធ បានធ្វើដំណើរទៅដល់ភ្នំជីសូរ និងស្រម៉រ ទើបត្រលប់មកផ្ទះរបស់ខ្លួនវិញ។

ពេលមកដល់ផ្ទះ ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់សារិទ្ធ ចាប់ផ្ដើមច្រូតស្រូវក្នុងស្រែ និងចែកទិន្នផលគ្នាដើម្បីហូបតាមផ្ទះរៀងខ្លួន និងទុកដាំបន្តទៀត។ មួយឆ្នាំក្រោយមក គ្រួសាររបស់សារិទ្ធ និងប្រជាជននៅក្នុងភូមិចាប់ផ្ដើមដាំបាយហូបឡើងវិញ និងមានអាហារហូបគ្រប់គ្រាន់។

បើទោះបីជារបបខ្មែរក្រហម បានកន្លងផុតទៅជាយូរ សារិទ្ធ នៅតែមានអារម្មណ៍ខឹងជាមួយការគ្រប់គ្រងរបស់កម្មាភិបាលខ្មែរក្រហម ដែលបង្ខំឲ្យគាត់ធ្វើការងារ និងហូបមិនគ្រប់គ្រាន់។ ក្រោយមក នៅពេលដែលមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សារិទ្ធ មានការពេញចិត្តខ្លាំង ព្រោះគាត់ចង់ឲ្យមានការពារកុំឲ្យរបបអាក្រក់មួយនេះវិលត្រលប់មកវិញម្ដងទៀត។ មួយវិញទៀត សារិទ្ធ ចង់រក្សាទុកឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានរៀនសូត្រ។ នៅពេលផ្ដល់បទសម្ភាសន៍ សារិទ្ធ មានអាការៈឈឺធ្មេញ, ឈឺចង្កេះបន្តិចបន្តួច និងធ្លាប់ឈឺក្រពះ។ ដើម្បីព្យាបាលជំងឺ សារិទ្ធ បានទៅទិញថ្នាំពីពេទ្យឯកជនដើម្បីលេប រួមជាមួយការប្រើប្រាស់ថ្នាំខ្មែរមួយចំនួន។

សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin