ខ្ញុំ និងសមាជិក១៥នាក់ ត្រូវស្ទូងស្រូវទំហំដី ២ ទៅ ៣ ហិកតាក្នុងមួយថ្ងៃ

(ខេត្តស្វាយរៀង) ទិត ហាន អាយុ ៧១ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហាន មានឪពុកឈ្មោះ ទិត វ៉ាន់ និងម្តាយឈ្មោះ ប៉ុល ហា ហើយគាត់ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៥ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព ហាន រៀនសូត្របានត្រឹមថ្នាក់ទី១២ ក្នុងរបបសង្គមរាស្ត្រនិយម។ បច្ចុប្បន្ន ហាន ប្រកបរបរជាកសិករនៅស្រុកកំណើត។
ហាន បានរៀបរាប់ថា ក្រោយឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានស្ថិតក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ ហាន បានរំឭកថា នៅពេលនោះ អង្គការបានប្រមូលមាសប្រាក់ លុយកាក់ ទ្រព្យសម្បត្តិ គោក្របី ស្រូវ អង្ករ ចាន ឆ្នាំង និងសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ យកទៅដាក់ជាទ្រព្យរួមរបស់សហករណ៍។
ដំបូង គ្រួសាររបស់ហាន អាចយកអង្ករដែលអង្គការចែកឱ្យមកដាំបាយហូបបាន ប៉ុន្តែក្រោយមក ខ្មែរក្រហមបានរៀបចំឱ្យមានការហូបបាយរួម និងមានរបបអាហារត្រឹមពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយពេលៗ មនុស្សម្នាក់ទទួលបានបាយតែមួយកូនចាន លាយជាមួយសម្លត្រកួន ដើមចេក ល្ហុង និងបន្លែផ្សេងៗ។ ទោះបីជាហូបមិនឆ្អែតក៏ដោយ ក៏ប្រជាជនត្រូវតែស៊ូទ្រាំ។ ហាន ត្រូវបានចាត់តាំងឱ្យទៅជីកប្រឡាយ និងជីកព្រែក។ កម្លាំងការងារត្រូវបានបែងចែកជាក្រុមៗ ដែលក្នុងមួយក្រុមមានសមាជិកប្រមាណ ១៥ នាក់។ ចំណែកនៅរដូវវស្សាវិញ ហាន និងសមាជិកក្រុមត្រូវបានចាត់តាំងឱ្យទៅស្ទូងស្រូវទំហំពី ២ ទៅ ៣ ហិកតាក្នុងមួយថ្ងៃ។ ពេលខ្លះ បើការងារមិនទាន់រួចរាល់ ត្រូវបន្តធ្វើរហូតដល់យប់ និងសម្រាកនៅជិតកន្លែងធ្វើការ ដើម្បីបន្តការងារនៅថ្ងៃបន្ទាប់។ ជារៀងរាល់ព្រឹក កងឈ្លបតែងតែផ្លុំកញ្ចែដាស់ប្រជាជនឱ្យក្រោកពីព្រលឹម ហើយបែងចែកការងារតាមផែនការប្រចាំថ្ងៃ។ នៅរដូវប្រមូលផល ហាន និងសមាជិកកងចល័តត្រូវធ្វើការងារជាក្រុមដូចគ្នា ហើយបន្ទាប់ពីច្រូតស្រូវរួច ត្រូវប្រមូលស្រូវ និងដឹកជញ្ជូនយកទៅរក្សាទុកនៅក្នុងឃ្លាំងរួមរបស់អង្គការ។
ក្នុងរបបខ្មែរក្រហម ហាន ធ្លាប់មានជំងឺ និងទទួលបានការព្យាបាល ប៉ុន្តែមិនមានថ្នាំដែលមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលឡើយ។ ចំពោះការកាប់សម្លាប់មនុស្សវិញ ហាន មិនធ្លាប់ឃើញដោយផ្ទាល់ទេ ប៉ុន្តែបានដឹងថាប្រជាជនដែលត្រូវបានអង្គការចាប់ខ្លួនដោយសារកំហុសតិចតួច មិនដែលវិលត្រឡប់មកវិញឡើយ។ ជាក់ស្តែង ពូ និងអ៊ំប្រុសរបស់ហាន ក៏ត្រូវបានអង្គការចាប់ខ្លួន ហើយបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ ហាន បានរៀបរាប់ថា នៅពេលបាត់បង់សាច់ញាតិ សមាជិកគ្រួសារទាំងអស់មានទុក្ខសោកយ៉ាងខ្លាំង ប៉ុន្តែមិនហ៊ានបង្ហាញអារម្មណ៍ចំពោះមុខអង្គការឡើយ។
នៅដើមឆ្នាំ១៩៧៩ ហាន និងសមាជិកគ្រួសារត្រូវបានបង្ខំឱ្យជម្លៀសជាមួយប្រជាជនដទៃទៀត។ ពួកគេបានធ្វើដំណើរឆ្លងកាត់តំបន់អ្នកលឿង និងតំបន់ជាច្រើនទៀត។ អំឡុងពេលធ្វើដំណើរ ហាន និងប្រជាជនបានឮដំណឹងថា ប្រទេសកម្ពុជាត្រូវបានរំដោះហើយ ហើយប្រជាជនអាចត្រឡប់ទៅស្រុកកំណើតវិញ។ ហាន បានវិលត្រឡប់ទៅស្រុកកំណើត និងចាប់ផ្តើមប្រកបរបរកសិកម្ម ដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន ហាន មានជំងឺប្រចាំកាយមួយចំនួន រួមមានជំងឺរបេង និងអាការហត់ពិបាកដកដង្ហើមជាញឹកញាប់៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

