អង្គការកំណត់ឱ្យក្រុមខ្ញុំស្ទូងស្រូវឱ្យបានដីស្រែទំហំ ១ហិកតា ក្នុង១ថ្ងៃ

(ខេត្តស្វាយរៀង) កុយ ធី អាយុ ៦៤ ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ធី មានឪពុកឈ្មោះ កុយ ហ៊ាង និងម្តាយឈ្មោះ ឡាយ ឡូ ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៧ នាក់ ក្នុងនោះស្រី ៣ នាក់។ កាលពីកុមារភាព ធី បានរៀនសូត្របានត្រឹមថ្នាក់ទី៣ ក្នុងរបបសង្គមរាស្រ្តនិយម។
ធី បានរៀបរាប់ថា នៅឆ្នាំ១៩៧០ បន្ទាប់ពីឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីតំណែងបានធ្វើឱ្យប្រទេសកម្ពុជាជួបប្រទះសង្គ្រាម និងភាពវឹកវរយ៉ាងខ្លាំង។ ជារៀងរាល់ថ្ងៃ ធី និងសមាជិកគ្រួសារត្រូវរត់ទៅពួនក្នុងរណ្តៅត្រង់សេ និងតាមដីដំបូកដើម្បីគេចពីការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែក។ នៅពេលព្រឹកទើបអាចត្រឡប់មកផ្ទះវិញបាន ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវរត់គេចម្តងទៀត។
ធី បានរំឭកថាការហូបចុកក្នុងសម័យ លន់ នល់ មិនសូវមានបញ្ហាខ្វះខាតនោះទេ ប៉ុន្តែការរត់គេចសង្គ្រាមគឺជាទុក្ខលំបាកបំផុត។ ផ្ទះរបស់ធី ត្រូវបានគ្រាប់បែកទម្លាក់ចំឆេះខ្ទេចគ្មានសល់។ ធី ជឿថាប្រសិនបើមិនបានរត់ទៅពួនក្នុងរណ្តៅត្រង់សេទាន់ពេលវេលាទេ ប្រហែលជាគាត់ និងសមាជិកគ្រួសារអាចបាត់បង់ជីវិតទាំងអស់គ្នា។ ក្រោយពីរបប លន់ នល់ ដួលរលំ នៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។ ធី បានរៀបរាប់ថា អង្គការបានប្រមូលមាសប្រាក់ លុយកាក់ សត្វពាហនៈ ស្រូវ អង្ករ និងសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ ដាក់ជាទ្រព្យរួមរបស់សហករណ៍។ ប្រសិនបើអង្គការដឹងថាប្រជាជនណាលាក់ទុកទ្រព្យសម្បត្តិអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ឬសម្លាប់ចោល។
ធី ឈ្លបតម្រូវឱ្យចូលទៅក្នុងកងចល័តនារីឃុំ។ ការងាររបស់ធី ត្រូវដកសំណាប និងស្ទូងស្រូវ។ ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៣ ទៀបភ្លឺ ធី និងសមាជិកកងចល័តនារីត្រូវក្រោកទៅដកសំណាប ហើយដឹកជញ្ជូនទៅកាន់ទីតាំងស្រែដែលត្រូវស្ទូង។ ក្រុមស្ទូងរបស់ធី ដែលមានសមាជិកចំនួន ២៥ នាក់ ហើយអង្គការកំណត់ឱ្យស្ទូងស្រូវឱ្យបាន ទំហំ ១ ហិកតា ក្នុង១ថ្ងៃ។
ក្រៅពីការងារស្ទូងស្រូវ ធី ក៏ត្រូវបានចាត់តាំងឱ្យទៅជីកប្រឡាយ និងជញ្ជូនអាចម៍ដីសម្រាប់កសាងទំនប់ និងផ្លូវ។ ធី បានរៀបរាប់ថាប្រឡាយទឹកខ្លះមានជម្រៅរហូតដល់ទៅ ២ ម៉ែត្រ និងកន្លែងខ្លះជ្រៅជាង ៣ ម៉ែត្រ។ នៅពេលខ្លះ កម្មករត្រូវប្រើខ្សែសម្រាប់ទាញគ្នាឡើងពីក្នុងប្រឡាយ ដោយសារតែមានជម្រៅខ្លាំងពេក។ បន្ទាប់មក ធី ត្រូវបានចាត់តាំងឱ្យទៅលើកប្រព័ន្ធភ្លឺស្រែ។ ក្នុងម្នាក់ៗ ត្រូវទទួលខុសត្រូវលើកឱ្យបានប្រវែង ៣ ម៉ែត្រ ហើយបន្ទាប់ពីធ្វើចប់ ត្រូវបន្តការងារផ្សេងបន្ថែមទៀត។ ភ្លឺស្រែមានទំហំធំ និងត្រូវការកម្លាំងពលកម្មខ្លាំង។ ធី បានរំឭកថាក្នុងពេលលើកភ្លឺស្រែ គាត់បានមុតជើងនឹងផ្លែចប ហើយស្នាមរបួសនោះបានបន្សល់ទុករហូតដល់សព្វថ្ងៃ។
នៅរដូវប្រមូលផលគាត់ត្រូវចេញទៅច្រូតស្រូវតាមផែនការរបស់អង្គការ។ បន្ទាប់ពីច្រូតរួច ត្រូវទៅបោកស្រូវ និងដឹកជញ្ជូនស្រូវទៅទុកក្នុងឃ្លាំងសហករណ៍។ ក្រោយមក ធី ត្រូវបានបញ្ជូនឱ្យទៅជីកប្រឡាយនៅតំបន់ក្បាលហុង។ ចំពោះរបបអាហារវិញ ធី បានរៀបរាប់ថា នៅសហករណ៍ ប្រជាជនទទួលបានអាហារតែ ២ពេលក្នុង ១ថ្ងៃ។ ក្នុង១ពេល ទទួលបានបបរ ១កូនចាន និងសម្លដើមចេក ត្រកួន ឬត្រកៀត។ សម្លភាគច្រើនមានតែទឹក និងគ្មានសាច់ឡើយ។ ការហូបចុកពុំដែលបានឆ្អែតនោះទេ។ ធី ក៏បានរំឭកពីការរៀបការក្នុងរបបខ្មែរក្រហមផងដែរ។ អង្គការរៀបចំពិធីមង្គលការជាក្រុមៗ មានគូស្វាមីភរិយាជាច្រើនគូត្រូវរៀបការក្នុងពេលតែមួយ។ គូស្វាមីភរិយាត្រូវឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការថា នឹងស្រឡាញ់គ្នាអស់មួយជីវិត និងស្មោះស្ម័គ្របម្រើអង្គការ។ ពិធីនេះពុំមានអាចារ្យ មេបា ភ្លេងការ ឬការទទួលភ្ញៀវតាមប្រពៃណីឡើយ។
នៅចុងរបបខ្មែរក្រហម ធី បានរត់គេចជាមួយក្រុមគ្រួសារ និងបានទៅដល់តំបន់ទួលល្ហុងក៏បានជួបជាមួយកងកម្លាំងរណសិរ្ស និងកងទ័ពវៀតណាមដែលប្រាប់ថា ប្រទេសកម្ពុជាត្រូវបានរំដោះហើយ ព្រមទាំងបានអំពាវនាវឱ្យប្រជាជនវិលត្រឡប់ទៅស្រុកកំណើតវិញ។ ក្រោយមក ធី បានមករស់នៅភូមិអង្គឫស្សី និងចាប់ផ្តើមប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។ បច្ចុប្បន្ន ធី រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានជំងឺប្រចាំកាយដូចជាជំងឺក្រពះ ពោះវៀន ឈឺសន្លាក់ជង្គង់ និងមានបញ្ហាភ្នែក៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

