រៀបការនៅក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ប្រឹង សាវ៉ាត មានអាយុ ៦៧ ឆ្នាំ និងមានស្រុកកំណើត និងរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់សាវ៉ាតឈ្មោះ ប្រឹង ផៃ និងម្តាយឈ្មោះ ទេព ទឹម ហើយគាត់ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨ នាក់។ កាលពីកុមារភាព សាវ៉ាត រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្ម។
រឿងរ៉ាវដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការបានបំបែកគាត់ពីសមាជិកគ្រួសារ។ សាវ៉ាត ត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងកងចល័ត ដោយបែកចេញពីឪពុកម្តាយ និងបងប្អូន។ នៅពេលរស់នៅក្នុងកងចល័តបានរយៈពេលប្រមាណមួយឆ្នាំ គាត់ត្រូវបានអង្គការរៀបការឱ្យមានគ្រួសារ។ ក្រោយពេលរៀបការរួច សាវ៉ាត និងស្វាមី ត្រូវបានបំបែកឱ្យទៅរស់នៅដាច់ដោយឡែកពីគ្នា។ សាវ៉ាត ត្រូវបានជម្លៀសឱ្យទៅរស់នៅភូមិអារក្សស្វាយ ខណៈដែលស្វាមីត្រូវបានជម្លៀសឱ្យទៅរស់នៅឃុំអណ្ដូងពោធិ៍។ នៅចុងឆ្នាំ១៩៧៨ ពេលស្ថានការណ៍ក្នុងប្រទេសកំពុងមានភាពវឹកវរ ស្វាមីរបស់គាត់បានរត់គេចខ្លួនចេញពីការដ្ឋានការងារ ហើយក្រោយមកបានស្លាប់នៅតំបន់ផ្ទះគំរូ។ សាវ៉ាត មានឱកាសអាចយកសាកសពប្តី ទៅបូជា និងបានយកអដ្ឋិធាតុមកតម្កល់ទុកនៅស្រុកកំណើត។
ក្នុងឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ សាវ៉ាត បានត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយបច្ចុប្បន្ន សាវ៉ាត ជាកសិករ និងមានជំងឺប្រចាំកាយគឺ ជំងឺក្រពះពោះវៀន ជំងឺលើសសម្ពាធឈាម និងមានជំងឺឈឺសន្លាក់៕
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

