ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំពីមួយកន្លែងទៅមួយកន្លែង

កុយ សុផាត មានអាយុ ៦០ ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ សុផាតមានឪពុកឈ្មោះ កុយ ឆាន់ និងម្តាយឈ្មោះ កុយ ញាតិ ហើយគាត់ជាកូនទី២ ក្នុងគ្រួសារ ដែលមានបងប្អូនសរុបចំនួន ៤ នាក់។

រឿងរ៉ាវដែល សុផាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការជម្លៀសគាត់ និងគ្រួសារដោយបង្ខំពីស្រុកកំណើតរហូតដល់ តំបន់ខ្លាខាំ និងចុងក្រោយទៅដល់ស្រុកមេសាង ស្ថិតក្នុងខេត្តព្រៃវែង។ សុផាត បានរំឭកថានៅពេលក្រុមគ្រួសារគាត់រៀបចំកន្លែងសម្រាប់ស្នាក់នៅនៅពេលយប់ ឈ្លបបែរជាបញ្ជាឱ្យប្រមូលអីវ៉ាន់ដើម្បីបន្តដំណើរទៅមុខទៀត។ នៅពេលត្រូវអង្គការឱ្យបន្តដំណើរ ប្រជាជន និងគ្រួសាររបស់សុផាត គ្មានឱកាសសូម្បីតែដំាបាយហូបគឺត្រូវបង្ខំចិត្តលីសែងសម្ភារដើម្បីធ្វើដំណើរបន្តតាំងយប់។ ទោះបីមានកុមារយំដោយសារភាពអត់ឃ្លាន ក៏អង្គការមិនអនុញ្ញាតឱ្យឈប់សម្រាកដើម្បីចម្អិនអាហារហូបដែរ។ ដោយសារភាពអត់ឃ្លាន និងអស់កម្លាំង សុផាត​ បានស្នើសុំឱ្យឈប់សម្រាកដើម្បីដាំ បាយហូប ប៉ុន្តែការស្នើសុំនោះមិនត្រូវបានអនុញ្ញាតឡើយ។ រាល់ពេលជម្លៀសម្តងៗគ្រួសារសុផាត មិនទទួលបានការបញ្ជាក់ថាត្រូវធ្វើដំណើរទៅ គោលដៅណាមួយឡើយ ដោយគ្រាន់តែខ្មែរក្រហមបញ្ជាឱ្យបន្តដំណើរទៅមុខប៉ុណ្ណោះ។ នៅពេលទៅដល់​ទីតាំងមួយ សមាជិកគ្រួសារសុផាត ត្រូវបំបែកឱ្យរស់នៅផ្សេងៗពីគ្នា។ ការងាររបស់សុផាត ត្រូវកាប់ឆ្ការព្រៃ រែកជី ប្រមូលអាចម៍គោ និងលាមកមនុស្សដើម្បីយកទៅធ្វើជី​សម្រាប់ដាក់ស្រែ​។ ក្រៅពីការងារទាំងនោះគាត់ត្រូវទៅបុកជីឱ្យម៉ត់ និងរែកយកទៅទុក។ គ្រាប់ប្រជាជនត្រូវបានវាយតម្លៃពីលទ្ធផលការងារ ហើយអ្នកដែលធ្វើការមិនបានល្អត្រូវទទួលការគំរាមកំហែង ឬត្រូវយកទៅសម្លាប់ចោល។ សុផាត ធ្លាប់ឃើញប្រជាជនដែលធ្វើការមិនគ្រប់តាមផែនការត្រូវអង្គការនាំយកចេញពីការដ្ឋាន។ សុផាត បានឮពីអ្នកស្គាល់ប្រាប់ថាជនរងគ្រោះត្រូវបានវាយសម្លាប់ ហើយយកទៅទម្លាក់ចូលក្នុងរណ្តៅដែលបានរៀបចំទុកជាស្រេច។ ចំពោះការធ្វើទារុណកម្ម គាត់បានឃើញជនរងគ្រោះមួយចំនួនត្រូវបានចាប់ចង វាយដំ និងដាក់ទណ្ឌកម្មផ្សេងៗ ដោយគ្មានសាច់ញាតិណាហ៊ានជួយ ឬហ៊ានសួរនាំអង្គការឡើយ។

ក្រោយរបបខ្មែរក្រហមដួលរលំ សុផាត បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយដូចជា ស្រវាំងភ្នែក វិលមុខ ឈឺក្បា​ល ឈឺសន្លាក់ដៃជើង និងជំងឺលើសសម្ពាធឈាម៕

សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin